Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា៖ សូមអំពាវនាវដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកផលិតមាតិកា វីដេអូ និង អ្នកសរសេរប្លុក មួយចំនួនជាពិសេសក្រុម MMO សូមគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានក្នុងការផលិតខ្លឹមសារដោយមិនត្រូវគិតត្រឹម តែការទាក់ទាញយកចំនួន Likes ; Shares, Views ដើម្បីបានប្រាក់ឡើយ

ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ សូមអំពាវនាវដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកផលិតមាតិកា វីដេអូ និង អ្នកសរសេរប្លុក មួយចំនួនជាពិសេសក្រុម MMO សូមគោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានក្នុងការផលិតខ្លឹមសារដោយមិនត្រូវគិតត្រឹម តែការទាក់ទាញយកចំនួន Likes ; Shares, views ដើម្បីបានប្រាក់ឡើយ, ប៉ុន្តែត្រូវឈរលើមូលដ្ឋានវិជ្ជាជីវៈ ការគោរពនូវសិទ្ធិឯកជនរបស់បុគ្គល និងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សារធារណៈ និងការបង្កចលាចល និងភាពវឹកវរដោយសារតែការចង់បានការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ឬតិកតុក របស់ខ្លួន។

ឯកឧត្តម សង្ឃឹមថា អ្នកផលិតមាតិកាវីដេអូ ឬ ប្លុក នឹងចូលរួមប្រើប្រាស់ភាពច្នៃប្រឌិត និងទស្សនៈ សុទិដ្ឋិនិយមរបស់ខ្លួន ដើម្បីបង្ហាញពីភាពស្រស់ស្អាត និងការពិតរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

ទាំងនេះជាការអំពាវនាវរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធក្រុមហ៊ុន Influence Media ជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ នៅល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ នាមជ្ឈមណ្ឌលសន្និបាត PH GRAND ប៉េងហួត បឹងស្នោរ រាជធានីភ្នំពេញ ។

ជាមួយការបើកសម្ពោធក្រុមហ៊ុន Influence Media ក៏មានការបើកដំណើរការផ្សព្វផ្សាយ របស់កាសែត INNews ដែលស្ថិតក្រោមការ គ្រប់គ្រងរបស់ក្រុមហ៊ុន Influence Media ផងដែរ។


តាមការបញ្ជាក់របស់ លោក Tommy អគ្គនាយកក្រុមហ៊ុន Liberty Group និងលោក Amo នាយកប្រតិបត្តិក្រុមហ៊ុន Influence Media បានដឹងថា Influence Media ជាទីភ្នាក់ងារផ្សព្វផ្សាយដែលមានផ្តល់សេវាជាច្រើន លើសពីការផ្សព្វផ្សាយព័ត៌មាន ក្នុងនោះមានដូចជាការផ្សព្វផ្សាយម៉ាកផលិតផល ការធ្វើទីផ្សារ ឌីជីថល ការផលិតមាតិកាវីដេអូតាមប្រព័ន្ធ Internet ការស្រាវជ្រាវ និងវិភាគទីផ្សារ ការរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ផ្សេងនានា និងការ ផ្សាយពាណិជ្ជកម្ម តាម Billboard នៅទីសាធារណៈ ។

Influence Media ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Liberty Group ដែលគ្របដណ្តប់លើប្រព័ន្ធផ្សព្វផ្សាយ បច្ចេកវិទ្យា រថយន្ត និងសេវាកម្មហិរញ្ញវត្ថុ ។


ចាប់តាំងពីពេលបង្កើតក្រុមហ៊ុនឡើងនៅឆ្នាំ២០២៣ ក្រុមហ៊ុនបានទទួលអាជ្ញាប័ណ្ណសារព័ត៌មានស្របច្បាប់ និងការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ហើយក្រុមហ៊ុនបានប្រកាន់ខ្ជាប់នូវការផ្សព្វផ្សាយព័ត៌មានជាភាសាខ្មែរ ចិន និងអង់គ្លេស ស្របតាមច្បាប់ប្រទេសកម្ពុជា និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ហើយក៏ជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយដ៏ទូលំទូលាយលើផ្នែក សង្គម វប្បធម៌ សិល្បៈ និងកីឡាជាដើម។


ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា មានប្រសាសន៍ថា ការបើកដំណើរការក្រុមហ៊ុន Influence Media នាឱកាសនេះនេះ ជាការចូលរួមបន្ថែមនៅក្នុងការបង្កើតភាពសម្បូណ៌បែបនៃការផ្តល់សេវាក្នុងវិស័យសារព័ត៌មាន។ ជាមួយគ្នានេះ ក៏បានធ្លុះបញ្ចាំងឱ្យឃើញនូវការ រីកចម្រើននៃវិស័យសារព័ត៌មាននៅកម្ពុជា ព្រមទាំងបានចូលរួមយ៉ាងសកម្មជាប្រភពបន្ថែមក្នុងការផ្តល់ព័ត៌មាន និងការកម្សាន្តជូនប្រជាពលរដ្ឋក្នុងបរិបទឌីជីថល។


ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងព័ត៌មានតែងតែគាំទ្រ និងលើកទឹកចិត្តដល់ការបង្កើតប្រព័ន្ធផ្សព្វផ្សាយនានា ដោយក្រសួងជឿជាក់ថាការ ផ្សព្វផ្សាយព័ត៌មានតាមបណ្តាញផ្សព្វផ្សាយចម្រុះមិនត្រឹមតែធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាសាធារណជនទូទៅ ទទួលបានព័ត៌មានពិតឆាប់ រហ័សអំពីប្រទេសកម្ពុជា ប៉ុណ្ណោះទេថែមទាំង ជំរុញលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ និង រួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ ផង ដែរ។


ឯកឧត្តម រដ្ឋមន្រ្តី បានជម្រាបជូនថា បច្ចុប្បន្ននេះ ប្រព័ន្ធផ្សព្វផ្សាយទាំងបុរាណ និងទំនើបនៅកម្ពុជាមានចំនួនជាង ២ ០០០ ដែលបានចុះបញ្ជីស្របតាមច្បាប់នៅក្រសួងព័ត៌មាន និងកំពុងតែដើរតួនាទីសំខាន់នៅក្នុងការផលិតខ្លឹមសារផ្សេងៗ និងផ្សព្វផ្សាយជូនដល់សាធារណជន។ នេះមិនទាន់និយាយពីបណ្តាញទំនាក់ទំនង ហ្វេសប៊ុក តិកតុក អ៊ីស្តាក្រាម ធ្វីតធ័រ ជាច្រើនលានគណនីដែលកំពុងផលិតខ្លឹមសាររាប់លាន និងចាក់ចូលក្នុងប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា។ការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយជាភាសាខ្មែរ និងភាសាចិននៅកម្ពុជា មិនត្រឹមតែអាចជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និង វប្បធម៌រវាងកម្ពុជា និងចិន ប៉ុណ្ណោះទេ ថែមទាំងរឹតចំណងមិត្តភាពដែកថែម រវាងប្រទេសកម្ពុជានិងចិនឱ្យកាន់តែរឹងមាំស្អិត រមួត និងយូរអង្វែងថែមទៀត។ កាន់តែពិសេសនោះវានឹងក្លាយជាប្រភពចំណេះដឹងដ៏សម្បូរបែបសម្រាប់សហគមន៍ជនជាតិចិនដែល កំពុងរស់នៅប្រទេសកម្ពុជា និងផ្សព្វផ្សាយទៅកាន់ប្រជាជនចិន និងអ្នកចេះភាសាចិននៅលើពិភពលោកផងដែរ។ឯកឧត្តម ជឿជាក់ថា កាសែត INNews នឹងបង្ក លក្ខណៈកាន់តែ ទូលំទូលាយដល់ការចែករំលែក ព័ត៌មាន ពិតអំពីកម្ពុជាទៅកាន់សាធារណជនជាជនជាតិខ្មែរ ចិន និងពលរដ្ឋដទៃ ពីព្រោះកាសែត នេះ មានបោះពុម្ពផ្សាយជា ៣ ភាសា គឺខ្មែរ ចិន និង អង់គ្លេសន។


ឯកឧត្តម ជឿថា ក្រុមហ៊ុន Influence Media សារព័ត៌មាន INNews នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ដោយផ្សព្វផ្សាយព័ត៌មានពិត និងត្រឹមត្រូវ ពីព្រោះប្រព័ន្ធ ផ្សព្វផ្សាយជាភ្លើងបំភ្លឺសង្គម ពន្លឺរបស់វាអាចបំភ្លឺការពិត និងចូលរួមថែរក្សាសុខសន្តិភាពការរួបរួមសាមគ្គីភាព និងការអភិវឌ្ឍជាតិក្នុងសង្គម តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត មានក្រមសីលធម៌វិជ្ជាជីវៈ និងប្រកបដោយការទទួលខុសត្រូវ និងមានប្រយោជន៍សម្រាប់សង្គម ៕


ប្រភព៖ ក្រសួងព័ត៌មាន












Post a Comment

0 Comments