Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ប្រធានកិត្តិយសសមាគមនារីខេត្តកំពតជំរុញដល់យុវតីថ្នាក់ទី១២ត្រូវសិក្សាឱ្យចំគោលដៅដើម្បីទទួលបានការងារល្អនាពេលអនាគត

ប្រធានកិត្តិយសសាខាសមាគមនារីខេត្តកំពតបានធ្វើការជំរុញដល់យុវតីថ្នាក់ទី១២នៃវិទ្យាល័យចំនួន២ ក្នុងក្រុងកំពត ឱ្យខិតខំសិក្សា និងស្វែងយល់ឱ្យបានច្បាស់នូវមុខវិជ្ជាដែលសំខាន់ៗសម្រាប់ទីផ្សារការងារនាពេលបច្ចុប្បន្ន ដើម្បីក្រោយពេលប្រឡងបញ្ជប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាចចាប់យកជំនាញសិក្សានៅសកលវិទ្យាល័យបានត្រឹមត្រូវ។ ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត ក៏បានស្នើឱ្យអាណាព្យាបាល និងលោកគ្រូ អ្នកគ្រួ រួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ ផ្តល់ការជំរុញ និងបង្ហាញផ្លូវដល់ពួកគាត់ឱ្យបានយល់ច្បាស់ពីការជ្រើសរើសជំនាញសិក្សាសម្រាប់អនាគត។

ថ្លែងទៅកាន់យុវតីដែលជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះរាជសម្ភារ ក្នុងវេទិការផ្សព្វផ្សាយស្តីពីការ តម្រង់ទិសជូនដល់យុវតីសិស្សថ្នាក់ទី១២ ក្រោមប្រធានបទ “កំណតគោលដៅសិក្សា និងអាជីពការងារ” នាសាលសន្និសីទបូកគោ សាលាខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានលើកឡើងថា ការជ្រើសរើសជំនាញវិជ្ជាជីវៈសម្រាប់បន្តការសិក្សានៅថ្នាក់សកលវិទ្យាល័យ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់សិស្សានុសិស្សនាពេលបច្ចុប្បន្ន ពិសេសគឺយុវតីដើម្បីទទួលបានការងារល្អ។ ដូច្នេះប្អូនៗយុវតីដែលជាសិស្សថ្នាក់ទី១២ទាំងអស់ ត្រូវស្វែងយល់ឱ្យបានច្បាស់ទៅលើការសិក្សាមុខវិជ្ជាសំខាន់ៗ ដើម្បីចាប់យកជំនាញសិក្សានៅសកលវិទ្យាល័យឱ្យចំគោលដៅ និងស្របទៅតាមទីផ្សារការងារនាពេលបច្ចុប្បន្ន។

លោកជំទាវប្រធានកិត្តិយសសាខាសាគមនារី បានបន្តថា ការបើកវិទិការនេះឡើងគឺដើម្បីផ្តល់ឱកាស ក៏ដូចជាបង្ហាញផ្លូវដល់យុវតីសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នាពេលខាងមុខទាំងអស់ បានស្តាប់ និងដកស្រង់បទពិសោធន៍ពីវាគ្មិនដែលធ្វើបទបង្ហាញក្នុងវេទិការនេះ ហើយយកទៅសិក្សា និងអនុវត្តន៍ ដើម្បីទទួលបានជោគជ័យក្នុងការជ្រើសរើជំនាញសិក្សានៅសកលវិទ្យាល័យ។ ទន្ទឹមនឹងនោះដែរ អាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ រួមនឹងភាគីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់លើកទឹកចិត្ត និងលើកកម្ពស់ការសិក្សារបស់យុវតីទាំងអស់ ធ្វើយ៉ាងណាឱ្យពួកគេទទួលបានការសិក្សាបានខ្ពងខ្ពស់ និងទទួលបានការងារល្អក្នុងសង្គម ក្នុងន័យដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាមួយរាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា វេទិការផ្សព្វផ្សាយស្តីពីការ តម្រង់ទិសជូនដល់យុវតីសិស្សថ្នាក់ទី១២ ក្រោមប្រធានបទ “កំណតគោលដៅសិក្សា និងអាជីពការងារ” ដែលធ្វើឡើងសម្រាប់ក្រុងកំពតនាពេលនេះ មានយុវតីសិស្សថ្នាក់ទី១២ ចំនួន ១៩៨នាក់ ដែលមកពីវិទ្យាល័យមិត្តភាព កម្ពុជា-ជប៉ុន កំពតក្រុង និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសព្រះរាជសម្ភារ ដោយមានការចូលរួមពីសំណាក់លោកគ្រូ អ្នកគ្រូដែលបង្រៀននៅវិទ្យាល័យទាំងពីរផងដែរ។ ហើយវេទិការនេះនិងធ្វើឡើងជាបន្តបន្ទាប់នៅគ្រប់ក្រុង-ស្រុកទាំង៩ ក្នុងខេត្តកំពត៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង


















Post a Comment

0 Comments