នៅព្រឹកថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលពិធីនេះធ្វើឡើងនៅសាលសន្និសីទ បូកគោ នៃសាលាខេត្តកំពត។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ថា នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃមិនថា មនុស្សធម្មតា ឬមន្ត្រីរាជការទេ ភាពលោភលន់មិនមែនជាបច្ច័យល្អឡើយ ប៉ុន្តែ ពេលខ្លួនក្រ ត្រូវប្រឹងឲ្យមាន ហើយពេលខ្លួនមាន ត្រូវប្រឹងជួយអ្នកក្រ ការសណ្តោសប្រណី អធ្យាស្រ័យ ចែករំលែកទាំងសុខ ទាំងទុក នោះទើបជាចរិត និងតម្លៃពិតរបស់មនុស្ស។
ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន បានបញ្ជាក់ថា នៅក្នុងអាណត្តិ នៃការដឹកនាំរបស់លោក លោកមិនឲ្យតម្លៃលុយ ធំជាងសមត្ថភាព សីលធម៌ និងគុណធម៌ឡើយ។ ហើយការតែងតាំងមន្ត្រីក៏ដូចគ្នា លោកស្អប់បំផុតប្រពៃណីអន្តរាគមន៍ និងបានបញ្ជាក់ថា បើមន្ត្រីមានសមត្ថភាព មានគុណសម្បត្តិគ្រប់គ្រាន់ មិនបាច់ហាមាត់សុំ ក៏ឯកឧត្តមប្រគល់តួនាទីឲ្យដែរ។ ដូច្នេះមន្ត្រី ត្រូវខិតខំបង្កើនទាំងសមត្ថភាព សីលធម និងគុណធម៌ក្នុងសង្គមឱ្យប្រសើរ។នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានស្នើរដល់ថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្ត ឲ្យត្រូវគិតគូដល់មន្ត្រីក្រោមឱវាទ តាមរយៈការផ្តល់អំណោយលើកទឹកចិត្តផ្សេងៗ ក្នុងឱកាសបុណ្យទានជាតិសំខាន់ៗ ទោះតិចឬច្រើនក្តី ត្រូវតែធ្វើទៅតាមលទ្ធភាព និងតាមទំនាមទម្លាប់របស់ដូនតាយើង៕
0 Comments