ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានស្នើដល់ សាកលវិទ្យាល័យ ឲ្យពង្រីកការផ្តល់អាហារូបករណ៍ទៅឲ្យដល់អ្នកសារព័ត៌មាន បន្ថែមទៀត ក្រៅពីក្របខណ្ឌក្រសួងព័ត៌មាន ។សំណើនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូ សាកលវិទ្យាល័យរាជផាត់ឧបុនរាជនី ប្រទេសថៃ ដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ Gen. Nirute Ketusiri ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ នៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នាទីស្តីការក្រសួងព័ត៌មាន ។

ជាការឆ្លើយតប ឯកឧត្តម នាយឧត្តមសេនីយ៍ Gen. Nirute Ketusiri ប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ បានឯកភាពគាំទ្រ នឹងជួយបណ្តុះបណ្តាលធនធានមនុស្សបន្ថែមទៀត ដល់អ្នកសារព័ត៌មានកម្ពុជា។

ឯកឧត្តម រដ្ឋមន្រ្តី បានគួរបញ្ជាក់ដែរថា ធនធានមនុស្សគឺដើរតូនាទីសំខាន់ ហើយរាជរដ្ឋាភិបាល ក៏បានផ្ដោតជាសំខាន់ទៅលើការអភិវឌ្ឍមូលធនមនុស្ស ហើយសម្រាប់ក្រសួងព័ត៌មាន ក្នុងអាណត្តិទី ៧ នេះ នឹងធ្វើអោយវិស័យសារព័ត៌មាន ទៅជាវិស័យអាទិភាព ដើរតូនាទីសំខាន់ជាសំលេងរបស់កម្ពុជា មានន័យថា សារព័ត៌មានទាំងអស់ មានតូនាទីក្នុងការជួយផ្សព្វផ្សាយពីកម្ពុជា ទៅប្រជាជន ទៅពិភពលោក។ ក្រសួងក៏បានផ្តោតទៅលើការធ្វើទំនើបកម្មស្ថាប័ន សំដៅអគារ សំភារៈ សម្រាប់បំរើការងារប្រចាំថ្ងៃ និងទំនើបកម្មសមត្ថភាព របស់មន្រ្តី និងអ្នកយកព័ត៌មាន ស្របតាមការផ្លាស់ប្តូរ និងការវិវត្តន៍របស់សង្គម។

ការធ្វើទំនើបកម្មនេះមិនត្រឹមតែក្នុងក្របខណ្ឌក្រសួងព័ត៌មាន នោះទេគឺសម្រាប់អ្នកសារព័ត៌មានជារួម ក៏ត្រូវធ្វើទំនើបកម្មផងដែរ ដោយក្រសួងបាន ដាក់អោយដំណើរការឡើងវិញនូវមជ្ឍមណ្ឌលបណ្តុះបណ្តាលវិក្រឹត្យការសារព័ត៌មាន ដើម្បីជាការពង្រឹងសមត្ថភាពរបស់អ្នកសារព័ត៌មាន សម្រាប់មានមូលដ្ឋានរឹងមាំក្នុងការផលិត និងសរសេរអត្ថបទព័ត៌មានដែលមានគុណភាព ៕

ប្រភព៖ ទទក