Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សម្ដេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមគ្រួសារ សិស្សនិទ្ទេស A ឈ្មោះ អន ផានិត ដែលរស់នៅស្រុកអង្គរជ័យ ខេត្តកំពត


AKP ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយក្រុមគ្រួសារ របស់សិស្សនិទ្ទេស A ឈ្មោះ អន ផានិត ដែលរស់នៅស្រុកអង្គរជ័យ ខេត្តកំពត ដោយសម្ដេចតេជោបានបញ្ជាក់ថា «ឪពុក ម្តាយរបស់ផានិត ដែលជាជន ពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យគោរព សម្រាប់ការលៈបង់ ដើម្បីកូននិងក្រុមគ្រួសារ»។

នៅលើបណ្ដាញតេឡេក្រាម នាព្រឹកថ្ងៃទី ២៥ ខែធ្នូ ឆ្នាំៗ០២៣ សម្ដេចតេជោបានសរសេរថា ថ្ងៃនេះខ្ញុំបានអញ្ជើញឪពុកម្តាយចៅ អន ផានិតដោយមានទាំងប្អនស្រីនិង សាម៉ីខ្លួនផានិត មកផ្ទះរបស់ខ្ញុំ។ ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថា ឪពុក ម្តាយរបស់ផានិត ដែលជាជន ពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យគោរព សម្រាប់ការលះបង់ ដើម្បីកូននិងក្រុមគ្រួសារ។

សម្ដេចតេជោបន្តថា ឯចៅ ផានិតវិញពិតជាក្មេងប្រកបដោយគុណធម៌និងការចេះដឹងសក្ដិសមជាសិស្សប្រឡងជាប់និទ្ទេសA។ ចៅស្រីដែលជាប្អូនរបស់ផានិតបាននិងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សានូវកម្រិត មធ្យម សិក្សាដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា៣ឆ្នាំខាងមុខ។ សម្តេចតេជោបានបន្ថែមថា នេះជាករណីពិសេស ដែលខ្ញុំត្រូវជួយដល់ផានិតសម្រាប់ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុក កំណើតផង។ ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្ភពីឪពុកម្តាយនៅឯស្រុក និងកុំឱ្យឪពុកម្តាយបារម្ភពីផានិតដែលរៀននៅភ្នំពេញ។

គួររម្លឹកដែរថា កាលពីចុងខែវិច្ឆិកា កន្លងមកនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងជួយទំនុកបម្រុងសិស្សនិទ្ទេស A ដែលក្រខ្សត់ម្នាក់ ឈ្មោះ អន ផានិត និងក្រុមគ្រួសារមានឪពុកម្តាយជាជនមានពិការភាពរស់នៅក្នុងខេត្តកំពត ដែលជួបការលំបាក ឱ្យបានរៀនសូត្រ និងរស់នៅសមរម្យឡើងវិញ។ដោយសម្តេចតេជោបានបញ្ជាឱ្យ ឯកឧត្ដម សេង ទៀង ជំនួយការរបស់សម្តេច រៀបចំថវិកាដើម្បីជួយក្មេងប្រុសនេះ និងជួយសងបំណុល ដែលគ្រួសារក្មេងខាងលើជំពាក់គេផងដែរ។

បន្ថែមពីនេះ សម្តេចស្នើឱ្យរៀបចំកន្លែងស្នាក់នៅជាមួយ ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងអង្គរក្សរបស់សម្តេច ព្រមទាំងស្វែងរកសាលាឱ្យក្មេងនេះ រៀនជំនាញនៅសាកលវិទ្យាល័យ ព្រមទាំងទិញម៉ូតូ ដើម្បីឱ្យយុវសិស្សក្រីក្រី អន ផានិត ដែលមានឪពុកម្តាយសុទ្ធសឹងតែជាអ្នកមានពិការភាពនោះធ្វើដំណើរទៅរៀននៅសាកលវិទ្យាល័យផងដែរ។បន្ថែមពីនេះ សម្តេចក៏បានណែនាំឱ្យរៀបចំសង់ផ្ទះថ្មីមួយជូនដល់គ្រួសាររបស់ យុវសិស្ស អន ផានិត ព្រមទាំងទំនុកបម្រុងថវិកាដល់គ្រួសារ១ខែ១លានរៀលផងដែរ។ សូមបញ្ជាក់ថា បេក្ខជនប្រឡងបាក់ឌុប ជាប់និទ្ទេស A ឈ្មោះ អន ផានិត រៀននៅវិទ្យាល័យសម្ដេចជាស៊ីម អង្គរជ័យ ដែលបច្ចុប្បន្នមានទីលំនៅ ភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត៕ 


ដោយ៖ ជឹម ណារី








Post a Comment

0 Comments