Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ពលរដ្ឋ និងយុវជនទាំងអស់ត្រូវរួមគ្នាសម្អាត ផ្សព្វផ្សាយ និងដើរតួជាសកម្មជនបរិស្ថាន “កំពតស្អាត”

ប្រធានគម្រោង “កំពតស្អាត” ឆ្នាំ២០២៣ លោក ឆេង កែវណារាពង្ស បានឱ្យដឹងថា គម្រោង “កំពតស្អាត” ត្រូវបានបង្កើតដំបូងនៅឆ្នាំ២០១៩ ដើម្បីផ្សព្វផ្សាយ ចែករំលែកសារអប់រំសំខាន់ៗពាក់ព័ន្ធនឹងការថែរក្សាបរិស្ថានអនាម័យ។ ដោយឡែកឆ្នាំនេះ គម្រោងបានធ្វើយុទ្ឋនាការ ៥០០០ជំហាន ដើម្បី “កំពតស្អាត” ក្រោមប្រធានបទ “ផ្តើមទម្លាប់ស្អាត ដើម្បីជំនាន់ក្រោយ”។ យុទ្ធនាការរត់នេះ បានចេញដំណើរពីរង្វង់មូលទុរេន ទៅកាន់ឆ្នេរកោះស្មៅ ដែលមានចម្ងាយប្រមាណជិត ៥គីឡូម៉ែត្រ។ លោកបន្តថា ក្នុងយុទ្ធនាការនេះមានការចូលរួមពី សិស្សានុសិស្ស យុវជន ចំនួន ៥០០នាក់ ដើម្បីបំផុសស្មារតីឱ្យមានការចូលរួមថែរក្សាអនាម័យបរិស្ថាន និងកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក ដើម្បីកំពតស្អាត។

ជាមួយគ្នានេះដែរ លោក លី ដេវិត ប្រធានថ្នាក់តំបន់ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាមេគង្គ ឆ្នាំ២០២៣ បានឱ្យដឹងដែរថា គម្រោង “កំពតស្អាត” ឆ្នាំ២០២៣នេះ គឺធ្វើឡើងក្រោមប្រធានបទ "ផ្តើមទម្លាប់ស្អាត ដើម្បីជំនាន់ក្រោយ" តាមរយៈយុទ្ធនាការរត់ ៥០០០ជំហាន ក្នុងគោលបំណងដើម្បីបំផុសឱ្យប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តកំពត ចូលរួមសកម្មភាពបីសំខាន់ៗ៖ ទី១.“ការបដិសេធ” ទី២.“ការកាត់បន្ថយ” និងទី៣.“ការប្រើប្រាស់ឡើងវិញ” នូវសម្ភារៈប្រើប្រាស់វេចផ្សេងៗ។ 

ប្រធានថ្នាក់ជាតិ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា២០២៣ លោក ឃឹម ប៉ូឡែន បានធ្វើការសន្និដ្ឋាន ថា បន្ទាប់ពីអនុវត្តគម្រោងកំពតស្អាត ប្រជាពលរដ្ឋមានការយល់ដឹងច្រើន យុវជនក៏បានចូលរួមយ៉ាងផុលផុស។ ប៉ុន្តែដោយសារខេត្តកំពតជាគោលដៅទេសចរណ៍ ដែលតែងតែមានភ្ញៀវមកលេងច្រើន វត្តមានសំរាមនៅតែមាន ទាមទារឲ្យពលរដ្ឋ យុវជន អាជីវករ អ្នកផ្តល់សេវាទេសចរណ៍ចូលរួមសម្អាត ទុកដាក់កាកសំណល់ សំរាមឲ្យបានត្រឹមត្រូវ និងចូលរួមផ្សព្វផ្សាយ ហើយធ្វើជាសកម្មជនបរិស្ថាន “កំពតស្អាត” ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញដល់ចលនាប្រឡងប្រណាំងទីក្រុងស្អាត។

ក្នុងឱកាសនោះដែរ លោក សូ ភារិទ្ធ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពត បានថ្លែងកោតសរសើដល់ក្រុមការងារគម្រោង “កំពតស្អាត” ដែលបានបង្កើតនូវព្រឹត្តការណ៍នេះឡើង ដើម្បីបំផុសចលនាឱ្យ សិស្សានុសិស្ស យុវជន ផ្សព្វផ្សាយពីចូលរួមថែរក្សាអនាម័យបរិស្ថានទៅកាន់អ្នកនៅក្បែរខ្លួន ដើម្បីឱ្យកាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទីកឱ្យនៅតិចបំផុត។ លោកអនុប្រធានមន្ទីរបានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងអស់ រួមគ្នាសម្អាតអនាម័យបរិស្ថានឱ្យបានស្អាត នោះនឹងធ្វើឱ្យខេត្តជាប់សមុទ្រមួយនេះក្លាយទៅជា “កំពតស្អាត” ហើយនឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យមកលេខកម្សាន្តកាន់តែច្រើនថែមទៀត៕

អត្ថបទ និងរូបភាព៖ សុធារម្យ AKP,





















Post a Comment

0 Comments