Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរប្រសិនបើចង់បានការស្រឡាញ់ពីពលរដ្ឋត្រូវចេះការពារ រួមសុខរួមទុក្ខ និងធ្វើអំពើល្អជាមួយពលរដ្ឋ

ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាស្រុក ឃុំ ក្នុងស្រុកចំនួន៣ គឺស្រុកដងទង់ កំពង់ត្រាច និងស្រុកទឹកឈូ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍ថា អាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងមូលដ្ឋាន ប្រសិនបើចង់បានការគាំទ្រ និងស្រឡាញ់ពីសំណាក់ ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន គឺត្រូវធ្វើយ៉ាងណាមានការយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខ ព្រមទាំងតម្រូវការជាចាំបាច់របស់ពួកគាត់។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ក្នុងនាមអាជ្ញាធរមូលដ្ឋាន យើងត្រូវគិតថាពលរដ្ឋទាំងអស់ ទោះនៅទីណា កន្លែងណាក៏ដោយក៏សុទ្ធសឹងតែជាបងប្អូន ក្រុមគ្រួសាររបស់យើងទាំងអស់ ព្រោះយើងបានរស់រានមានជីវិតមកដល់សព្វថ្ងៃក៏ដោយសារតែថ្ងៃកំណើតទី២ គឺថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ទាំងអស់គ្នា ដូច្នេះយើងត្រូវតែរួមសុខរួមទុក្ខជាមួយពួកគាត់ឱ្យដូចទៅនឹងគ្រួសារតែមួយ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តបានបញ្ចាក់ដែរថា ក្នុងនាមជាក្រុមប្រឹក្សាស្រុក ឃុំ-សង្កាត់ទាំងអស់ មានតួនាទីសំខាន់មួយគឺ រួមគ្នាបំរើបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូច្នេះយើងត្រូវមានសាមគ្គីភាពគ្នា សហការគ្នាឱ្យបានរឹងមាំដើម្បីសម្រេចគោលដៅរួមគ្នា ដោយមិនត្រូវមានការលាបពណ៌គ្នា ចង់ឈ្នះចង់ចាញ់គ្នា ឬរើសអើងគ្នានោះឡើយ ព្រោះបច្ចុប្បន្ននេះយើងរស់ក្រោមដំបូលសុខសន្តិភាពដែលសម្តេចតេជោ ហ៊ុន សែន បានយកមកដោយលំបាកដូចគ្នា។ ឯកឧត្តមអភិបាលខេត្តក៏បានបញ្ជាក់បន្ថែមដែរថា ក្នុងអាណត្តិទី៧ថ្មីនេះ ក្រោមការដឹកនាំរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ប្រទេសកម្ពុជានឹងបន្តការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ដោយសារតែការដឹកនាំរបស់សម្តេចធីបតី គឺមានចក្ខុវិស័យច្បាស់លាស់ យកសុខទុក្ខរបស់ប្រជាពលរដ្ឋជាសុខទុក្ខរបស់សម្តេច។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ទាំងអស់នៅក្នុងខេត្តកំពត ដែលកន្លងមកបានខិតខំបំពេញតួនាទីភារកិច្ចក្នុងការបំរើប្រជាពលរដ្ឋ ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលបានលទ្ធផលល្អ។ ឯកឧត្តមក៏បានជំរុញឱ្យក្រុមប្រឹក្សាស្រុក ឃុំ-សង្កាត់ ទាំងអស់ត្រូវបន្តនូវ ការដឹកដ៏ល្អនេះបន្តទៅមុខទៀត ដើម្បីឱ្យទទួលបានការគាំទ្រ និងស្រឡាញ់ពីសំណាក់ពុកម៉ែ បងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងដើម្បីតបស្នងសងគុណទឹកដីកំណើត និងតំលៃនៃសុខសន្តិភាព។

ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាក្រុង-ស្រុកទាំង៩ និងឃុំ-សង្កាត់ទាំង៩៣នៅទូទាំងខេត្ត ក្នុងន័យដើម្បីថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញតួនាទីភារកិច្ចក្នុងការបំរើពលរដ្ឋកន្លងមក និងក្នុងនាមជាកូន ជាបង ជាប្អូន ក្នុងក្រុមគ្រួសារតែមួយ។ សូមបញ្ជាក់ថា ក្នុងខេត្តកំពតមានក្រុង-ស្រុកចំនួន៩ និងមាន៩៣ឃុំ-សង្កាត់ មានសមាជិកក្រុមប្រឹក្សាក្រុង-ស្រុក ឃុំ-សង្កាត់ ចំនួន ៧២២នាក់៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង



















Post a Comment

0 Comments