បញ្ហាចរាចរណ៍ផ្លូវគោក ជាក្តីព្រួយបារម្ភខ្លាំងមួយរបស់រាជរដ្ឋាភិបាល ដោយគ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឱ្យអត្រានៃមនុស្សស្លាប់ និងរងរបួសពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាលំដាប់។ ហើយដើម្បីកាត់បន្ថយអត្រាការស្លាប់ និងរងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងថ្នាក់ដឹកនាំខេត្តកំពតអំពាវនាវដល់អ្នកបើកបរឬអ្នកប្រើប្រាស់ផ្លូវទាំងអស់ត្រូវបង្កើនស្មារតីប្រុងប្រយ័ត្ន និងគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួន។
ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក នៅក្រុងកំពត ដែលរៀបចំឡើងដោយក្រសួងអធិការកិច្ច សហការជាមួយមន្ទីរអធិការកិច្ចខេត្តកំពត នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ លោកជំទាវ វី ស្រីពៅ រដ្ឋលេខាធិការក្រសួងអធិការកិច្ច បានលើកឡើងថា រដ្ឋាភិបាលអាណត្តិមុនដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាអាទិភាពចំពោះបញ្ហាចរាចរណ៍ ទាំងការអប់រំ ការបង្ការ ការទប់ស្កាត់ និងការចាត់វិធានការផ្សេងៗ រួមទាំងវិធានការណ៍ច្បាប់។ ហើយកិច្ចការងារទាំងនោះ បានបន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេច តែងតែក្រើនរំលឹកឱ្យមន្ត្រីអនុវត្តច្បាប់ ត្រូវពង្រឹងការអនុវត្តច្បាប់ និងការត្រួតពិនិត្យ ព្រមទាំងបានចេញបទបញ្ជាឱ្យអនុវត្តច្បាប់ចំពោះអ្នកបើកបរទាំងឡាយណាដែលប្រព្រឹត្តបទល្មើសចរាចរណ៍ជាក់ស្តែង ហើយត្រូវតែអនុវត្តតាមច្បាប់ឱ្យបានម៉ឺងម៉ាត់ ដោយកុំខ្លាចមានការអន្តរាគមន៍ពីនរណាឡើយ ព្រោះមាននាយករដ្ឋមន្រ្តីជាបង្អែក។លោកជំទាវបានបញ្ជាក់ថា បញ្ហាចរាចរណ៍ផ្លូវគោកជាក្តីព្រួយបារម្ភខ្លាំងមួយរបស់រាជរដ្ឋាភិបាល ដោយគ្រោះថ្នាក់ចរាចរណ៍នេះ បានធ្វើឱ្យអត្រានៃមនុស្សស្លាប់ រងរបួសពីមួយឆ្នាំទៅមួយឆ្នាំមានការកើនឡើងជាលំដាប់ ដែលនេះគេមិនទាន់និយាយទៅដល់ការបន្សល់ទុកស្ត្រីមេម៉ាយ កូនកំព្រា ការនិរាសព្រាត់ប្រាស់ក្នុងគ្រួសារ និងជនពិកានៅឡើយ។ បើយោងតាមរបាយការណ៍ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្តាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬរធ្វេសប្រហែស ដូចជាបើកបរលើសល្បឿនកំណត់ វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង ខ្វះការប្រុងប្រយ័ត្ន មិនមានការយោគ យល់អធ្យាស្រ័យ និងមិនគោរពសិទ្ធិអាទិភាពជាដើម ។
ទន្ទឹមនេះលោកជំទាវក៏បានធ្វើការអំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់ផ្លូវទាំងអស់ សូមមេត្តាខិតខំយកចិត្តទុកដាក់បង្កើនស្មារតីចូលរួមបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដោយបើកបរត្រូវគោរពច្បាប់ ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌ និងការយោគយល់អធ្យាស្រ័យ មិនត្រូវបើកបរលើសល្បឿនកំណត់ ត្រូវពាក់មួកសុវត្ថិភាពជានិច្ចពេលជិះម៉ូតូ។ ម្យ៉ាងទៀតពេលធ្វើដំណើរតាមយានយន្ត ទោះជិតឬឆ្ងាយ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វាំង ភ្លើងបំភ្លឺ ជាពិសេសមិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត។
ក្នុងឱកាសនោះដែរ ឯកឧត្តម ពេញ ធារម្យ អភិបាលរងខេត្តកំពត ក៏បានលើកទឹកចិត្តឱ្យសិស្សានុសិស្ស និងយុវជន ក្រៅពីការខិតខំសិក្សាឈ្វេងយល់ និងគោរពច្បាប់ចរាចរណ៍ដើម្បីធ្វើជាពលរដ្ឋគំរូនោះ ក៏ត្រូវជួយផ្សព្វផ្សាយច្បាប់នេះបន្តដល់បងប្អូន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានទូលំទូលាយ ព្រោះការគោរពច្បាប់ចរាចរណ៍ពេលធ្វើដំណើរ អាចជួយសង្គ្រោះអាយុវជីវិត និងការពារទ្រព្យសម្បត្តិខ្លួនឯង និងអ្នកដទៃ៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments