Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ការទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងខ្យល់ព្យុះកំពុងបង្កឱ្យប៉ះពាល់ដល់ការងារនេសាទសមុទ្រនៅខេត្តកំពត

នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សុរិន បានប្រាប់ឱ្យដឹងថា ការនេសាទសមុទ្រជាការងារសំខាន់មួយក្នុងវិស័យជលផល ដើម្បីផ្គត់ផ្គង់ និងបំពេញតម្រូវការគ្រឿងសមុទ្រនៅក្នុងខេត្ត និងចែកចាយទូទាំងប្រទេស។ ខេត្តកំពតមានទូក និងកាណូតនេសាទកំពុងធ្វើប្រតិបត្តិការតាមតំបន់ឆ្នេរ សរុបចំនួន ១,០៥៣គ្រឿង ក្នុងនោះទូកម៉ាស៊ីនបាតមានចំនួន ៤៥២គ្រឿង ទូកម៉ាស៊ីនក្រៅមានចំនួន ៦០១គ្រឿង តែដោយសារកត្តាអាកាសធាតុមិនអំណោយផល ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា រហូតមកដល់ពេលនេះ ទូកអ្នកនេសាទចេញទៅសមុទ្រមានប្រមាណ ៣០ភាគរយប៉ុណ្ណោះ  ព្រោះប្រជានេសាទបានប្រាប់ថា អាកាសធាតុនៅសមុទ្រមិនសូវល្អ មានខ្យល់ខ្លាំង និងទឹកហូរលឿន ហើយជំនន់ទឹកភ្លៀងបានហូរនាំទឹកសាបចូលទៅតំបន់ឆ្នេរសមុទ្រច្រើន ធ្វើការនេសាទសូវមិនបានផលច្រើន។

បើតាមការបញ្ជាក់របស់លោកនាយខណ្ឌថា កំឡុងពេលទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប និងខ្យល់ព្យុះចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែសីហានេះ ក្រោមការណែនាំពីប្រធានមន្ទីរកសិកម្ម ពិសេសឯកឧត្តមអភិបាលខេត្ត មន្ត្រីជលផលបានដាក់កម្លាំងបន្ថែមក្នុងការចេញល្បាត ដើម្បីឃ្លាំមើលសភាពការទូទៅនៅលើផ្ទៃសមុទ្រ ពិសេសត្រៀមការពារសុវត្ថិភាពប្រជានេសាទ ក្នុងករណីមានហេតុការណ៍មិនល្អកើតឡើង។ តែយ៉ាងណាក៏ដោយ លោកនៅតែអំពាវនាវដល់ប្រជានេសាទ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមសម្ភារៈសម្រាប់ការពារសុវត្ថិភាពនៅក្នុងទូកនេសាទរៀងៗខ្លួន។

ក្នុងឆមាសទី០១ ឆ្នាំ២០២៣នេះ ផលនេសាទខេត្តកំពតសរុបមានចំនួន ១០,៩៥០តោន ក្នុងនោះរួមមាន ផលនេសាទទឹកសាបចំនួន ១,៧១០តោន និងផលនេសាទសមុទ្រចំនួន ៩,២៤០តោន ក្នុងនោះផលនេសាទសិប្បកម្មមានចំនួន ២,៧៧២តោន ផលនេសារគ្រួសារសមុទ្រមានចំនួន ៦,៤៦៨តោន៕

អត្ថបទ និងរូបភាព៖ មន្ទីរព័ត៌មានខេត្តកំពត

















Post a Comment

0 Comments