ប្រជាពលរដ្ឋចំនួន ៣ឃុំ ក្នុងស្រុកទឹកឈូ បានរងគ្រោះដោយសារខ្យល់កន្ទ្រាក់ ធ្វើឱ្យខូចខាត និងដួលរលំផ្ទះសំបែង សរុបចំនួន ៥១៣គ្រួសារ កាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។ ហេតុការណ៍ខ្យល់កន្ត្រាក់នេះ មិនបង្កឱ្យពលរដ្ឋណាម្នាក់រងរបួសទេ ហើយនៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ក៏បាននាំយកអំណោយជូនពលរដ្ឋរងគ្រោះទាំងនោះភ្លាមៗផងដែរ។
នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពតឯកឧត្តម ជឹង ផល្លាប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជា ផ្ដល់ជូនដល់ប្រជាពលរដ្ឋរង់គ្រោះដោយសារខ្យល់កន្ទ្រាក់ចំនួន ៥១៣គ្រួសារក្នុងស្រុកទឹកឈូ។
មានមតិសំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និងជាអភិបាលខេត្ត បានលើកបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ដោយមានការចង្អុលបង្ហាញ ពីសម្តេច គតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធាន តែងតែរំលឹកផ្ដាំផ្ញើដល់អាជ្ញាធរខេត្តទាំងអស់បង្កើនការយកចិត្តទុកដាក់ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិផ្សេងៗនៅក្នុងរដូវវស្សានេះ ។
ជាក់ស្ដែងសម្រាប់សកម្មភាពពេលនេះ ក្រុមការងារសាខាកាកបាទក្រហមខេត្ត ក្រោយពីបានទទួលដំណឹងថា ប្រជាពលរដ្ឋក្នុងស្រុកទឹកឈូ ទទួលរងផលប៉ះពាល់ដោយខ្យល់កន្ត្រាក់ ភ្លាមៗនោះក្រុមការងារមិនបានបង្អង់យូរក្នុងការ រៀបចំជាស្បៀងអាហា និងថវិកាទាំងយប់ដើម្បីចុះមកសួរសុខទុក្ខ និងចូលរួមរំលែកការ សោកស្តាយជាមួយបងប្អូនប្រជាពលរដ្ឋដែលទទួលរងគ្រោះនៅព្រឹកនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ បង្កើនការប្រុងប្រយ័ត្ន ចំពោះគ្រោះធម្មជាតិផ្សេងៗដែលអាចនឹងកើតមានឡើងនៅក្នុងរដូវវស្សានេះ ហើយក៏ត្រូវតាមដានព័ត៌មានពីស្ថានភាពអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីត្រៀមលក្ខណៈ បង្ការគ្រោះថ្នាក់ផ្សេងៗជាយថាហេតុដោយគ្រោះធម្មជាតិ។
តាមរបាយការណ៍របស់លោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា កាលពីល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៥ល្ងាច ផ្ទៃមេឃចាប់ផ្តើមងងឹត និងមានភ្លៀងធ្លាក់ រួមនឹងខ្យល់កន្ទ្រាក់ផង បានបោកបក់មកលើឃុំចំនួន៣ នៃស្រុកទឹកឈូ រួមមាន ឃុំត្រពាំងព្រីង ឃុំកណ្តោល និងឃុំត្រពាំងសង្កែ ដែលបណ្តាលឱ្យខូចខាតផលដំណាំ និងផ្ទះសំបែងប្រជាពលរដ្ឋសរុប ៥១៣គ្រួសារ ក្នុងនោះប្រជាពលរដ្ឋចំនួន ៩គ្រួសារ បានរង់គ្រោះធ្ងន់ធ្ងរដោយសាររលំផ្ទះទាំងស្រុង។
អំណោយផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះនាពេលនេះ សម្រាប់គ្រួសាររងគ្រោះមធ្យមចំនួន ៥០៤គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម ត្រីខ ១០កំប៉ុង ទឹកត្រី ១យួរ មី ១កេស និងថវិកា ៥ម៉ឺនរៀល។ ចំណែកឯគ្រួសាររងគ្រោះធ្ងន់ធ្ងរចំនួន ៩គ្រួសារ ក្នុងមួយគ្រួសារៗទទួលបានបន្ថែមនូវ សង្កសី ១០០សន្លឹក និងថវិកាចំនួន ២លានរៀល។ ក្នុងឱកាសនោះឯកឧត្តម ក៏បានប្រគេនទេយ្យវត្ថុ និងបច្ច័យដល់ព្រះសង្ឃ រួមមាន អង្ករ ១០០គីឡូក្រាម ទឹកត្រី ២យួរ ត្រីខ ២០កំប៉ុង មី ២កេស និងថវិកា ៥០ម៉ឺនរៀលផងដែរ៕
0 Comments