នៅព្រឹកថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣ នេះ រដ្ឋបាលខេត្តកំពត ដែលមានការចូលរួមពី ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ អាជ្ញាធរក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ បានប្រារព្ធពិធីចម្រើនព្រះជន្មថ្វាយ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ៧០ ព្រះវស្សា យាងចូល ៧១ព្រះវស្សា ដែលត្តូវ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ១០រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៣ នេះ។
ក្នុងពិធីដ៏មហាជ័យមង្គលបវរថ្លៃថ្លា ពោរពេញដោយក្តីសោមនស្សរីករាយនេះ ឯកឧត្តមម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត បានអានសារលិខិត ថ្វាយព្រះពរ ចំពោះព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងខ្លឹមសារលិខិតមានជាអាទិ៍ថា ទូលព្រះបង្គំ សូមព្រះ បរមរាជានុញ្ញាត តាងនាមថ្នាក់ដឹកនាំខេត្ត ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជារាស្ត្រ ទូទាំងខេត្តកំពត ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមលំអោនកាយវាចាចិត្ត ក្រាបបង្គំសម្តែង ថ្វាយនូវព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយចំពោះព្រះករុណា ថ្លៃវិសេសជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសូមសម្ដែងនូវកតញ្ញូកតវេទិតាធម៌យ៉ាងជ្រាលជ្រៅបំផុត ចំពោះ ព្រះរាជហប្ញទ័យ និងព្រះរាជសកម្មភាពប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌របស់ព្រះអង្គក្នុងវិស័យសង្គមកិច្ច សុខុមាលភាព អប់រំសិក្សាធិការ ព្រះពុទ្ធសាសនា ដែលជាព្រះរាជសកម្មភាពរួមចំណែកយ៉ាងធំធេងក្នុងការដោះស្រាយ ទុក្ខលំបាករបស់ប្រជារាស្ត្រ ការកាត់បន្ថយភាពក្រីក្រ និងការស្តារអភិវឌ្ឍប្រទេសជាតិអោយមានសន្ទុះរីកចម្រើនជឿន លឿន ថ្កុំថ្កើង រុងរឿងយ៉ាងឆាប់រហ័ស។
ក្នុងខ្លឹមសារសារលិខិត ក៏បានសម្ដែងលំឱនកាយវាចាចិត្តសូមលើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី មានវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីន ព្រះរាជាណាចក្រកម្ពុជា ប្ញទ្ធិបារមីទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ បុណ្យបារមី នៃ ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសដួងព្រះវិញ្ញាណ ក្ខន្ធព្រះករុណា ព្រះមហាវីរក្សត្រ "ព្រះបរមរតនកោដ្ឋ" សូមព្រះអង្គតាមជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំ ព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយចំពោះព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសូមព្រះអង្គទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះជន្មាយុយឺន យូរ និងប្រកប ដោយព្រះពុទ្ធពរបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ។ សូមព្រះករុណាថ្លៃវិសេសជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវគាវរភក្ដីភាពដ៏ស្មោះស្ម័គ និងអភិវន្ទនាការដ៏ខ្ពង់ខ្ពស់បំផុត ពីទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា៕
អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments