នៅព្រឹកថ្ងៃ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត អមដំណើរដោយសហការីមន្ត្រីរដ្ឋបាលខេត្ត បានបន្ដអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីតម្រូវការនិងបញ្ហាប្រឈមនានានៅមូលដ្ឋាន ឃុំដំបូងខ្ពស់ស្រុកអង្គរជ័យខេត្តកំពត ។
មានប្រសាសន៍សំណេះសំណាល ក្នុងនាមរដ្ឋបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះប្រជាពលរដ្ឋនិង អាជ្ញាធរមូលដ្ឋាននៃឃុំដំបូងខ្ពស់ ដែលបានខិតខំរួមសហការគ្នាបំពេញតួនាទី ភារកិច្ច ធ្វើឲ្យ សម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ រហូតទទួលបានជោគជ័យនូវគោលនយោបាយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោហ៊ុន សែន ក្នុងនីតិកាលនៃអាណត្តិទី៦នេះ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បានបន្តទៀតថា រាជរដ្ឋាភិបាកកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំសំខាន់ៗ ប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់ថ្នាក់និងប្រជាពលរដ្ឋ ធ្វើឲ្យប្រទេសជាតិបន្ត រក្សាបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ពិសេស អំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាន ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពសិទ្ធិប្រជាពលរដ្ឋប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម។
នាឱកាសនោះដែរ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តក៏បាន រំលឹក សង្កត់ធ្ងន់ជាថ្មីទៀត អំពីសារៈសំខាន់នៃការថែរក្សាសុខសន្តិភាពដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍគ្រប់វិស័យ ព្រមទាំងការរៀបចំការបោះឆ្នោត តាមគន្លងប្រជាធិបតេយ្យ ជាទៀងទាត់រៀងរាល់អាណិត 5 ឆ្នាំម្ដង ក្នុងភាពត្រឹមត្រូវ ក្នុងនោះរួមទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ខាងមុខនេះ ដែលយើងជាពលរដ្ឋល្អទាំងអស់គ្នាក្នុងការបំពេញសិទ្ធិរបស់ខ្លួន ត្រូវតែបន្តរួមគ្នាធ្វើឲ្យការបោះឆ្នោតនេះប្រព្រឹត្តទៅដោយជោគជ័យ។ ជាពិសេសប្រជាពលរដ្ឋ ទាំងនៅក្នុងនិងក្រៅប្រទេសមានឈ្មោះក្នុងបញ្ជីបោះឆ្នោតទាំងអស់ត្រូវទៅចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស នាំមកនូវសុខសន្តិភាព ស្ថេរភាពជាតិ និងការអភិវឌ្ឍជាតិឲ្យបានកាន់តែរីកចម្រើនបន្តទៅមុខទៀត។
ក្នុងឱកាសនោះឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តក៏បាននាំនៅ អំណោយ កំដរដៃចែកជូនដល់ប្រជាពលរដ្ឋចូលរួមចំនួន៤០០នាក់ដោយក្នុងម្នាក់ទទួលបានក្រមាមួយផងដែរ៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments