ប្រជាកសិករដែលរស់នៅក្បែរប្រឡាយ នៃគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត បានសម្តែងសេចក្តីរំភើបរីករាយយ៉ាងខ្លាំង ពេលបានដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានរាជរដ្ឋាភិបាលបើកការដ្ឋានស្ថាបនានៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ ពួកគាត់ជឿជាក់ថាគម្រោងនេះនឹងអាចជួយដល់ជីវភាពរបស់ពលរដ្ឋក្នុងសហគមន៍ឱ្យកាន់តែល្អប្រសើរ តាមរយះការលើកកម្ពស់វិស័យកសិកម្ម។ ពួកគាត់សង្ឃឹមថា ក្រោយពេលមានវត្តមានព្រែកជីនៅក្នុងស្រុកបន្ទាយមាស ដែលជាស្រុកមានប្រជាពលរដ្ឋប្រកបរបរកសិកម្មច្រើន ពិសេសការដាំដុះបន្លែ ការបង្កបង្កើនផលដំណាំស្រូវប្រាំង នឹងមានភាពល្អប្រសើព្រោះអាចមានទឹកប្រើប្រាស់គ្រប់គ្រាន់ គ្រប់រដូវ ដែលជាហេតុធ្វើឱ្យការដាំដុះរបស់ពួកគាត់បានល្អប្រសើរ។
អភិបាលរងស្រុកបន្ទាយមាស លោក សុខ មករា បានបង្ហាញក្តីរំភើបរីករាយដែរថា ក្នុងនាមអាជ្ញាធរ និងប្រជាកសិករក្នុងស្រុកបន្ទាយមាស ពិតជាគាំទ្រយ៉ាងពេញទឹហឹង និងអរគុណដល់រាជរដ្ឋាភិបាល ដែលបានខិតខំជំរុញគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោ ឱ្យបានឆាប់លេចចេញជារួបរាងនាពេលដ៏ខ្លីខាងមុខនេះ។ លោកអភិបាលរងបញ្ជាក់ថា គម្រោងនេះមានប្រយោជន៍ច្រើនដល់ពលរដ្ឋក្នុងស្រុកបន្ទាយមាស ពិសេសនិងធ្វើឱ្យវិស័យកសិកម្មមានភាពរីកចម្រើន តាមរយៈការផ្ដល់ទឹកសម្រាប់ស្រោចស្រពគ្រប់រដូវកាល ផ្តល់ផ្លូវទឹកដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ទីផ្សារជាដើម និងធ្វើឱ្យតម្លៃកសិផលកាន់តែមានទីផ្សារល្អផងដែរ។សូមបញ្ជាក់ថា ស្រុកបន្ទាយមាស ជាស្រុកមួយក្នុងចំណោមស្រុកចំនួន៣របស់ខេត្តកំពត ដែលគម្រោងព្រែកជីកហ្វូណនតេជោឆ្លងកាត់ ហើយស្រុកបន្ទាយមាសជាស្រុកដែលមានសិក្តានុពលផ្នែកកសិកម្ម ពិសេសជាស្រុកដែលផលិតស្រូវបានច្រើនជាងគេក្នុងខេត្ត។ កន្លងមកស្រុកនេះ តែងតែប្រឈមជាមួយនឹងបញ្ហាជន់លិចនៅក្នុងរដូវវស្សា ប្រឈមនឹងការរាំងស្ងួតខ្វះទឹកស្រោចស្រពនៅរដូវប្រាំងផងដែរ ហើយប្រសិនបើគម្រោងព្រែកជីកហ្វូណនតេជោស្ថាបនារួចរាល់ នោះនិងអាចជួយដោះស្រាយបញ្ហាទាំងនេះបាន៕
អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត
0 Comments