Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

កាកបាទក្រហមកម្ពុជាជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមទប់ស្កាត់ និងលប់បំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥

នៅរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានរៀបចំទិវា ២ក្នុងពេលតែមួយគឺ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ និងទិវាអន្តរជាតិអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ស្ម័គ្រចិត្តដើម្បីក្តីសង្ឃឹមសហគមន៍” ក្រោមអធិបតីភាពលោកជំទាវវេជ្ជបណ្ឌិត យូ សុគន្ធ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត។

តាមខ្លឹមសារនៃសារលិខិតសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានបបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កន្លងមកក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបច្ចុប្បន្នបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត តែងតែប្ដេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការដឹកនាំបំផុសចលនាចូលរួមជាចរន្តជាតិតែមួយ ក្នុងការទប់ស្កាត់ការចម្លងមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យទទួលបានជោគជ័យជាបន្តបន្ទាប់ និងមានការទទួលស្គាល់ពីមជ្ឈដ្ឋានជាតិ អន្តរជាតិ ជាពិសេសពីស្ថាប័នអង្គការសហប្រជាជាតិថែមទៀតផង។

ហើយដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការឈានទៅបញ្ចប់ជំងឺអេដស៍នៅឆ្នាំ២០២៥ គ្រប់ភាគីពាក់ព័ន្ធត្រូវ ៖ ១-ត្រូវប្ដេជ្ញាចិត្តចូលរួមទប់ស្កាត់ការរីករាលដាល និងបញ្ចប់ជំងឺអេដស៍ នៅឆ្នាំ២០២៥ ដោយប្រកាន់ខ្ជាប់គោលការណ៍សមភាព និងបរិយាបន្ន។ ២-ត្រូវនាំគ្នាអនុវត្តវិធីសាស្ត្រ មិត្ត-អប់រំ-មិត្ត ក្នុងការចាកឆ្ងាយពីគ្រឿងញៀន ភាពភ្លើតភ្លើនផ្លូវភេទ ដែលជាហានិភ័យខ្ពស់នៃការឆ្លងមេរោគអេដស៍/ជំងឺកាមរោគផ្សេងៗ និងត្រូវខិតខំរៀនសូត្រ ថែរក្សាសុខភាព បរិភោគអាហារូបត្ថម្ភល្អដូចពាក្យចាស់ពោលថា "ស្រឡាញ់ខ្លួន ឱ្យស្ងួនចំណី”។ ៣-សូមបង-ប្អូនរួមជាតិ ដែលសង្ស័យថាបានប្រឈមនឹងមេរោគអេដស៍ ត្រូវស្វែងរកសេវាផ្តល់ប្រឹក្សា និងធ្វើតេស្តរកមេរោគអេដស៍ឱ្យបានឆាប់បំផុត, ដើម្បីទទួលបានការថែទាំសុខភាព និងត្រូវប្រើថ្នាំប្រឆាំងមេរោគអេដស៍ឱ្យបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់។ ៤-សូមស្ត្រីមានផ្ទៃពោះ ទៅពិនិត្យនិងថែទាំផ្ទៃពោះជាមួយឆ្មប ឬគ្រូពេទ្យយ៉ាងហោចឱ្យបាន ៤ដងមុនសម្រាលកូន និងទទួលយកសេវាទប់ស្កាត់ការចម្លងមេរោគអេដស៍/ស្វាយ និងថ្លើម ពីសេវាសុខាភិបាល។ ៥-សូមបងប្អូនរួមជាតិទាំងអស់ ចូលរួមលើកទឹកចិត្ត និងមិនត្រូវរើសអើង ឬមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍ឡើយ និង៦-សូមអំពាវនាវដល់ក្រុមបុរសរួមភេទជាមួយបុរស ក្រុមអ្នកបំប្លែងភេទ ក្រុមស្រ្តីបម្រើសេវានៅតាមគ្រឹះស្ថានកម្សាន្តសប្បាយមនុស្សពេញវ័យ។ល។ ត្រូវចូលរួមក្នុងការអនុវត្តនូវវិធានការបង្ការការចម្លង មេរោគអេដស៍។
 
យោងតាមរបាយការណ៍របស់ប្រធានមន្ទីរសុខាភិបាលខេត្តកំពត លោក ញា ប៊ុនថន បានឱ្យដឹថា រយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ខេត្តកំពតមានប្រជាពលរដ្ឋមកធ្វើតេស្តរកមេរោគអេដស៍សរុប ចំនួន ១០,០៧៧នាក់ ក្នុងនោះអ្នកផ្ទុគមេរោគអេដស៍ចំនួន ៩០នាក់។ ខេត្តកំពតមានមន្ទីរពេទ្យបង្អែកផ្តល់ឱសថប្រឆាំងមេរោគអេដស៍ចំនួន ២កន្លែង គឺមន្ទីរពេត្យបង្អែកខេត្ត និងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រាច ហើយគិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៣នេះ ខេត្តមានអ្នកជំងឺអេដស៍កំពុងទទួលថ្នាំ អេអ័រធី ចំនួន ២,២៩៣នាក់៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត



















Post a Comment

0 Comments