Ad Code

ព័ត៌មានថ្មីៗ

6/recent/ticker-posts

ខេត្តកំពត​នឹងមាន​ឆ្នេរ​ខ្សាច់​សមុទ្រ​កម្សាន្ត​បន្ទាប់ពី​ស្ថាបនា​រួចរាល់​ឆ្នេរ​ព្រែក​កំពង់បាយ​

ខេត្តកំពត​រំពឹងថា នឹងមាន​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត​នៅ​មាត់សមុទ្រ​សម្រាប់​ប្រជាពលរដ្ឋ​កម្សាន្ត ដូច​បណ្ដា​ខេត្ត​ដទៃ ជាប់មាត់​សមុទ្រ​នៃ​ប្រទេស​កម្ពុជា​ដែរ បន្ទាប់ពី​បាន​ស្ថាបនា​ឆ្នេរ​ដៃ​ព្រែក​កំពង់បាយ គឺ​(​ឆ្នេរ​កោះ​ស្មៅ​) ក្នុងខណៈដែល​បច្ចុប្បន្ន​រដ្ឋបាល​ខេត្តកំពត កំពុង​ជំរុញ​លើ​ការយកចិត្តទុកដាក់​អភិវឌ្ឍ​គម្រោង ដំណាក់កាល​ទី ១​រួចរាល់​ឆ្នាំ ២០២៣​ខាងមុខនេះ​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធី​ប្រណាំងទូក ង ខេត្តកំពត  នៅ​សាលប្រជុំ​សាលាខេត្ត នា​ព្រឹក ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០២២ ដើម្បី​ដាក់​ផែនការ ការងារ​ឱ្យសម្រេចបាន​លទ្ធផល​ជោគជ័យ​ដែល​ខេត្តកំពត​នឹង​ត្រៀម ធ្វើ​ព្រឹត្តិការណ៍​ដ៏​មាន​ខ្លឹមសារ​អត្ថន័យ​នេះ​នៅ​ដើមខែ​វិ​ច្ជ​កា​ក្រោយនេះ​។​

ឯកឧត្តម​ក ម៉ៅ ធនិន អភិបាល​ខេត្តកំពត បាន​អះអាង លើក​បញ្ជាក់ថា ជា​ជំ​ហ៊ាន​បន្ទាប់​ក្រោយពេល​ស្ថាបនា​ឆ្នេរ​ព្រែក​កំពង់បាយ (​ឆ្នេរ​កោះ​ស្មៅ​) ជាមួយនិង​សួនច្បារ ក្នុង​ក្រុង​កំពត​ដែល​បច្ចុប្បន្ន​កំពុងដំណើរកា​រ​សាងសង់​ឲ្យ​បានសម្រេច​រួចរាល់ ហើយ​នោះ ។ ឈានដល់​ការអនុវត្ត​គម្រោង ដំណាក់កាល​ទី​ពីរ​គឺ រដ្ឋបាលខេត្ត​នឹងមាន​គម្រោង ស្ថាបនា​ឆ្នេរ​ខ្សាច់​សម្រាប់​ងូតទឹក​សមុទ្រ​កម្សាន្ត​ថ្មី​មួយទៀត ក្នុង​គោលបំណង ប្រែក្លាយ​ខេត្តកំពត ដែលជា​ខេត្ត​មាត់សមុទ្រ សម្រាប់ ទាក់ទាញ​អារម្មណ៍ ភ្ញៀវទេសចរ មក​សម្រាក​កំសាន្ត​ឱ្យបាន​កាន់តែច្រើន​ថែមទៀត​នៅក្នុង​ខេត្តកំពត ។

ក្នុង​គម្រោងការ​សាងសង់​នេះ ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា ជា​ដំណើរការ​នៃ​គម្រោង​ការសាង​សង់​ឆ្នេរ​ខ្សាច់​នៅពេល​ខាងមុខនេះ ពេល​ចាប់ផ្ដើម​សាងសង​នៃ​គម្រោង ដើម្បី​ទៅដល់​ឆ្នេរសមុទ្រ​ថ្មី​នេះ នៅពេល​ចាប់ផ្ដើម ត្រូវធ្វើ​ផ្លូវ​មួយ​ខ្សែ​មាន​ប្រវែង​ប្រមាណ​ជាង ៤​គីឡូម៉ែត្រ ដោយ​ធ្វើជា​ផ្លូវភ្លោះ​មាន​ទទឹង ៣០​ម៉ែត្រ​ឲ្យ​មាន​សោភ័ណភាព​ស្រស់ស្អាត​ផងដែរ​។ 

