Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ផ្លូវបេតុងតាមបណ្តាភូមិក្នុងស្រុកទឹកឈូបានលេចចេញជារួបរាងបណ្តើរៗធ្វើឱ្យពលរដ្ឋមានក្តីសប្បាយរីករាយ

អ្នកធ្វើដំណើរឆ្លងកាត់ និងពលរដ្ឋរស់នៅភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត បានបង្ហាញក្តីសប្បាយរីករាយ និងត្រេកអរយ៉ាងខ្លាំងពេលឃើញផ្លូវមុខផ្ទះរបស់ខ្លួនត្រូវបានស្ថាបនាជាផ្លូវបេតុងរួចរាល់ និងកន្លែងផ្សេងទៀតកំពុងពន្លឿនការស្ថាបនាបន្ត។ ពួកគេបានបញ្ជាក់ថា ផ្លូវនេះពីមុនជាផ្លូវលំ ហើយក្រោយៗមកទៀត ធ្វើជាផ្លូវក្រាលក្រួសក្រហម  ខែប្រាំងមានសភាពហុយ ខែវស្សាបែកភក់ រអិល ពិបាកក្នុងការធ្វើដំណើរ ពិសេសក្មេងៗសិស្សសាលាមិនសូវមានសម្លៀកបំពាក់ស្អាតបាតសមរម្យនោះទេ។ តែបច្ចុប្បន្ននេះ បានអាជ្ញាធរបានកែប្រែផ្លូវនេះពីគ្រួសក្រហមមកជាផ្លូវបេតុង លែងមានការលំបាកទៀតហើយ ការធ្វើដំណើរ និងការលក់ដូររកស៊ីប្រចាំថ្ងៃកាន់តែមានភាពល្អប្រសើ ពិសេសអាចទាក់ទាញទេចរមកលេងភ្នំឈ្ងោក និងភ្នំសិដាឱន(ភ្នំក្បាលរមាស)កាន់តែច្រើន។ ពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត មន្ត្រីជំនាញ ពិសេសអាជ្ញាធរស្រុកទឹកឈូ ដែលតែងតែយកចិត្តទុកដាក់អំពីសុខទុក្ខ និងបានផ្តល់ផ្លូវល្អសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ។

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត លោក ហ៊ សូរិន បានប្រាប់ឱ្យដឹងថា ផ្លូវតភ្ជាប់ពីក្បាលរមាសទៅចក្រីទីង មានប្រវែង ១១,៣៤៥ម៉ែត្រ ទទួលស្ថាបនាដោយក្រុមហ៊ុនបន្ទាយស្រី។ ផ្លូវនេះធ្វើពីបេតុង ដោយចេញពីក្បាលរមាសមានប្រវែង ៦,២៤៣ម៉ែត្រ និងផ្លូវកៅស៊ូ DBST = ៥,១០២ម៉ែត្រ។ បច្ចុប្បន្នលទ្ធផលនៃការសាងសង់សម្រេចបានរង្វង់៤២%ហើយ  ដោយក្រុមការងារកំពុងសម្រុកធ្វើកំណាត់ផ្លូវបេតុងឱ្យជាហើយមុនសិន។

អភិបាលស្រុកទឹកឈូ លោក អ៊ឹម ច័ន្ទសោធន បានបញ្ជាក់ថា ផ្លូវមួយខ្សែនេះមានសារៈសំខាន់ណាស់ សម្រាប់បម្រើឱ្យការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់បងប្អូនប្រជាពលរដ្ឋផង និងជាផ្លូវតភ្ជាប់តំបន់ទេសចរណ៍របស់ស្រុកទឹកឈូផង។ លោកក៏បានថ្លែងអំណរគុណដល់គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជបនីយកម្មកសិកម្ម ដែលហៅកាត់ថា សម្បត្តិ (SAAMBAT) ក្នុងការបានផ្តល់ផ្លូវ១ខ្សែនេះ រួមជាមួយផ្លូវជាច្រើនខ្សែទៀតនៅក្នុងស្រុកទឹកឈូទាំងមូល ដែលជួយជំរុញដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក៏ដូចជាលើកកម្ពស់ដល់វិស័យទេចរណ៍របស់ស្រុក ក៏ដូចជាខេត្តកំពតផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



















Post a Comment

0 Comments