ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តកំពត និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការនគរបាលជាតិឆ្នាំ២០២៣ នៅស្នងការដ្ឋានគរបាលខេត្តកំពត នាព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានមានប្រសាសន៍កោតសរសើរដល់កងកម្លាំងនគរបាលខេត្តកំពត ដែលកន្លងមកបានបំពេញកិច្ចការងារការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនពលរដ្ឋ និងភ្ញៀវទេសចរបានល្អនាពេលកន្លងមក ដែលក្នុងនោះរួមមានមានដូចជា៖ ការការពារកូវីដ-១៩ ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ និងកិច្ចប្រជុំអាស៊ានជាដើម។
យ៉ាងណាក៏ដោយ នៅចំពោះមុខ លោកអគ្គស្នងការរងនគរបាលជាតិបានក្រើនរំលឹកដល់កងកម្លាំងនគរបាលខេត្តកំពតទាំងអស់ ពិសេសកម្លាំងនគរបាលប៉ុស្តិ៍នៅគ្រប់មូលដ្ឋាន ត្រូវខិតខំបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ដើម្បីបន្ដការពារសន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងថ្នាក់ដឹកនាំ ក្នុងព្រឹត្តិការណ៍ នៃការប្របកួតគីឡាស៊ីហ្គេម និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ ដែលនឹងធ្វើឡើងនាពេលខាងមុខនេះ។
យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានឱ្យដឹងថា លទ្ធផលនៃកិច្ចប្រតិបត្តិការប្រចាំឆ្នាំ២០២២កន្លងទៅមានភាពល្អប្រសើរ ក្នុងនោះបទល្មើសព្រហ្មទណ្ឌកើតឡើងចំនួន៩៤ លើ ១០៦លើក ថយចុះ ១២លើក ។ ការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួន ១២៥ករណី គ្រោះថ្នាក់ចរាចរណ៍កើតឡើងមានចំនួន១១៤ លើ ១២៨លើក ថយចុះ ១៤លើក។ ហើយនៅក្នុងចលនាប្រកួតប្រជែងភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព ខេត្តកំពតជាប់ចំណាត់ថ្នាក់លេខ១ ចំនួន ៨២ឃុំ-សង្កាត់ និងចំណាត់ថ្នាក់លេខ២ ចំនួន ១១ឃុំ៕
0 Comments