Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពតថ្លែងកោតសរសើរ និងអរគុណដល់ពលរដ្ឋក្នុងការចូលរួមសហការគ្រប់សកម្មភាពរបស់រដ្ឋបាលខេត្ត

ថ្លែងក្នុងពិធីបុណ្យមាឃបូជាដែលរដ្ឋបាលខេត្តបានរៀបចំឡើង កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានថ្លែងការកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋក្នុងខេត្តកំពតទាំងអស់ ដែលកន្លងមកតែងតែ បានចូលរួមសហការយ៉ាងជិតស្និទ្ធជាមួយនឹងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសជាមួយនឹងរដ្ឋបាលខេត្តកំពតក្នុងការអនុវត្តសកម្មភាពការងារ ពាក់ព័ន្ធនឹងការងាររៀបចំសណ្ដាប់ធ្នាប់សាធារណៈនិងការអភិវឌ្ឍមានលក្ខណៈល្អប្រសើរនិងភាពរីកចម្រើន។ ឯកឧត្តមអភិបាលខេត្តក៏បានបន្តលើកឡើងថា កន្លងមកប្រជាពលរដ្ឋក្នុងខេត្តកំពតគឺមានការចូលរួមយ៉ាងសកម្មនូវគ្រប់សកម្មភាពទាំងអស់ មិនថាសកម្មភាពការងាររដ្ឋបាល ការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ឬការងារនយោបាយ ឬការងារសាសនានោះឡើយ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ដែលមានទឹកចិត្តដ៏ល្អប្រពៃក្នុងកិច្ចសហការលើការងារផ្សេងៗរបស់អាជ្ញាធរមូលដ្ឋាន ក៏ដូចជារដ្ឋបាលខេត្តដែលបំរើឱ្យកិច្ចអភិវឌ្ឍន៍ និងជំរុញលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយឯកឧត្តមក៏បានស្នើឱ្យប្រជាពលរដ្ឋបន្តចូលរួម និងសហការបន្ថែមទៀត ដើម្បីលើកកម្ពស់កិត្តិនាម កិត្តិស័ព្ទរបស់ខេត្តកំពត ក្រោមម្លប់នៃសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។

សូមបញ្ជាក់ថាពិធីបុណ្យមាឃបូជាឆ្នាំនេះដែល រដ្ឋបាលខេត្តកំពតបានប្រារព្ធធ្វើឡើងក្រោមវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំខេត្តមន្ត្រីរាជការ និងមន្ត្រីសង្ឃ ព្រះសង្ឃនិង ប្រជាពុទ្ធបរិស័ទ ក្នុងខេត្តយ៉ាងច្រើនកុះករនៅបរិវេណសួនច្បារ ដើមពោធិ៍ ក្រុងកំពត។ គោលបំណងអត្ថន័យនៃពិធីបុណ្យមាឃបូជានេះ ធ្វើឡើង គឺដើម្បីរំលឹកដល់អភិលក្ខិតសម័យទាំងពីរ នៃសាសនាព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃ ដូចគ្នាគឺថ្ងៃប្រជុំចតុរង្គសន្និបាត និងថ្ងៃដែលព្រះអង្គទ្រង់ប្រកាសដាក់ព្រះជន្មាយុសង្ខារ ហើយបុណ្យមាឃបូជានេះ ក៏ប្រារព្ធឡើងដើម្បីរម្លឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងក្នុងពិភពលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំមុនគ្រឹស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គបានចំនួន ៩ខែគត់៕

អត្ថបទ៖ វង្ស សុធារម្យ (AKP កំពត)









Post a Comment

0 Comments