Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

រយៈពេល ៩​ខែ​ក្នុង​ឆ្នាំ​២០២២ អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​-​ខេត្ត​បានផ្តល់​សេវា​ជូន​ពលរដ្ឋ​ជាង ៥៧​ម៉ឺន​សេវា​

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែតុលា ឆ្នាំ ២០២២ នៅ​សាលសន្និសិទ​ខេត្តកំពត មាន​របៀប​ចំ​កិច្ចប្រជុំ​ពិនិត្យ​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នៃ​ការផ្ដល់សេវា​រដ្ឋបាល រយៈពេល ៩​ខែ ឆ្នាំ​២០២២ របស់​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​-​ខេត្ត ក្រោម​អធិបតីភាព ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ​។​

​យោងតាម​របាយការណ៍​របស់​មន្ត្រី​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល​ក្រសួងមហាផ្ទៃ បានឱ្យដឹងថា រយៈពេល ៩​ខែ ឆ្នាំ​២០២២ អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​-​ខេត្ត បានធ្វើ​ការផ្តល់សេវា​ជូន​ប្រជាពលរដ្ឋ​សរុប​ចំនួន ៥៧៥,៨៩៣​សេវា និង​ទទួលបាន​ចំណូល​សរុប ២៣,៩៥៧,៦៨៧​ដុល្លា មាន​ករ​កើនឡើង​ច្រើន​ទាំង​សេវា និង​ចំណូល បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២១ ការផ្តល់សេវា​សរុប​ចំនួន ៣២៤,៥៣៧​សេវា ចំណូល ១៦,០១២,១១៧​ដុល្លារ​។​

​នៅក្នុង​របាយការណ៍​នោះដែរ ក៏បាន​បង្ហាញ​ដែរ​ថា អង្គភាព​ច្រកចេញចូល​តែមួយ​របស់​ខេត្តកំពង់ធំ ផ្តល់​សេវា​បាន​ច្រើនជាងគេ​បំផុត គឺ​ចំនួន ៩៨,៨០៤​សេវា ស្មើ ១៧,១៩​ភាគរយ រីឯ​ខេត្ត​ដែល​ផ្ដល់​សេវា​តិចជាងគេ គឺ​ខេត្ត​កែប មាន​ចំនួន​១,៦៧៨​សេវា ស្មើនឹង​០,២៩​ភាគរយ នៃ​ការផ្តល់សេវា​សរុប​ទូទាំងប្រទេស ខណៈដែល​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​ភ្នំពេញ ទទួលបាន​ចំណូល​ច្រើនជាងគេ​បំផុត សរុប​ចំនួន​២៩​ពាន់ ១២៥​លាន​រៀល ស្មើ​៣០,៤៣​ភាគរយ​ទូទាំង​រាជធានី​ខេត្ត​។

​ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​រដ្ឋបាល បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​ផ្តោត​សំខាន់​ទៅលើ​៤​ចំណុច ១.​បូកសរុប​លទ្ធផល​ការងារ​ផ្តល់​សេវា​រដ្ឋបាល​រយៈពេល​៩​ខែ របស់​អង្គភាព​ច្រកចេញចូល​តែមួយ​រាជធានី​-​ខេត្ត​, ២.​ការចែក​រំ​លែ​ប​បទពិសោធន៍ នៃ​ការអនុវត្ត​របស់​ប្រធាន​ច្រក​គោលដៅ​មួយចំនួន ដែល​បាន​បញ្ចូល​ប្រពន្ធ​ប្លែកៗ​មួយចំនួន ក៏ដូចជា​ការផ្តល់សេវា​ជូន​ពលរដ្ឋ​។  ៣.​ស្វែងរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម​មួយចំនួន ដែល​កើតមាន​កន្លងមក និង ៤.​ផ្តល់​ការណែនាំ​សំខាន់ៗ​មួយចំនួន ដើម្បី​យកទៅអនុវត្ត​បន្ត​នៅក្នុង​ដំណាក់កាល​ឈានទៅរក​ការបោះឆ្នោត​ឆ្នាំ​២០២៣​ខាងមុខ​៕

​អត្ថ​ប​ទៈ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​


Post a Comment

0 Comments