Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

កម្លាំងសមត្ថកិច្ចប្រមាណជាង ១.០០០នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនភ្ញៀវទេសចរក្នុងពិធីប្រណាំងទូកងខេត្តកំពត

តាមការឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការប្រើប្រាស់កម្លាំងដើម្បីការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរដែលមកសម្រាកកម្សាន្តក្នុងខេត្តកំពត ក្នុងឱកាសនៃពិធីប្រណាំងទូកងនៅថ្ងៃទី១០ និង ១១ ខែវិច្ឆិកា ខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោស្នងការបានបញ្ជាក់ថា កម្លាំងដែលត្រូវប្រើប្រាស់ទាំងអស់មានចំនួន ១.១៤៥នាក់ ក្នុងនោះមាន៖ កម្លាំងរបស់ស្នងការនគរបាលខេត្តមានចំនួន ៨១០នាក់, កម្លាំងកងរាជអាវុធហត្ថខេត្តមានចំនួន ១២៣នាក់, កម្លាំងតំបន់ប្រត្តិបត្តការសឹករងខេត្តចំនួន ៥០នាក់, កម្លាំងសន្តិសុខលំហសមុទ្រចំនួន ២០នាក់, កម្លាំងមូលដ្ឋានសមុទ្រចំនួន ២១នាក់, កម្លាំងវរៈការពារព្រំដែនទឹក២៤១ចំនួន ៣០នាក់, កម្លាំងកងអន្តរាគមន៍លេខ២ ការពារកោះឆ្នេរ ចំនួន ១០នាក់, កម្លាំងមន្ទីរសុខាភិបាលចំនួន ៣១នាក់, ទីចាត់ការអន្តរវិស័យសាលាខេត្តចំនួន ២៧នាក់, កម្លាំងរដ្ឋបាលជលផលចំនួន ៩នាក់, កម្លាំងមន្ទីរសាធារណៈការ និងដឹកជញ្ជូនចំនួន ៤នាក់ និងកម្លាំងអង្គភាពអគ្គិសនីកំពតចំនួន ១០នាក់។

ក្នុងឱកាសនោះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានថ្លែងកោតសរសើចំពោះកងកម្លាំងទាំងអស់ ដែលកន្លងមកបានរួមសហការគ្នាក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានមកសម្រាកកម្សាន្តក្នុងខេត្ត ពិសេសបានសហការគ្នាយ៉ាងល្អនៅពេលមានព្រឹត្តិការណ៍កម្សាន្តធំដែលបានរៀបចំឡើងដោយរដ្ឋបាលខេត្ត។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញឱ្យកម្លាំងសមត្ថកិច្ចទាំងអស់បន្តរួមសហការគ្នាធ្វើយ៉ាងណារក្សាឱ្យបាននូវសុខសុវត្តិភាពជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តកំពត នាឱកាសនៃព្រឹត្តិការណ៍ប្រណាំងទូកងនាពេលខាងមុខឱ្យបានកាន់តែល្អប្រសើគ្រប់គោលដៅទាំងអស់៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង










Post a Comment

0 Comments