ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត បានមានប្រសាសន៍កោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងគ្រប់ប្រភេទ ដែលបានខិតខំបំពេញការងារបានល្អលើគ្រប់វិស័យ រហូតទទួលបានពានរង្វាន់ជាច្រើនដូចជា ពានរង្វាន់ទីក្រុងស្អាតផ្ការំដួលបីទង រង្វាន់ទីក្រុងទេសចរណ៍គ្មានផ្សេងបារី រង្វាន់ចលនាការប្រកួតប្រជែងភូមិ-ឃុំមានសុវត្ថិភាពជាដើម ព្រមទាំងទទួលបានការកោតសរសើរពីសំណាក់ប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ លើការងារអភិបាលកិច្ចល្អ និងការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលារបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត។
យ៉ាងណាក៏ដោយ ដើម្បីឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម២០២៣ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៧ខាងមុខនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើដល់អាជ្ញាធរ ថ្នាក់ដឹកនាំជុំវិញខេត្ត ត្រូវលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ ពិសេសត្រូវមានវិធានការបង្ការទប់ស្កាត់លើបញ្ហាមួយចំនួនដូចជា៖ ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងការគ្រប់គ្រងអ្នកញៀនថ្នាំនៅតាមមូលដ្ឋានឱ្យល្អប្រសើរ។ បន្តអប់រំផ្សព្វផ្សាយ និងជំរុញការគោរពច្បាប់ចរាចរណ៍ ទន្ទឹមនឹងការរិតបណ្តឹងការអនុវត្តច្បាប់ឱ្យបានម៉ឺងមាត់ជាប់ជាប្រចាំ។ ខិតខំរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវសាធារណៈ ទីប្រជុំជន ពិសេសតាមតំបន់រោងចក្រសហគ្រាសនានា ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ និងការកកស្ទះចរាចរណ៍។ ត្រូវបន្តអប់រំប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន ទប់ស្កាត់ និងបង្កាអគ្គីភ័យមកលើផ្ទះសំបែង ផ្សារ មូលដ្ឋានអាជីវកម្ម ផលិតកម្មនានា ដោយត្រូវពិនិត្យប្រព័ន្ធការពារអគ្គីភ័យនៅតាមអគារសំណង់នានាឱ្យបានត្រឹមត្រូវ និងបំផុសឱ្យពលរដ្ឋការពារភ្លើងឆេះព្រៃ។ អ្នកផ្គត់ផ្គង់ទឹកស្អាតនៅទីប្រជុំជន ពិសេសតំបន់ផ្សារ ត្រូវមានបំពង់ក្បាលវ៉ាល់បូមសម្រាប់ឡានទឹក ដើម្បីបង្ការពេលមានអគ្គីភ័យកើតមានឡើង។ទន្ទឹមនឹងនោះដែរ រដ្ឋបាលខេត្ត និងសមត្ថកិច្ចជំនាញត្រូវយកចិត្តទុកដាក់គ្រប់គ្រងជនអន្តោរប្រវេសន៍ ដែលជាទេសចរ និងពលករបរទេសឱ្យបានល្អ ដោយត្រូវធ្វើជំរឿនចំនួនជនបរទេស ទីតាំងស្នាក់នៅ និងកន្លែងបម្រើការងារនៅក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ ដើម្បីមានវិធានការក្នុងការគ្រប់គ្រងឱ្យស្របតាមផ្លូវច្បាប់៕
0 Comments