Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ព្រឹត្តិការណ៍ប្រណាំងទូកក្នុងខេត្តកំពតឆ្នាំនេះធំជាងមុន ដែលអាចផ្តល់ប្រាក់ ចំណូល ដល់ពលរដ្ឋក្នុងខេត្តបានច្រើនពីវិស័យទេសចរណ៍

ឆ្នាំនេះខេត្តកំពតនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងទូកងខ្នាតប្រពៃណីរយៈពេល ២ថ្ងៃ គឺនៅថ្ងៃទី១០ និង១១ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ តាមការរំពឹងទុក ការប្រណាំងទូកឆ្នាំនេះ និងមានភ្ញៀវទេសចរមកកម្សាន្តក្នុងខេត្តច្រើន ព្រោះព្រឹត្តិការណ៍នេះនឹងធ្វើឡើងធំជាងមុន ហើយពលរដ្ឋនឹងទទួលបានប្រាក់ចំណូលច្រើនពីព្រឹត្តិការណ៍នេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥៣ របស់ក្រុមប្រឹក្សាខេត្តកំពត នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅសាលសន្និសិទ បូកគោ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានសម្រេចយកថ្ងៃទី១០ និង១១ ខែវិច្ឆិកា ដើម្បីប្រារព្ធធ្វើពិធីប្រណាំងទូកងខ្នាតប្រពៃណី ដែលពិធីនេះត្រូវបានធ្វើឡើងពីរដងរួចមកហើយ។ ហើយសម្រាប់ឆ្នាំនេះ កម្មវិធីប្រណាំងទូកនឹងធ្វើឡើងនៅតាមបណ្តោយឆ្នេរព្រែកកំពង់បាយ មុខសាលាខេត្តចាស់។

ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់ថា សម្រាប់ឆ្នាំនេះគឺត្រូវធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ នៃការប្រណាំងទូកងខ្នាតប្រពៃណីនេះឱ្យមានភាពទាក់ទាញ និងធំជាងមុន ដើម្បីស្រូបទាញភ្ញៀវទេសចរណ៍ឱ្យមកកម្សាន្តក្នុងខេត្តកាន់តែច្រើនបន្ថែមទៀត។ ឯកឧត្តមបានបន្តថា ការបង្កើតឱ្យមានព្រឹត្តិការណ៍ធំៗ និងកម្សាន្តសប្បាយឱ្យបានច្រើនគឺក្នុងគោបំណងដើម្បីបង្កើនប្រាក់ចំណូលសម្រាប់ពលរដ្ឋក្នុងខេត្តទាំងអស់ ដែលប្រកបអាជីវកម្មលើវិស័យទេសចរណ៍ និងវិស័យផ្សេងៗក្នុងខេត្ត ព្រោះបើកាលណាខេត្តមានភ្ញៀវទេសចរមកសម្រាកកម្សាន្តច្រើន នោះចំណូលនឹងបានទៅដល់ដៃពលរដ្ឋ។

សូមបញ្ជាក់ថា ខេត្តកំពតបានធ្វើការប្រណាំងទូកចំនួន ២លើករួចមកហើយនៅក្នុងឆ្នាំ២០២២កន្លងទៅ ដោយលើកទី១ គឺប្រណាំងទូកងខ្នាតប្រពៃណី និងលើកទី២ ប្រណាំងទូកនេសាទ។ ហើយសម្រាប់ឆ្នាំនេះ ខេត្តកំពតគឺធ្វើការប្រណាំងទូកងខា្នតប្រពៃណី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលមានរយៈពេល២ថ្ងៃ ក្នុងព្រឹត្តិការណ៍នេះដែរក៏មានការប្រគុំតន្ត្រី ការបាញ់កាំជ្រួច និងការតាំងពិពរណ៌ភូមិមួយផលិតផលមួយផងដែរ៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង























Post a Comment

0 Comments