Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

សង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន អង្គចក ស្រុកជុំគិរីលើកយករបាំ និងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទបង្ហាញដល់យុវជន

សិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន អង្គចក ស្ថិតនៅក្នុងភូមិត្រពាំងវែង ឃុំត្រពាំងរាំង ស្រុកជុំគិរី  ខេត្តកំពត បានលើកឡើងថា ពួកគេពិតជាសប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង ដែលឆ្នាំនេះសាលារៀនបានរៀបចំសង្ក្រាន្តឆ្នាំថ្មីបានល្អ  អធឹកអធម និងសប្បាយរីករាយជាងមុន។ ពួកគាត់បានបង្ហាញការកត់សំគាល់ឃើញថា  សង្ក្រាន្តឆ្នាំនេះរៀបចំឡើងមានភាពទាក់ទាញខ្លាំង ដោយសារសាលាបានរៀបចំសម្តែងរបាំ និងមានការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទ ពីក្រុមសិស្សានុសិស្ស។ ហើយទិដ្ឋភាព និងបរិយាកាសជារួមនៃសង្ក្រាន្តឆ្នាំនេះ មើលទៅមានទម្រង់ជាខ្មែរសុទ្ធសាធ មិនបានចម្លងពីប្រទេសណាទេ។ 

លោក កៅ ជ្រឿន នាយករងសាលាវិទ្យាល័យ ហ៊ុន សែន អង្គចក បានប្រាប់ឱ្យដឹងថា សង្ក្រាន្តវិទ្យាល័យ ហ៊ុន សែន អង្គចក ឆ្នាំនេះរៀបចំបានល្អ ក្រោមបរិយាកាសសប្បាយរីករាយបំផុត ដោយមានការចូលរួមពីអាជ្ញាធរ ថ្នាក់ដឹកនាំមន្ទីរអប់រំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋមកទស្សនាជាង ១ពាន់នាក់។ សង្ក្រាន្តរៀបចំឡើងដោយផ្ទិតផ្ចង់បំផុត ដោយគិតទៅលើអត្ថរូប និងអត្ថន័យ ដើម្បីបំផុសយុវជនឱ្យមានការចូលរួមថែរក្សា សិល្បៈ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ និងល្បែងប្រជាប្រិយរបស់ខ្មែរ។ លោកបានបន្តថា កម្មវិធីសង្ក្រាន្តឆ្នាំនេះមានដូចជា៖ ការប្រគេនចង្ហាន់ដល់ព្រះសង្ឃ និងលើករាសី ការសម្តែងរបាំត្រុដិ របាំជូនពរ របាំគោះអង្រែ របាំពង្សាវតាខ្មែរ ព្រមទាំងមានការទស្សនា និងភ្លក់ម្ហូបអាហារដែលបានរៀបចំដោយសិស្សតាមតូបនីមួយៗ  កម្មវិធីប្រឡងចម្រៀង ការលេងល្បែងប្រជាប្រិយខ្មែរដូចជា៖ វាយក្អម ឆក់ស្លឹកឈើ ចោលឈូង លាក់កន្សែង ។ល។

លោកបានបន្តថា តំណាងឱ្យគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យ ហ៊ុន សែន អង្គចក សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ដែលបានខិតខំលះបង់គ្រប់បែបយ៉ាងដើម្បីស្វែងរកសន្តិភាព និងការអភិវឌ្ឍន៍លើកគ្រប់វិស័យ ពិសេសបង្កឱកាសឱ្យសាលារៀនបានរៀបចំសង្ក្រាន្តឆ្នាំថ្មីយ៉ាងសប្បាយរីករាយបំផុត។

ស្រុកជុំគិរី គឺជាស្រុកមួយដែលជាអតីតសមរភូមិសង្គ្រាមអូសបន្លាយយូរជាងគេ ក្នុងចំណោមស្រុកទាំងអស់របស់ខេត្តកំពត ប៉ុន្តែបច្ចុប្បន្ន ក្រោមម្លប់នៃសុខសន្តិភាព ស្រុកជុំគិរី មានការអភិវឌ្ឍន៍រីកច្រើនលើកគ្រប់វិស័យ ក្នុងនោះវិស័យអប់រំ កូនចៅប្រជាពលរដ្ឋមានឱកាសសិក្សារៀនសូត្របានគ្រប់ៗគ្នា ជាក់ស្តែងសង្ក្រាន្តវិទ្យាល័យអាចដំណើរការទៅបានយ៉ាងរីករាយនាពេលនេះ ក៏ដោយសារតែមានការចូលរួមសហការសាមគ្គី រៀបចំពីសំណាក់សិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូទាំងអស់ផងដែរ៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត










































Post a Comment

0 Comments