ដើម្បីលើកកម្ពស់សុខភាពទារក និងកុមារ ព្រមទាំងចូលរួមកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺផ្សេងៗដែលអាចបង្ការបាន នៅក្នុងពេលបច្ចុប្បន្ន និងទៅអនាគត អាជ្ញាធរខេត្តកំពតបានអំពាវនាវដល់អាណាព្យាបាល មាតាបិតា នាំកូនរបស់ខ្លួនទៅទទួលវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន និងវ៉ាក់សាំងការពារជំងឺផ្សេងៗទៀតឱ្យបានគ្រប់មុខ ដែលក្រសួងសុខាភិបាលបានផ្តល់ជូន។
ថ្លែងក្នុងពិធីប្រកាសបញ្ជូលថ្នាំបង្ការជំងឺមហារីកមាត់ស្បូនដល់កុមារីអាយុ ៩ឆ្នាំ ដែលបានរៀបចំឡើងនៅសាលាបឋមសិក្សាកំពតក្រុង សង្កាត់កំពង់កណ្តាល ក្រុងកំពត នាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ឯកឧត្តម ស៊ីវ ផេង អភិបាលរងខេត្តកំពត បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ជាការវិនិយោគលើវិស័យសុខភាពសាធារណៈរបស់កុមារដ៏មានប្រសិទ្ធភាពមួយ ព្រមទាំងបានចូលរួមចំណែកដ៏សំខាន់ក្នុងការកាត់បន្ថយអត្រាឈឺ ពិការភាព និងស្លាប់របស់កុមារនៅទូទាំងទេស។រាជរដ្ឋាភិបាលបានផ្តល់ថវិកាជាតិសម្រាប់ទិញវ៉ាក់សាំងជាប្រចាំ និងបដិភាគជាមួយនឹងអង្គការ Gavi ក្នុងការបញ្ជាទិញវ៉ាក់សាំងថ្មីៗជាបន្តបន្ទាប់ ហើយរហូតមកដល់ថ្ងៃនេះ យើងមានវ៉ាក់សាំងរហូតដល់ ១២មុខ សម្រាប់ផ្តល់ជូនទារក និងកុមារ។ ឯកឧត្តមអភិបាលរងខេត្តក៏បានធ្វើការអំពាវនាវដល់អាណាព្យាបាលទាំងអស់ក្នុងខេត្ត ត្រូវនាំកូនរបស់ខ្លួនមកទទួលវ៉ាក់សាំងបង្ការជំងឺមហារីកមាត់ស្បូន និងវ៉ាក់សាំងការពារជំងឺផ្សេងៗឱ្យបានគ្រប់មុខតាមការណែនាំរបស់គ្រូពេទ្យ និងក្រសួងសុខាភិបាល។
ចំពោះការទទួលវ៉ាក់សាំងការពារជមងឺមហារីកមាត់ស្បូននេះដែរ អ្នកស្រី សំ ដាណេរ ជាអាណាព្យាបាលដែលបាននាំកូនមកទទួលយកការចាក់វ៉ាក់សាំងការពារជំងឺនេះបានសម្តែងភាពសប្បាយរីករាយ ដែលរាជរដ្ឋាភិបាលបានផ្តល់វ៉ាក់សាំងនេះឱ្យឥតគិតថ្លៃដល់កុមារីទាំងអស់ទូទាំងប្រទេស។ អ្នកស្រីក៏បានស្នើដល់ប្រជាពលរដ្ឋដែលជាអាណាព្យាបាលទាំងអស់ត្រូវនាំកូនរបស់ខ្លួនទៅទទួលវ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូននេះឱ្យបានគ្រប់ៗគ្នា ដើម្បីការពារសុខភាពកូនរបស់ខ្លួនតទៅអនាគត។
ប្រធានមន្ទីរសុខាភិបាល លោក ញា ប៊ុនថន បានមានឱ្យថា មកដល់ថ្ងៃនេះកម្មវិធីជាតិផ្តល់ថ្នាំបង្ការមានវ៉ាក់សាំងដែលអាចការពារជំងឺទារក និងកុមារបានចំនួន ១២មុខ រួមមាន៖ ជំងឺរបេង គ្រុនស្វិតដៃជើង ក្អកមាន់ ខាន់ស្លាក់ តេតាណូស រលាកថ្លើមប្រភេទបេ ជំងឺរលាកសួត-រលាកស្រោមខួរក្បាល (ដោយសារបាក់តេរី Hib) ជំងឺកញ្រ្ជឹល ជំងឺស្អូច ជំងឺរលាកសួត-រលាកស្រោមខួរក្បាល (ដោយសារបាក់តេរី Streptococcus) ជំងឺរលាកខួរក្បាលជេអ៊ី និងជំងឺមហារីកមាត់ស្បូនដែលទើបចញ្ជូលនៅថ្ងៃនេះ។ លោកប្រធានមន្ទីរក៏បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលកុមារទាំងអស់ សូមនាំកូនមកទទួលវ៉ាក់សាំងរបស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការឱ្យបានគ្រប់គ្នា នៅតាមសាលារៀន មណ្ឌលសុខភាព ឬតាមរយៈបុគ្គលិកផ្តល់ថ្នាំបង្ការនៅតាមភូមិ ទៅតាមផែនការ និងការណាត់របស់បុគ្គលិកសុខាភិបាលកុំបីខានឡើយ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments