ជាមួយសន្ទុះភ្ញៀវមកពីទីជិតឆ្ងាយដែលចូលមកសម្រាកកម្សាន្តនៅខេត្តកំពតយ៉ាងច្រើនកុះករនោះ បានធ្វើឱ្យបរិមាណសំរាមមានការកើនឡើងក្នុងក្រុងកំពត ដោយគិតជាមធ្យម១ថ្ងៃៗមានប្រមាណពី៥០តោន ទៅ៦០តោន អំឡុងឱកាសនៃពិធីបុណ្យអុំទូក។ ទន្ទឹមនឹងនេះគេសង្កេតឃើញថា ភ្ញៀវភាគច្រើនបានប្រកាន់នូវឥរិយាបថល្អលើការវេចខ្ចប់ និងទុកដាក់កាកសំណល់តាមទីកន្លែងកំណត់បានត្រឹមត្រូវ ដែលនេះបានបង្ហាញពីការចូលរួមចំណែកក្នុងការថែរក្សាអនាម័យបរិស្ថាន។
លោក សួន សុភ័ក្ត្រ ប្រធានក្រុមហ៊ុនសម្អាតអនាម័យ កំពតហ្គ្រីន បានប្រាប់ឱ្យដឹងថា គិតជាមធ្យម អំឡុងពេលនៃពិធីបុណ្យអុំទូក សម្រាប់ក្រុងកំពតសំរាមមានប្រមាណពី ៥០តោន ទៅ ៦០តោនក្នុង១ថ្ងៃៗ ព្រោះតែកំណើនភ្ញៀវសម្រុកមកលេងច្រើន។ តាមការកត់សម្គាល់ ភ្ញៀវភាគច្រើនមានទម្លាប់ល្អ ដោយពួកគាត់ចេះវេចខ្ចប់ ហើយទុកដាក់សំរាមបានត្រឹមត្រូវ និងចំទីកន្លែងដែលក្រុមហ៊ុនត្រូវប្រមូលយកចេញ។ លោកប្រធានក្រុមហ៊ុនបានបញ្ជាក់ថា ទង្វើបែបនេះជាផ្នែកមួយជួយសម្រាលដល់ក្រុមកម្មករបានចំណេញពេលវេលា ដើម្បីទៅសម្អាតនៅទីសាធារណៈ ក៏ដូចជាកន្លែងសំខាន់ៗដទៃទៀត ព្រោះគ្រប់ទីកន្លែងកម្សាន្ត សំរាមមិនអាចទុកឆ្លងថ្ងៃបានទេ ទោះពេលយប់មានរាយប៉ាយក្តី គឺចាប់ពីព្រឹកព្រលឹមត្រូវតែស្អាតមិនអាចបន្សល់នៅឱ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវបានឡើយ។ ជាមួយគ្នានេះដែរលោកសង្ឃឹមថា សម្រាប់ពិធីធំៗទៅថ្ងៃមុខ ទាំងប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវមកពីទីជិតឆ្ងាយនឹងបន្តប្រកាន់ទម្លាប់ល្អនេះដើម្បីរក្សាសោភ័ណភាព អនាម័យបរិស្ថានស្អាតសម្រាប់ខេត្តទេសចរណ៍មួយនេះទាំងអស់គ្នា។សូមបញ្ជាក់ថា រយៈពេល៣ថ្ងៃនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ខេត្តកំពតមានភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកលេងកម្សាន្តចំនួន ១៩៥.៦៩១នាក់។ បរិមាណនេះបានកើនឡើង ៥០,៩៧ភាគរយ បើប្រៀបធៀបនឹងពិធីបុណ្យអុំទូកកាលពីឆ្នាំ២០២៤។ ក្នុងចំណោមនោះ ភ្ញៀវជាតិ ១៩៤.២០៤នាក់ និងទេសចរបរទេសចំនួន ១.៤៨៧នាក់៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត




















0 Comments