Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ថ្នាក់ដឹកនាំខេត្តកំពតស្នើដល់ពលរដ្ឋនិងយុវវ័យឲ្យខំសិក្សាស្វែងយល់ថែរក្សានិងផ្សព្វផ្សាយវប្បធម៌ជាតិ


ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញស្នើដល់ពលរដ្ឋគ្រប់រូប និងគ្រប់ស្រទាប់យុវវ័យ ដែលជាអ្នកបន្តវេនដ៏រឹងមាំសូមខិតខំស្វែងយល់ និងសិក្សាស្រាវជ្រាវពីតម្លៃពិត នៃវប្បធម៌ជាតិ ដើម្បីបណ្តុះគំនិតឲ្យកាន់តែស្រលាញ់ និងសកម្មក្នុងការអភិរក្សថែរក្សា និងដឹងឧបការគុណដូនតា ដែលបានសន្សល់ទុកនូវមរតកសម្បត្តិវប្បធម៌ដ៏ស្តុកស្តម្ភមិនអាចកាត់ថ្លៃបាន និងសូមជួយបន្តផ្សព្វផ្សាយឲ្យបានផុសផុល ទាំងក្នុងតំបន់ និងលើពិភពលោក។

ថ្លែងនៅក្នុងពិធីអប់អរសាទរទិវាវប្បធម៌ជាតិ ៣មីនា លើកទី ២៨ ឆ្នាំ២០២៦ ដែលបានរៀបចំធ្វើឡើងនៅសាលាសន្និសីទបូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ខាន់ សុខា អភិបាលរងខេត្តកំពត បានមានប្រសាសន៍ថា ការប្រារព្ធនូវទិវាវប្បធម៌ជាតិ ៣មីនា ជាទិវាដ៏ មានសារៈសំខាន់សម្រាប់ប្រជាជាតិកម្ពុជា ដើម្បីរំលឹកដល់គុណូបការៈបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត បញ្ញាស្មារតី អាយុជីវិត ក្នុងការបង្កើត ថែរក្សាការពារ សម្បត្តិវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ទុកជូនដល់កូនចៅជំនាន់ក្រោយ។  ជាទិវាដែលដើរតួយ៉ាងសំខាន់ក្នុងការចូលរួមចំណែកបំផុសនូវមនសិកា ស្រឡាញ់សិល្បៈវប្បធម៌ បណ្តុះចំណេះដឹង បណ្តុះស្មារតី និងដឹងគុណចំពោះបុព្វការីជន ដែលបានខិតខំប្រឹងប្រែងកសាងសម្បត្តិវប្បធម៌ទាំងរូបី និងអរូបី ប្រកបដោយសក្តានុពលភាពសម្រាប់យើងគ្រប់ៗគ្នា ជាពិសេសសម្រាប់ស្រទាប់យុវវ័យ ដែលជាស្រទាប់បន្តវេនយ៉ាងសំខាន់ ដូចដែលបានសង្កត់ធ្ងន់ នៅក្នុងការបន្តអនុវត្តឲ្យកាន់តែខ្លាំងក្លាស៊ីជម្រៅ អស់រយៈពេល ១១ឆ្នាំ ចាប់ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២៦ ដោយរក្សា នូវប្រធានបទតែមួយ គឺ “ យុវជនដើម្បីវប្បធម៌ជាតិ ។
ឯកឧត្តមបានស្នើដល់ពលរដ្ឋគ្រប់រូប រួមជាមួយស្រទាប់យុវវ័យ ដែលជាអ្នកបន្តវេនដ៏រឹងមាំនោះ គប្បីខិតខំស្វែងយល់ និងសិក្សាស្រាវជ្រាវពីតម្លៃពិត នៃវប្បធម៌ជាតិ ដើម្បីកាន់តែស្រលាញ់ និងសកម្មក្នុងការអភិរក្ស និងដឹងឧបការគុណដូនតា ដែលបានបន្សល់ទុកមរតកសម្បត្តិវប្បធម៌ដ៏ស្តុកស្តម្ភនេះ និងសូមជួយផ្សព្វផ្សាយ បេតិកភណ្ឌវប្បធម៌ទាំងរូបី និងអរូបី ដែលនៅជិតខ្លួនដូចជា៖ ទួលអង្គ ស្រះបុរាណ វត្តបុរាណ គំនូរ ចម្លាក់បុរាណ ភ្លេងការ ភ្លេងពិណពាទ្យ វង់ល្ខោន។ ល ។ នៅក្នុងសហគមន៍កាន់តែក្លាយជាចំណូលចិត្ត និងចំណាប់អារម្មណ៍របស់ប្រជាពលរដ្ឋ ដើម្បីពង្រឹងឲ្យបាននូវអត្តសញ្ញាណជាតិខ្មែរ និងឯកភាពជាតិ។

ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពត លោក គង់ ផល្លា បានប្រាប់បញ្ជាក់ថា មន្ទីរបានបំពេញការងារយ៉ាងសកម្ម ក្នុងការអភិរក្ស ថែរក្សា និងលើកកម្ពស់តម្លៃ នៃសម្បត្តិវប្បធម៌ជាតិ ក្នុងនោះការងារបេតិកភណ្ឌវប្បធម៌រូបី មន្ទីរបានចូលរួមសកម្មក្នុងការការពារថែរក្សាបុរាណដ្ឋានរួមមាន៖ ប្រាសាទ និងសំណង់បាក់បែក នៃប្រាសាទ ស្ថានីយ៍បុរេប្រវត្តិ ទូលអង្គបុរាណ ចេតិយបុរាណ ស្រះបុរាណ និងបុរាណដ្ឋានផ្សេងៗទៀត ។ ចំពោះការងារបេតិកភណ្ឌអរូបី មន្ទីរបានធ្វើបច្ចុប្បន្នភាពស្ថិតិវប្បធម៌អរូបីគ្រប់ទម្រង់ ដល់ក្រុមសិល្បៈមហាជនទូទាំងខេត្តចំនួន ១៦៨ក្រុម ដើម្បីចុះបញ្ជីដោយផ្តល់អាទិភាពលើសិល្បៈដែលប្រឈម និងងាយបាត់បង់ដូចជា ចាប៉ីដងវែង សាដៀវ ភ្លេងអារក្ស កទ្រាំមីង ជាដើម។ មន្ទីរបាននិងកំពុងបន្តបណ្តុះបណ្តាល និងផ្សាព្វផ្សាយ កម្មវិធីវិក្រិតការបច្ចេកទេសប្រគំភ្លេងពិណពាទ្យ ប្រពៃណី កទ្រាំមីង ដល់វង់មហាជន និងសិស្សានុសិស្សជាច្រើននាក់ផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត 

















Post a Comment

0 Comments