Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

មន្ត្រីជំនាញស្នើដល់គ្រប់ភាគីយកចិត្តទុកដាក់លើការងារគ្រប់គ្រងនិងប្រើប្រាស់ទឹក ខណៈប្រឈមនឹងកង្វះទឹក

មន្ត្រីជំនាញធនធានទឹកខេត្តកំពត បានលើកឡើងថា រដូវប្រាំងឆ្នាំនេះអូសបន្លាយយូត សីតុណ្ហភាពក្តៅហួតហែង ដំណាំស្រូវរាប់រយហិកតានៅស្រុកចំនួនបីកំពុងត្រូវការទឹកស្រោចស្រពជាចាំបាច់ដើម្បីសង្គ្រោះ។មន្ត្រីជំនាញស្នើសូមប្រជាពលរដ្ឋ សហគមន៍ និងអាជ្ញាធរបង្កើនការយកចិត្តទុកដាក់លើកការងារគ្រប់គ្រង និងប្រើប្រាស់ទឹកឲ្យបានល្អ ហើយគួរផ្អាកការធ្វើស្រូវប្រាំងលើកទី ២ ដើម្បីរក្សាទឹកទុកប្រើប្រាស់ប្រចាំថ្ងៃ និងចិញ្ចឹមស្អាត។

ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត លោក ចាន់ វណ្ណា បានប្រាប់ឲ្យដឹងថា ភូមិសាស្ត្រខេត្តកំពតមានមានសត្តានុពល អំណោយផលល្អ ស្ទើរគ្រប់វិស័យ ក្នុងវិស័យធនធានទឹក ខេត្តកំពតមានប្រព័ន្ធធារាសាស្ត្រសរុបចំនួន ៥៣កន្លែង និងមានទំហំផ្សេងៗពីគ្នាទៅតាមកម្រិត នៃប្រព័ន្ធប្រឡាយស្រោចស្រព ដូចជាប្រព័ន្ធទំនប់ អាងទឹកខ្នាតធំ មធ្យម និងតូច ក្នុងនោះ៖ ខ្នាតធំមានចំនួន០២កន្លែង (ស្ទឹងកែវ និងតន់ហន់), ខ្នាតមធ្យមចំនួន ៣៨ កន្លែង, ខ្នាតតូចចំនួន១៣ កន្លែង។

លោកបានបន្តថាខេត្តកំពតមានស្ថានីយបូមទឹកចំនួន០៣ កន្លែង (ហ៊ុន សែន ទី៤៥, ហាយសូន និងចម្លងជ្រៃ) បច្ចុប្បន្នបានធ្វើការជួសជុល និងស្តារឡើងវិញឲ្យដំណើរការបានចំនួន២៧ប្រព័ន្ធ ដែលមានលទ្ធភាពស្រោចស្រព នៅរដូវវស្សាបានចំនួន ៥៥ ៦០២ហិកតា, រដូវប្រាំងបានចំនួន២១ ០៥៨ ហិកតា និងបូករួមប្រភពទឹកមួយចំនួនទៀត ដែលជាប្រភពធនធានធម្មជាតិមានស្រាប់ដូចជា ស្ទឹង បឹង អូរ សម្រាប់បម្រើឲ្យការស្រោចស្រពដល់ដំណាំស្រូវ ដំណាំផ្សេងៗ និងការប្រើប្រាស់ប្រចាំថ្ងៃ ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ឲ្យដឹងថា ប៉ុន្មានសប្តាហ៍កន្លងមកនេះ ដោយសារអាកាសធាតុក្តៅហួតហែង កំពុងគំរាមកំហែងដល់ដំណាំរបស់ពលរដ្ឋ ពិសេសដំណាំស្រូវ រាប់រយហិកតានៅក្នុងស្រុកចំនួន៣ មានបន្ទាយមាស  ស្រុកអង្គរជ័យ និងស្រុកកំពង់ត្រាច ដែលទាមទាឲ្យមន្ត្រីជំនាញ និងអាជ្ញាធរសហការគ្នា ត្រូវចុះជួយបូមទឹកស្រោចស្រព ដើម្បីជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាពលរដ្ឋឲ្យទាន់ពេលវេលា។

លោកបានបញ្ជាក់ដែថា រហូតមកដល់ថ្ងៃនេះ ដំណាំស្រូវពលរដ្ឋក្នុងខេត្តកំពតមិនទាន់មានការខូចខាតដោយសារកង្វះទឹកនៅឡើយទេ ប៉ុន្តែលោកព្រួយបារម្ភចំពោះបញ្ហាកង្វះទឹកស្រោចស្រពទៅថ្ងៃក្រោយ  ហើយកន្លងមកមន្ទីរបានរៀបចំបង្កើតសហគមន៍កសិករប្រើប្រាស់ទឹកចំនួន២៤ សហគមន៍ ដោយអនុវត្តន៍តាមគោលការណ៍ណែនាំរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងគោលបំណងបង្កើនការយល់ដឹងពីការគ្រប់គ្រងប្រើប្រាស់ទឹក ជួយថែទាំ និងជួសជុលប្រព័ន្ធស្រោចស្រព ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។ យ៉ាងណាក៏ដោយ នៅចំពោះមុខ លោកប្រធានមន្ទីរស្នើសុំឲ្យប្រជាពលរដ្ឋ សហគមន៍ អាជ្ញាធរ សូមចូលរួមសហការ ពេលមានបញ្ហាកង្វះទឹកស្រោចស្រព សូមរាយការណ៍មកមន្ត្រីជំនាញ ដើម្បីឲ្យមន្ត្រីជំនាញចុះជួយអន្តរាគមន៍ និងពិនិត្យស្ថានភាពទីតាំងភូមិសាស្ត្រទាំងនោះ តើត្រូវបើកទ្វារទឹក ឬបូមចេញពីប្រភពណា ដើម្បីចំណេញដល់ពេលវេលា ថវិកា និងសន្សំសំចៃទឹកសម្រាប់ទុកបម្រើឲ្យវិស័យផ្សេងៗទៀត ចៀសវាងការនឹកឃើញធ្វើតាមចិត្តខ្លួនឯង។  លោកក៏បានណែនាំដល់កសិករនៅតំបន់ប្រឈមនិងការខ្វះទឹក គួរផ្អាកការធ្វើស្រូវប្រាំងលើកទី២ ដើម្បីរក្សាទឹកខ្លះទុកស្រោចស្រពដំណាំប្រចាំថ្ងៃ និងសម្រាប់ចិញ្ចឹមសត្វ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

























Post a Comment

0 Comments