Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពតបន្តចុះសួរសុខទុក្ខនិងនាំយកអំណោយជូនពលរដ្ឋរងគ្រោះដោយខ្យល់កន្ទ្រាក់ក្នុងស្រុកទឹកឈូ និងស្រុកបន្ទាយមាស

នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ លោកជំទាវ អ៊ុន សុគន្ធា អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការសាខា អាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដើម្បីផ្តល់ជូនគ្រួសារប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ១៣៧គ្រួសារ ក្នុងនោះស្រុកទឹកឈូ ៩៤គ្រួសារ និងស្រុកបន្ទាយមាស ៤៣គ្រួសារ។

ក្នុងដំណើរចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាជូនពលរដ្ឋ ដែលធ្វើឡើងនៅក្នុងឃុំថ្មី ស្រុកទឹកឈូ លោកជំទាវ អ៊ុន សុគន្ធា  អនុប្រធានកិត្តិយសសាខា ក៏បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ពិសេសការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះបងប្អូនប្រជាពលរដ្ឋដោយក្តីនឹករឭកបំផុត ដែលជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក អ្នកមានជំងឺ ចាស់ជរា ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ពោលគឺ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ខិតខំប្រឹងប្រែងប្រកបមុខរបរ បង្ករបង្កើនផល ដាំដំណាំរួមផ្សំ ចិញ្ចឹមសត្វ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារឱ្យបានប្រសើរឡើង ហើយសូមបង្កើនការប្រុងប្រយ័ត្ននៅពេលមេឃភ្លៀង សូមកុំឱ្យក្មេងតូចៗចេញពីផ្ទះ ហើយលុបបំបាត់ថ្លុកជ្រាំនៅក្បែរផ្ទះ ត្រូវគេងក្នុងមុង ចូលរួមគោរពច្បាប់ចរាចរណ៍ និងជាពិសេស លោកជំទាវ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមនាំគ្នាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ដើម្បីបន្តរួមដំណើរជាមួយរាជរដ្ឋាភិបាល ការពារសមិទ្ធិផល ការពារសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសឱ្យកាន់តែរីកចម្រើនទៅមុខទៀត។

អំណោយដែលប្រគល់ជូនដល់គ្រួសាររងគ្រោះចំនួន ១៣៧គ្រួសារនាឱកាសនោះ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង  ទឹកត្រី ១យួរ មី ១កេស  ឆៃប៉ូវផ្អែម ១កញ្ចប់ និងថវិកា៥ម៉ឺនរៀលផងដែរ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ មន្ទីរព័ត៌មាន














Post a Comment

0 Comments