Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

យុវជនខេត្តកំពតបង្ហាញពីមោទកភាពចំពោះកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមប្រកបដោយភាពជោគជ័យ

ក្រុមយុវជនក្នុងខេត្តកំពតបានសម្តែងក្តីរីករាយ និងមានមោទកភាពបំផុតចំពោះថ្នាក់ដឹកនាំ ក៏ដូចជាប្រទេសកម្ពុជាធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ប្រកបដោយភាពជោគជ័យ។ ពួកគាត់ថាតាមរយៈព្រឹត្តិការណ៍នេះ បានបង្ហាញឱ្យពិភពលោកបានឃើញ និងស្គាល់ពីកិត្យានុភាព វឌ្ឍនភាព និងវប្បធម៌ដ៏ល្អឯករបស់ប្រជាជាតិខ្មែរ និងបានបញ្ជាក់ថា កម្ពុជា មានទាំងសមត្ថភាព និងលទ្ធភាពក្នុងការទទួលរៀបចំព្រឹត្តិការណ៍ធំៗលំដាប់អន្តរជាតិ។

ជាយុវជនម្នាក់នៅក្នុងខេត្តកំពតកញ្ញា ផល្លីកា បានលើកឡើងនៅក្នុងឱកាសដែលពួកគាត់ទៅទស្សនាការផ្សាយបន្តផ្ទាល់ ព្រឹត្តិការណ៍បិទកីឡាស៊ីហ្គេមលើកទី៣២ កាលពីល្ងាចថ្ងៃទី១៧ ខែឧសភា តាមរយៈការបញ្ចាំងស្លាយ នៅសួនច្បារដងព្រែកកំពតថា ជាងពីរសប្តាហ៍កន្លងមកនេះ ពួកគាត់តែងតែតាមដាននូវរាល់ព្រឹត្តិការណ៍ការប្រកួតកីឡាស៊ីហ្គេមរហូតស្ទើរគ្រប់វិញ្ញាកីឡា ហើយរហូតមកដល់ថ្ងៃបិទនេះ ពួកគាត់ឃើញថា កម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះ បានល្អគ្រប់ផ្នែក ជាក់ស្តែងការប្រណាំងទូកនៅខេត្តកំពត ក៏រៀបចំបានល្អប្រសើរ និងមោទកភាពខ្លាំងណាស់សម្រាប់ពលរដ្ឋទូទៅ។

ចំណែកឯកញ្ញា ប៉ែន ស្រីនាង ដែលជាយុវជនក្នុងខេត្តកំពត បានសំដែងនូវមោទនភាព នឹងបានលើកឡើងថា ភាពជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២នេះ វាពិតជាបានបង្ហាញអំពីការប្តេជ្ញាចិត្តរបស់ប្រមុខថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរ ក្នុងការផ្តល់នូវភាពកក់ក្តៅ និងស្នាមញញឹមដល់ គណៈកម្មការ គណៈប្រតិភូ កីឡា និងក្រុមអត្តពលិក ព្រមទាំងក្រុមអ្នកគាំទ្រក្រុមកីឡាអន្តរជាតិ ដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅកម្ពុជា។ តាមរយៈព្រឹត្តិការណ៍នេះដែរ ក៏បានបង្ហាញអំពីសាមគ្គីភាព និងទំនួលខុសត្រូវខ្ពស់របស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បានន័យថាកម្ពុជាមានទាំងសមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់អាចទទួលរៀបចំព្រឹត្តិការណ៍ធំលំដាប់តំបន់ និងអន្តរជាតិ។

ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ បានបន្សល់ទុកនូវមោទកភាព និងជោជ័យប្រវត្តិសាស្ត្រជាតិសំខាន់ពីរ គឺទី១. កម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូង ហើយទទួលលទ្ធផលជោគជ័យ មានការកោតសរសើរពីគ្រប់មជ្ឍដ្ឋានជាតិ និងអន្តរជាតិ។ ទី២.ក្រុមកីឡាករកម្ពុជាទទួលបានមេដាយច្រើន មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដោយកម្ពុជាឈ្នះមេដាយសរុបជាង ២០០មេដាយ និងឈរនៅលំដាប់ថ្នាក់លេខ៤ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើក៣២នេះ  បន្ទាប់ពីវៀតណាម ថៃ និងឥណ្ឌូនេស៊ី៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត



















Post a Comment

0 Comments