អ្នកសង្កេតការណ៍មកពីសហភាពសហព័ន្ធយុវជនកម្ពុជា និងគណបក្សប្រជាជនកម្ពុជា បានបង្ហាញការមើលឃើញរបស់ខ្លួនថា តាមការពិនិត្យជាក់ស្តែង ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤នៅខេត្តកំពត បានប្រព្រឹត្តិទៅមានលក្ខណៈល្អប្រសើរ ទាំងមុនពេល កំឡុងពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ពោលគឺគោរពតាមគោលការណ៍ប្រជាធិបតេយ្យបានល្អ។ អ្នកសង្កេតការណ៍យល់ថា ការបោះឆ្នោតក្រុមប្រឹក្សានេះ ពិតជាមានតម្លាភាព ត្រឹមត្រូវ យុត្តិធម៌ និងរក្សាការសម្ងាត់ គ្មានការបង្ខិតបង្ខំ ឬកំរាមគំហែងណាមួយនោះឡើយ។
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តកំពត លោក អ៊ុង វិសាល បានបញ្ជាក់ថា ការបោះឆ្នោតលើកនេះកាន់តែមានភាពល្អប្រសើរ ដោយសារមន្ត្រី គ.ជ.ប បានខិតខំ និងធ្វើការផ្សព្វផ្សាយបានទូលំទូលាយ ធ្វើឱ្យសាធារណៈជន គណបក្សនយោបាយ និងអង្គបោះឆ្នោតទាំងអស់បានយល់ច្បាស់ និងចូលរួមការបោះឆ្នោតបានរូសរាន់ទាន់ពេលវេលា និងឆាប់ហ័ស។ លោកបានបញ្ជាក់ថា គិតត្រឹមម៉ោង ១០ព្រឹក គ.ខ.ប ទទួលបានរបាយការណ៍ ពីការរាប់សន្លឹកឆ្នោតចំនួន២ការិយាល័យប៉ុណ្ណោះ ហើយចំពោះស្ថានភាពទូទៅមានភាពល្អប្រសើ គ្មានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សំគាល់នោះឡើង ខណៈដែលសន្តិសុខសណ្តាប់ធ្នាប់មានភាពល្អប្រសើ ចំណែកឯពាក្យបណ្តឹងផ្សេងៗក៏គ្មានដែរ។សូមបញ្ជាក់ថា ខេត្តកំពតមានការិយាល័យបោះឆ្នោតចំនួន ៩ការិយាល័យ លេខកូដមណ្ឌលខេត្ត ០៧ អង្គបោះឆ្នោតនៅទូទាំងខេត្តកំពតមានចំនួន ៥៦១នាក់ ចំនួនសមាជិកក្រុមប្រឹក្សាខេត្ត ២៥នាក់ សមាជិក្រុមប្រឹក្សាក្រុង-ស្រុក ១៥៩នាក់ មាន ៩៣ឃុំ-សង្កាត់។ ខេត្តកំពតមាន៥ គណបក្សនយោបាយចូលរួមក្នុងការប្រកួតប្រជែង ១-គណបក្សប្រជាជនកម្ពុជា, ២-គណបក្សកម្លាំងជាតិ, ៣-គណបក្សខ្មែររួបរួមជាតិ, ៤-គណបក្សហ៊្វុនស៊ីនប៉ិច, ៥-គណបក្សឆន្ទៈខ្មែរ អ្នកសង្កេតការណ៍មកពីគណបក្សនយោបាយពេញសិទ្ធិចំនួន ១៣នាក់ ស្រី ២នាក់, បម្រុងចំនួន ១២នាក់ ស្រី ១នាក់ អ្នកសង្កេតការណ៍ជាតិ សមាគម អង្គការ មានចំនួន ៧៤នាក់៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments