Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

អភិបាលខេត្តកំពត៖ វិស័យអប់រំ និងវិស័យសុខាភិបាល​មាន​តួនាទី​សំខាន់​ក្នុងការ​ជួយ​ប្រជា​ពលរដ្ឋ​ក្នុង​មូល​ដ្ឋាន​ជាចាំបាច់

ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងមន្ត្រីរាជការតាមមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង-ស្រុកក្នុងខេត្តកំពត នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានលើកឡើងថា ក្នុងចំណោមវិស័យទាំងអស់ដែលមាននៅក្នុងខេត្ត គឺមានវិស័យចំនួនពីរដែលសំខាន់ក្នុងការជួយ និងបំរើដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាចាំបាច់ គឺមានវិស័យអប់រំ និងវិស័យសុខាភិបាល។ ហើយវិស័យទាំងពីរខាងលើនេះ គឺមានតួនាទីសំខាន់ក្នុងការផ្តល់នូវចំណេះដឹង ក៏ដូចជាសុខមាលភាពដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលតម្រូវឱ្យអ្នកមានតួនាទី និងការងារក្នុងវិស័យនេះត្រូវមានការយកចិត្តទុកដាក់។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ចំពោះវិស័យអប់រំ គឺជាវិស័យអាទិភាពមួយដែលមានតួនាទីក្នុងការផ្តល់នូវចំណេះដឹង អប់រំកូនចៅប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានដឹងនូវប្រវត្តិសាស្ត្រ អក្សរសាស្ត្រ សុជីវធម៌ គុណធម៌ ក៏ដូចជាការបណ្តុះនូវផ្នត់គំនិតកត្តញ្ញូ ឱ្យកូនចៅជំនាន់ក្រោយស្គាល់ពីអ្នកដែលបានរំដោះទឹកដី ផ្តល់មកនូវសុខសន្តិភាព ការអភិវឌ្ឍន៍ និងចេះតបស្នងសងគុណដល់អ្នកដែលមានគុណផងដែរ។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តក៏បានជំរុញដល់ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពត ចុះពិនិត្យនៅតាមបណ្តាសាលារៀនទាំងអស់ក្នុងខេត្ត ចំពោះការលក់ដូរនំចំណីដែលមានការហាមឃាត់ តាមការណែនាំរបស់ក្រសួងអប់រំ ធ្វើយ៉ាងណាជៀសវាងកុំឱ្យមានលក់ ព្រោះនំចំណីទាំងនោះធ្វើឱ្យប៉ះពាល់ដល់សុខភាពកុមារ។

ចំពោះវិស័យសុខាភិបាលវិញ ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ក្នុងនាមជាអ្នកផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ យើងត្រូវគិតពីអាយុជីវិតពលរដ្ឋជាធំ ធ្វើយ៉ាងណាជួយសង្គ្រោះពួកគាត់ឱ្យបានទាន់ពេលវេលា មិនត្រូវគិតអំពីផលប្រយោជន៍ ឬលុយកាក់ជាធំនោះទេ ព្រោះយើងជាអ្នកមានតួនាទីក្នុងការជួយពួកគាត់។ ទន្ទឹមនឹងនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញឱ្យគ្រូពេទ្យទាំងអស់ក្នុងខេត្ត ត្រូវមានក្រមសីលធម៌ វិជ្ជាជីវៈក្នុងការផ្តល់សេវាសុខាភិបាលជូនពលរដ្ឋឱ្យបានល្អប្រសើ ជៀសវាងការប្រើប្រាស់ពាក្យសំដីមិនសមរម្យណាមួយទៅកាន់ពួកគាត់ ព្រោះយើងជាខ្មែរដូចគ្នា យើងត្រូវចេះស្រឡាញ់គ្នា។

ក្នុងឱកាសនេះដែរ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏បានផ្តាំផ្ញើទៅកាន់មន្ត្រីរាជការដែលចូលកាន់មុខតំណែងថ្មីទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការបំពេញការងារតាមតួនាទីភារកិច្ចដែលបានផ្តល់ជូន តាមរយៈការវាយតំលៃពីមន្ទីរ អង្គភាពរបស់ខ្លួនឱ្យបានត្រឹមត្រូវ និងមានទំនួលខុសត្រូវខ្ពស់។ ឯកឧត្តមបានបន្ថែមថា ការផ្តល់ជូននូវឋានៈ និងតួនាទីនាពេលនេះ គឺជាការបន្ថែមនូវការងារ ក៏ដូចជាទំនួលខុសត្រូវបន្ថែមពីលើស្នាដៃដែលយើងបានធ្វើកន្លងមក ដែលតម្រូវឱ្យយើងត្រូវមានការខិតខំប្រឹងប្រែងបន្តទៅមុខទៀត ក្នុងការបំរើប្រជាពលរដ្ឋ និងប្រទេសជាតិឱ្យមានការរីកចម្រើនបន្តទៅមុខទៀត។

សូមបញ្ជាក់ថា ការប្រកាសចូលកាន់មុខតំណែងថ្មី និងប្រកាសតែងតាំង ផ្ទេរភារកិច្ចរបស់មន្ត្រីរាជការស៊ីវិលនៅតាមបណ្តាមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង-ស្រុកនាពេលនេះ មានមន្ទីរអង្គភាពចំនួន៧ និងក្រុង-ស្រុកចំនួន៥ ដែលមានមន្ត្រីរាជការសរុបចំនួន ៨៦នាក់ ក្នុងនោះស្រី ២៣នាក់៕

អត្ថបទ៖ សុធារម្យ AKP, រូបភាព៖ អាំង សំណាង



















Post a Comment

0 Comments