Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃណែនាំឱ្យរដ្ឋបាលដែនដីគ្រប់ថ្នាក់យកចិត្តទុកដាក់លើការងារមួយចំនួនដើម្បីពង្រឹងអភិបាលកិច្ចល្អ

ថ្នាកដឹកនាំក្រសួងមហាផ្ទៃបានបញ្ជាក់ថា ដើម្បីបម្រើសេវា និងផលប្រយោជន៍ប្រជាជនតាមគោលការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ គឺរដ្ឋបាលដែនដីគ្រប់លំដាប់ ត្រូវផ្តោតសំខាន់លើការងារលើកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមឲ្យបានល្អប្រសើរ។ ដូច្នេះរដ្ឋបាលដែនដីគ្រប់ថ្នាក់ត្រូវពង្រឹង និងអនុវត្តការងារនេះ ឱ្យល្អប្រសើរបន្ថែមទៀត។

ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រស្តីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ២០២៤-២០២៨ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋានតាមបណ្តាក្រុង-ស្រុក ឃុំ-សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤  ឯកឧត្តម ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា ចក្ខុវិស័យរបស់ក្រសួងមហាផ្ទៃគឺ តម្រូវឱ្យរដ្ឋបាលដែនដីនៅគ្រប់ថ្នាក់ ដែលជារដ្ឋបាលរបស់ប្រជាជន កើតចេញពីប្រជាជន បម្រើសេវា និងផលប្រយោជន៍ប្រជាជនតាមគោលការណ៍អភិបាលកិច្ចល្អ និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ប្រទេសជាតិមានសុខសន្តិភាព សន្តិសុខ មានសណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ដែលជាបុរេលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ប្រជាជនមានសិទ្ធិសេរីភាព មានជីវភាពរស់នៅល្អប្រសើរ និងការរស់នៅប្រកបដោយភាពសុខក្សេមក្សាន្ត។ ហើយការសម្រេចបាននូវចក្ខុវិស័យខាងលើនេះនឹងចូលរួមចំណែកសម្រេចបាននូវចក្ខុវិស័យកម្ពុជា ប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០២៣ និងសំដៅកសាងកម្ពុជាឱ្យក្លាយជាអរិយប្រទេសមួយនៅឆ្នាំ២០៥០។

ឯកឧត្តមរដ្ឋលេខាធិការបានបន្តថា ផែនការយុទ្ធសាស្ត្រស្តីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម គឺដើម្បីជំរុញដល់ការងារអភិបាលកិច្ចល្អ មានគោលបំណងសំខាន់ដើម្បីសម្រេចបាននូវបេសកកម្ម និងចក្ខុវិស័យរបស់ក្រសួងមហាផ្ទៃ គឺការលើកកម្ពស់ការគ្រប់គ្រង និងការផ្តល់សេវាសាធារណៈរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិនៅគ្រប់ថ្នាក់ ព្រមទាំងការពង្រឹងសន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម ដើម្បីឆ្លើយតបទៅនឹងតម្រូវការ សំណើ សំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងដោះស្រាយបញ្ហាប្រឈមនានាប្រកបដោយប្រសិទ្ធភាព គុណភាព គណនេយ្យភាព តម្លាភាព យុត្តិធម៌ បិរយាបន្ន និងសមធម៌សង្គម។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានឱ្យដឹងដែរថា ក្នុងរយៈពេលដើមឆ្នាំ២០២៤នេះ ការងារសន្តិសុខ សុវត្តិភាព និងសណ្តាប់ធ្នាប់សាធារណៈ មានលក្ខណៈល្អប្រសើរនៅគ្រប់ផ្នែក ទាំងសន្តិសុខក្នុងភូមិសាស្ត្រខេត្តកំពត ក៏ដូចជាសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម។ ឯកឧត្តមអភិបាលខេត្តបានបន្តថា ជាមួយការអនុវត្តភារកិច្ចដ៏ចាំបាច់នេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពត បានចូលរួមយ៉ាងសកម្ម និងសស្រាក់សស្រាំយកចិត្តទុកដាក់អស់ពីកម្លាំងកាយកម្លាំងចិត្ត ប្រាជ្ញាស្មារតី ដើម្បីចូលរួមរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងភាពសុខដុមរមនាជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក ដោយពុំមានហេតុការណ៍ណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ៕

អត្ថបទ៖ មន្ទីរព័ត៌មានខេត្តកំពត, រូបភាព៖ អាំង សំណាង
























Post a Comment

0 Comments