Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ បន្តបម្រើសេវានិងអភិវឌ្ឍន៍មូលដ្ឋានឱ្យមានប្រសិទ្ធភាពខ្ពស់

ថ្លែងក្នុងពិធីបិទកិច្ចប្រជុំប្រចាំឆ្នាំរបស់សមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តកំពត ដែលធ្វើឡើងនៅសាលសន្និសីទបូកគោ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា លោកអភិបាលខេត្តបានគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមទ្ធិផលការងាររបស់សមគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តកំពតនាពេលកន្លងមក។ ឯកឧត្តមបានធ្វើការកត់សំគាល់ថា គ្រប់មូលដ្ឋានមានភាពល្អប្រសើ ពលរដ្ឋមានភាពកក់ក្តៅពោពេញដោយស្នាមញញឹមពេញចិត្តទទួលយកផលប្រយោជន៍ដែលកើតចេញអំពីកត្តាសុខសន្តិភាព។

លោកអភិបាលក៏បានណែនាំដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ សូមបន្តផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍន៍មូលដ្ឋាន ជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងបរិយាបណ្ណ។ ត្រូវផ្សព្វផ្សាយឱ្យបានធំទូលាយ និងចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ត្រូវចូលរួមអនុវត្តគោលយោបាយ និងនូវកម្មវិធីការងារនានារបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ ពិសេសជួយសាបព្រួសនូវវប្បធម៌កតញ្ញូនៅក្នុងមូលដ្ឋាន។

នៅក្នុងឱកាសនោះដែរ លោក សយ កុសល ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ក៏បានស្នើដល់សមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តកំពត សូមពិនិត្យ និងអនុវត្តតាមផែនការយុទ្ធសាស្ត្រទាំង៧របស់សមាគម បន្តតាមដានពិនិត្យមើលសមាជិកថា តើគាត់បានគោរពសមស្របតាមភារកិច្ច និងតួនាទីរបស់ខ្លួនហើយឬនៅ រកឱ្យឃើញថាតើសមាជិកត្រូវការអ្វីឱ្យពិតប្រាកដ ត្រូវចូលរួមដោះស្រាយបញ្ហាប្រឈមនៅចំពោះមុខ បើដោះមិនរួចត្រូវបញ្ជូនទៅថ្នាក់ជាតិ  ត្រូវបង្កើតការស្រឡាញ់ចំពោះភារកិច្ចដែលខ្លួនកំពុងធ្វើ ស្រឡាញ់ការងារ ពេញចិត្តនឹងសមទ្ធិផលដែលខ្លួនកំពុងទទួលបាន។

ជាមួយគ្នានេះដែរ លោក ស៊ីវ យុត ប្រធានសមាគមក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ (សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពត) បានបញ្ជាក់ថា ការបង្កើតសមាគមនេះឡើងក្នុងគោលបំណង លើកកម្ពស់ឋានៈ និងអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក កសាងភាពជាដៃគូជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជំរុញការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

សមាគមមានទិសដៅ ពង្រឹងស្ថាប័នសមាគម ដែលជាយន្តការតំណាងឱ្យក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ខេត្តកំពត ឱ្យមានសមត្ថភាពជំនាញ និងវិជ្ជាជីវៈ ដើម្បីធ្វើសកម្មភាពបម្រើផលប្រយោជន៍សមាជិក ពង្រឹងចីរភាពហិរញ្ញវត្ថុរបស់សមាគម តាមរយៈយន្តការ និងនីតិវិធីដែលធានាដល់ចីរភាពហិរញ្ញវត្ថុ ហើយមិនប៉ះពាល់ឯករាជ្យភាពរបស់សមាគម អភិវឌ្ឍសមត្ថភាពសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ តាមរយៈការបណ្តុះបណ្តាល និងការចែករំលែកបទពិសោធន៍ពីគ្នាទៅវិញទៅមក ការទំនាក់ទំនង និងសម្របសម្រួលលើរាល់បញ្ហា និងតម្រូវការរួមរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ជាមួយអង្គការជាតិ អន្តរជាតិ មន្ទីរ ក្រសួង និងស្ថាប័នពាក់ព័ន្ធ ការលើកកម្ពស់សមធម៌យេនឌ័រនៅក្នុងគោលនយោបាយជាតិ ដោយ ជំរុញឱ្យមានការចូលរួមរបស់ស្រ្តីនៅក្នុងក្រុមប្រឹក្សា និងនៅក្នុងសមាគម ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន និងគិតគូពីការប្រែប្រួលអាកាសធាតុ ដោយមានការចូលរួមរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ដែលជាសមាជិក៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង















Post a Comment

0 Comments