នៅព្រឹកថ្ងៃទី១៣ ខែតុលាឆ្នាំ២០២២ រដ្ឋបាលខេត្តកំពត បានបើកកិច្ចប្រជុំសាមញ្ញ លើកទី៤១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗ រួមមានរបាយការណ៍លទ្ធផលស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ប្រចាំត្រីមាសទី៣ ចាប់ពីខែកក្កដា សីហា និងខែកញ្ញា ឆ្នាំ២០២២ និងមានការពិនិត្យពិភាក្សាទៅលើ បញ្ហាប្រឈម ដំណោះស្រាយ ទិសដៅការងារអនុវត្តក្នុងត្រីមាសបន្ទាប់ និងសេចក្តីសន្និដ្ឋាន។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត បានបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សាខេត្ត គឺពិតជាមានសារៈសំខាន់ ដើម្បីពិនិត្យ និងអនុម័តនូវលទ្ធផលការងារសម្រេចបាននិងផែនការបន្ទាប់ទៀត របស់រដ្ឋបាលខេត្តជារៀងរាល់ខែ។ ជាក់ស្ដែងសម្រាប់កិច្ចប្រជុំពេលនេះ មិនខុសពីខែមុនៗដែរ គឺដើម្បីពិនិត្យ និងអនុម័តលើរបៀបវារៈ សំខាន់ៗ តាមរយៈផែនការសកម្មភាពនិង ផែនការគោលដៅរបស់រដ្ឋបាលខេត្តរួមនិងដំណោះស្រាយបញ្ហាប្រឈមនានា ដើម្បីឱ្យលទ្ធផលការងារកាន់តែសម្រេចបានជោគជ័យល្អប្រសើរបន្ថែមទៀត ។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត ក៏បានថ្លែងការកោតសរសើរដល់ គណៈអភិបាលខេត្ត រួមនិង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុកទាំងអស់ នៅក្នុងខេត្ត ដែលតែងតែបានខិតខំបំពេញការងារយ៉ាងសកម្ម និងបានសហការគ្នាយ៉ាងល្អ សម្រេចបាននូវលទ្ធផលផ្លែផ្កាជាច្រើន ធ្វើឲ្យខេត្តកំពតមានការអភិវឌ្ឍន៍ទៅមុខជាជំហ៊ានៗ ។
ឯកឧត្តមប្រធានប្រធានក្រុមប្រឹក្សាខេត្ត ក៏បានសំណូមពរផ្ដាំផ្ញើដល់ ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក កងកម្លាំងសមត្ថកិច្ចជំនាញក្នុងខេត្ត បន្តយកចិត្តទុកដាក់សហការគ្នាឱ្យបានកាន់តែល្អ ដើម្បីរួមគ្នា រក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់ និងកិច្ចអភិវឌ្ឍន៍ក្នុងមូលដ្ឋានបានកាន់តែប្រសើរថែមទៀត ស្របទៅនឹងគោលនយោបាយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេស និងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តកំពតលើកទី៤១ នាឱកាសនោះ ក៏បានផ្ដោតជាសំខាន់ ពាក់ព័ន្ធ ទៅលើបញ្ហាប្រឈមមួយចំនួន របស់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងនោះមាន បញ្ហាប្រឈម របស់រដ្ឋបាលក្រុង ស្រុក រួមមានបញ្ហា ការបោះសំរាមចោលពាសវាលពាសកាលនៅតែបន្តមាន,នៅទីប្រជុំជនមានការខ្វះខាតធុងសំរាម , វិវាទដីធ្លី និងការបោះបង្គោលព្រំវត្តអារាម នៅក្នុងមូលដ្ឋានមួយចំនួន មិនទាន់មានដំណោះស្រាយនិងអនុវត្តបាន ។ចំណែកឯបញ្ហាប្រឈម របស់ឃុំ សង្កាត់ តែងតែនៅមានកើតឡើង អំពីបញ្ហាករណីអំពើហឹង្សាក្នុងគ្រួសារ ការប្រព្រឹត្តល្បែងស៊ីសង បញ្ហាក្មេងទំនើង សេពគ្រឿងញៀន ប្រជាពលរដ្ឋមិនទាន់យល់ច្បាស់ពីសារ:សំខាន់អត្រានុកូលដ្ឋាន មានការកោសលុប និងបាត់ ប្រជាពលរដ្ឋទាមទារដីអាស្រ័យផលលើដីឧទ្យានជាតិ និងគម្របឈើ ប្រជាពលរដ្ឋខ្វះអត្តសញ្ញាណប័ណ្ណគម្រូថ្មី ការយល់ដឹងរបស់ក្រុមប្រឹក្សា ឃុំ សង្កាត់ចូលកាន់តំណែងថ្មីនៅមានកម្រិត ការខ្វះបង្គោលភ្លើងខ្វះបណ្តាញទឹកស្អាតតាមផ្លូវលំ ដែលបានបង្កើតថ្មី និងការគ្រប់គ្រងសំរាមមិនទាន់បានល្អ៕អត្ថបទៈ មន្ទីរព័ត៌មានខេត្តកំពត
0 Comments