ថ្លែងក្នុងពិធីប្រកាសខេត្តកំពតអស់មីន នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅសាលសន្និសិទបូកគោខេត្តកំពត ឯកឧត្តម លី ធុជ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១អាជ្ញាធរមីន បានលើកឡើងថា ខេត្តកំពតត្រូវបានប្រកាសជាខេត្តអស់មីនទី១២ ក្នុងប្រទេសកម្ពុជា។ ឯកឧត្ដមទេសរដ្ឋមន្រ្តីបានបន្តថា សកម្មភាពមីនមនុស្សធម៌រយៈពេលជាង ៣០ឆ្នាំនេះ មិនត្រឹមតែបានចូលរួមក្នុងកិច្ចការពារសន្តិភាព និងសន្តិសុខប៉ុណ្ណោះទេ ថែមទាំងបានចូលរួមដល់ការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍នៅកម្ពុជា តាមរយៈការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព ក្នុងទំហំដីចំការមីនបោសសម្អាតរួច ២.៥៩៩គីឡូម៉ែត្រក្រឡា ដែលក្នុងនោះផ្ទៃដីប្រមាណ ៧៦% ប្រើប្រាស់បម្រើវិស័យកសិកម្ម។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា កម្ពុជាមានជនរងគ្រោះដោយសារគ្រាប់មីនច្រើនជាងគេ ប៉ុន្តែកម្ពុជា ជាប្រទេសដំបូងគេ ដែលបានបោសសម្អាតមីមនុស្សធម៌ទ្រង់ទ្រាយធំ ដែលបានទទួលស្គាល់ជាអន្តរជាតិ។ ទន្ទឹមនឹងនោះកម្ពុជា ក៏ជាប្រទេសដែលបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងពិភពលោក ជាប្រទេសមានផ្ទៃដីបោសសម្អាតមីនធំជាងគេផងដែរ។ក្នុងពិធីនេះដែរ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា តាមលទ្ធផលនៃការបោសម្អាតគ្រាប់មីនរបស់អង្គភាពស៊ីម៉ាក់ បានបង្ហាញឱ្យឃើញថា សកម្មភាពមីន អាចជួយសង្ក្រោះមនុស្សបានជាង ៤លាននាក់មិនឱ្យស្លាប់ ឬពិការ។ ដូច្នេះពលរដ្ឋគ្រប់រូប ត្រូវអរគុណ និងដឹងគុណដល់ ស៊ីម៉ាក់ ពិសេសដឹងគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគិតគូរបង្កើនអង្គភាពស៊ីម៉ាក់នេះឡើង។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា បានបញ្ជាក់ថា ខេត្តកំពតជាខេត្តទី១២ ដែលបានប្រកាសជាខេត្តអស់មីន ហើយអង្គភាពស៊ីម៉ាក់បានចាប់ផ្តើមពង្រាយកម្លាំងប្រតិបត្តិការណ៍ដើម្បីបោសសម្អាតបញ្ចប់ក្នុងខេត្តកំពត ជាខេត្តគ្មានគ្រាប់មីនប្រឆាំងមនុស្ស កាលពីខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។ ជាលទ្ធផលអង្គភាព ស៊ីម៉ាក់ បានបោសសម្អាតគ្រាប់មីននៅតំបន់រងផលប៉ះពាល់ដោយសារគ្រាប់មីនប្រឆាំងមនុស្ស ចំនួន ១០១ចម្ការមីន ដែលមានផ្ទៃដីសរុបចំនួន ១១.៤៩០.៥៨២ម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ៦១៩គ្រាប់ និងគ្រាប់មិនទាន់ផ្ទុះចំនួន ៨១៤គ្រាប់។ លទ្ធផលនៃកិច្ចប្រតិបត្តិការនេះ បានសម្រេចរំដោះខេត្តកំពតពីការគំរាមកំហែងដោយសារគ្រាប់មីនប្រឆាំងមនុស្ស១០០% ដូចនេះខេត្តកំពតជាខេត្តគ្មានតំបន់មានកំណត់ត្រាក្នុងទិន្នន័យជាតិ ថាមានបញ្ហាគ្រាប់មីនប្រឆាំងមនុស្សទៀតឡើយ ហើយបានក្លាយជា “ខេត្តអស់មីន”៕
0 Comments