នៅក្នុងកិច្ចប្រជុំ ស្តីពីការងារសំអាតអនាម័យ បរិស្ថាន ការទុកដាក់សំរាម និងការផ្សព្វផ្សាយអនុក្រឹត្យ១១៣ អនក្របក ស្តីអំពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជន ដែលធ្វើឡើងនៅឃុំម៉ាក់ប្រាង ស្រុកទឺកឈូ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ លោក គឹម ប៊ុនថន អនុប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានលើកឡើងថា បណ្តុំតំបន់ទេសចរណ៍ទឹកឈូជាតំបន់ប៉ូលទេសចរណ៍ដ៏ទាក់ទាញបំផុតរបស់ខេត្តកំពត ក្នុងចំណោមប៉ូលទេសចរណ៍ទាំងបួន។ តំបន់នេះមានកន្លែងផ្តល់សេវាទេសចរណ៍នានាជាង ៥០កន្លែង។ ប៉ុន្តែកន្លងមកការទុកដាក់សំរាម និងការប្រមូលសំរាមមិនទាន់បានល្អទេ ពិសេសទីប្រជុំជន ព្រោះមិនទាន់មានសេវាប្រមូលសំរាម។
ជាមួយគ្នានេះដែរ អភិបាលរងស្រុកទឹកឈូ លោក មូល សុធា បានបញ្ជាក់ថា ដើម្បីលើកកម្ពស់អនាម័យបរិស្ថាន លើកកម្ពស់តំបន់ទេសចរណ៍ឱ្យកាន់តែមានភាពទាក់ទាញ អាជ្ញាធរបានសំណូមពរដល់ក្រុមហ៊ុនប្រមូលសំរាម ពង្រីកសេវារបស់ខ្លួនទៅដល់ឃុំចំនួន៦ នៅក្នុងស្រុកទឹកឈូ ហើយជំហ៊ានដំបូងការប្រមូលសំរាម មិនបានយកថ្លៃសេវានោះទេ។ ប៉ុន្តែចាប់ពីពេលនេះទៅ សូមអាជ្ញាធរមូលដា្ឋនត្រូវបន្តផ្សព្វផ្សាយអនុក្រឹត្រ១១៣ ស្តីអំពីការគ្រប់គ្រងសំរាម សំណល់រឹង ទីប្រជុំជនបន្ត ពិសេសចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ ទី២ ប្រជាពលរដ្ឋត្រូវចូលរួមវេចខ្ចប់ទុកដាក់សំរាមរបស់ខ្លួនឲ្យបានល្អ ហើយយកមកទាក់នៅកន្លែងណាដែលរថយន្តប្រមូលសំរាមអាចចូលយកបាន និងទី៣ត្រូវចូលរួមបង់សេវាប្រមូលសំរាម (១២០០០រៀនក្នុង១ខែសម្រាប់១ខ្នងផ្ទះ) ហើយក្នុងករណីគ្មានលទ្ធភាពបង់ ត្រូវស្នើសុំមកក្រុមហ៊ុន ឬអាជ្ញាធរជួយសម្របសម្រួល។
ទន្ទឹមនឹងនោះដែរ លោក សួន សុភក្ត្រ នាយកក្រុមហ៊ុន កំពតហ្គ្រីន ការបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់រមណីយដ្ឋានទឹកឈូ ឃុំម៉ាក់ប្រាង ចូលរួមទុកដាក់សំរាមអោយបានត្រឹមត្រូវ និងចូលរួមប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនឱ្យបានគ្រប់គ្នា ដើម្បីភូមិឋានយើស្អាត មានសោភណ្ឌភាព និងសុខភាពល្អ។
ទឺកឈូជាស្រុកដំបូងគេ បានដាក់ឱ្យដំណើរការ ការ ប្រឡងប្រណាំងភូមិឋានស្អាត ទាំង៥៥ភូមិ និងការប្រឡងប្រណាំងសាលារៀនគំរូ អនាម័យបរិស្ថាន ទាំង៤៥សាលាបឋមសិក្សាក្នុងស្រុកផងដែរ ក្រោមពាក្យស្លោក “បរិស្ថានស្អាត សាលារៀន គំរូ គឺផ្តើមចេញពីពួកយើង គ្រប់យ៉ាងដើម្បី “ទឹកឈូ ផ្ទះ យើង” ដែលការប្រកាសលទ្ធផលវាយតម្លៃ និង ធ្វើឡើងនៅអំឡុងខែមិថុនាឆ្នាំ២០២៤ខាងមុខ៕
អត្ថបទ និងរូបភាពៈ មន្ទីរព័ត៌មានខេត្តកំពត
0 Comments