Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អាជ្ញាធរស្រុកទឹកឈូ និងយុវជន ស.ស.យ.ក ផ្តល់អាហារ ទឹកសុទ្ធ និងផ្ញើកង់ម៉ូតូឥតគិតថ្លៃសម្រាប់បេក្ខជនប្រឡងតាមមណ្ឌលក្នុងស្រុក

ដើម្បីរំចំណែកក្នុងការចំណាយលើអាហារថ្ងៃត្រង់ ទឹកសុទ្ធ ក៏ដូចជាការផ្ញើកង់ម៉ូតូរបស់បេក្ខជនដែលត្រូវមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅក្នុងមូលដ្ឋានស្រុកទឹកឈូ អភិបាលស្រុក និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកទឹកឈូ បានរៀបចំអាហារ ទឹកសុទ្ធ រួមជាមួយនឹងការផ្ញើកង់ម៉ូតូដោយមិនគិតថ្លៃសម្រាប់បេក្ខជននៅក្នុងមណ្ឌលប្រឡងចំនួន៣ ក្នុងស្រុក។ ទន្ទឹមនឹងនោះ អាជ្ញាធរស្រុក ក៏ដូចជា ស.ស.យ.ក ក៏បានផ្តល់បន្ទប់ស្នាក់នៅសម្រាប់បេក្ខជនដែលមានជីវភាពខ្វះខាតផងដែរ។

អភិបាលស្រុកទឹកឈូ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក លោក អ៊ឹម ច័ន្ទសោធន នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ បានដឹកនាំអាជ្ញាធរ និងសមាជិក សមាជិកា ស.ស.យ.ក ស្រុក ចុះចែកអាហារ ទឹក រួមនឹងការរៀបចំកន្លែងផ្ញើកង់ម៉ូតូដោយមិនគិតប្រាក់សម្រាប់បេក្ខជនដែលត្រូវមកប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងភូមិសាស្ត្រស្រុកទឹកឈូ។ លោកអភិបាលស្រុកបានឱ្យដឹងថា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត អាជ្ញាធរស្រុកទឹកឈូ បានរៀបចំការចែកអាហារ ទឹកសុទ្ធ ព្រមទាំងរៀបចំទីតាំងផ្ញើកង់ម៉ូតូដោយមិនគិតប្រាក់ក្នុងមណ្ឌលប្រឡងចំនួន៣ ក្នុងនោះមាន មណ្ឌលវិទ្យាល័យ ហ៊ុន សែន ត្រសេកកោង, មណ្ឌលអនុវិទ្យាល័យ ហ៊ុន សែន ជុំគ្រៀល និងមណ្ឌលវិទ្យាល័យព្រះនរោត្តមរណឫទ្ធិ ដែលមានបេក្ខជនប្រឡងសរុបចំនួន ១,៦១៧នាក់។

លោកអភិបាលស្រុកទឹកឈូ បានបន្តថា ការដែលរៀបចំឱ្យមានការចែកអាហារ ទឹកសុទ្ធ ក៏ដូចជាផ្ញើកង់ម៉ូតូដោយមិនគិតថ្លៃនេះ គឺដើម្បីរួមចំណែកកាត់បន្ថយក្នុងការចំណាយរបស់បេក្ខជនប្រឡង ក៏ដូចជាដើម្បីបង្ករភាពងាយស្រួលសម្រាប់បេក្ខជនដែលមានទីលំនៅឆ្ងាយពីមណ្ឌលប្រឡង។ ជាមួយគ្នានេះដែរ អាជ្ញាធរស្រុកក៏បានផ្តល់កន្លែងស្នាក់នៅដោយមិនគិតថ្លៃសម្រាប់បេក្ខជនដែលមានជីវភាពខ្វះខាត ដោយគ្រាន់តែបេក្ខជនទំនាក់ទំនងមកកាន់ក្រុមការងារ ស.ស.យ.ក ស្រុក នោះក្រុមការងារនិងរៀបចំជូន។ ជាមួយគ្នានេះលោកអភិបាលស្រុកក៏បានថ្លែងអំណរគុណដល់ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក៏ដូចជាសប្បុរសជននានាក្នុងស្រុក ដែលបានចូលរួមឧបត្ថម្ភគាំទ្រសកម្មភាពនេះ ហើយលោកសង្ឃឹមថា សកម្មភាពនៃការចែកអាហារ ទឹកសុទ្ធ និងការផ្ញើកង់ម៉ូតូដោយមិនគិតប្រាក់សម្រាប់បេក្ខជនប្រឡងនឹងបន្តជារៀងរាល់ឆ្នាំ។

សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៨ សីហា ២០២៥ ខេត្តកំពតមានមណ្ឌលប្រឡង ១០មណ្ឌល ស្មើ ២១៥បន្ទប់ មានបេក្ខជនសរុប ៥,៣១៧នាក់ ក្នុងនោះស្រី ២.៩៩៥នាក់ ដែលក្នុងនោះថ្នាក់វិទ្យាសាស្ត្រមាន ៣មណ្ឌល (វិទ្យាល័យកំពតក្រុង ២មណ្ឌល និងអនុវិទ្យាល័យហ៊ុនសែនអង្គរជ័យ ១មណ្ឌល) ស្នើ  ៥៥បន្ទប់ មានបេក្ខជនសរុប ១,៣៤៤នាក់ ស្រី ៨៥៨នាក់។ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ៧មណ្ឌល (មានវិទ្យាល័យព្រះរាជសម្ភារ វិទ្យាល័យឌីប៉ុកសាមគ្កី វិទ្យាល័យត្រសេកកោង អនុវិទ្យាល័យហ៊ុនសែនជុំគ្រៀល វិទ្យាល័យព្រះនរោត្តមរណឫទ្ធិ វិទ្យាល័យ ជា ស៊ីម អង្គរជ័យ និងសាលាបឋមអេងមាសតានី) មាន ១៦០បន្ទប់ បេក្ខជនសរុប ៣,៩៧៣នាក់ ស្រី ២,១៣៧នាក់៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
















Post a Comment

0 Comments