ជាមួយនឹង​គម្រោងការ​សាងសង់​នៃ​ខ្សាច់​នេះដែរ ក្នុងឱកាស​នោះ ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​ស្នើឱ្យ​មន្ទីរជំនាញ​និង​អាជ្ញាធរ ពាក់ព័ន្ធ​ត្រូវ​ទៅ​ត្រៀម​នឹងចូលរួម​ការសិក្សា​ប្លង់​គម្រោង​មេ ក្នុង​ការធ្វើ​ផ្លូវ ក៏ដូចជា​ការ រៀបចំ​ទីតាំង​ដី​ទំហំ​ប្រមាណ ៤​ទៅ​៥​ហិកតា ដើម្បី​បូម​ខ្សាច់​ដាក់​បង្កើតជា​ឆ្នេរសមុទ្រ ដែល​ឆ្នេរ​នេះ​អាចឱ្យ​ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ​មកលេង​កម្សាន្ត ព្រមទាំង​អាច​មើលឃើញ​នូវ​កោះ​នានា​ក្នុង​ខេត្ត​កែប រួមទាំង​កោះ​នៃ​ប្រទេសជិតខាង​ផងដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​គូសបញ្ចាក់ថា នេះ​គឺជា​ការតាំង​ចិត្ត​មួយ​របស់​ឯកឧត្តម​ក្នុងនាម​រដ្ឋបាលខេត្ត​ក្នុងការ​អភិវឌ្ឍន​តំបន់​ទេសចរណ៍​ថ្មីៗ​ក្នុង​បំណង​ទាក់ទាញ​នូវ​ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ​ឱ្យមក​កម្សាន្ត ហើយ​អ្វីដែល​គោលដៅ​សំខាន់​នោះ​គឺ ដើម្បី​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋនៅក្នុង​ខេត្ត ទៅលើ​វិស័យ​ឯកជន និង​វិស័យ​ទេសចរណ៍ ព្រមទាំង​ដើម្បី​លើ​កក​តិ្ត​នាម កិត្តិយស​ខេត្តកំពត​ផងដែរ​។​

 
សូមបញ្ជាក់ថា ក្នុង​កិច្ចប្រជុំ​នាពេលនេះ គឺ​ដើម្បី​ត្រួតពិនិត្យ​ការងារ​តាម​អនុគណៈកម្មការ​នីមួយៗ ក្នុងការ រៀបចំ​ពិធី​ប្រណាំងទូក ង ប្រពៃណី ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៦-៧ ខែវិច្ឆិកា និង​ពិធី​បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២២​ខាងមុខ ក្នុង​អត្ថន័យ​ខ្លឹមសារ​ដើម្បី​ចូលរួម អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក សំពះ​ព្រះ​ខែ​ដែលជា​បុណ្យប្រពៃណី​ជាតិខ្មែរ ពី​បុរាណកាល​។
 
 

ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​អភិបាលខេត្ត​ក៏បាន​អំពាវនាវ ក៏ដូចជា​កាត​ណែនាំ​ដល់​អភិបាលក្រុង​កំពត និង​ស្រុក​ទឹកឈូ ត្រូវ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ ឱ្យ​ចូលរួម​សំអាត​អនាម័យ​បរិស្ថាន​ជុំវិញ​ផ្ទះ​រៀងៗ​ខ្លួន និង​ត្រូវ​ទុកដាក់​សម្រាម​ឱ្យបាន​ត្រឹមត្រូវ ពិសេស​បំផុស​ឱ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជកា ស្ថា​ប័​ន្ត​ឯកជន ចូលរួម​តុម​តែង​លម្អ​ភ្លើងពណ៌​តាម​ទីតាំង​របស់ខ្លួន ដើម្បី​រួមចំណែក​ក្នុងការ​បង្កើន​សោ​ភ័​ណ្ឌ​ភាព​ក្រុង​នាឱកាស​នៃ​ពិធី​ប្រណាំង​ទូកង​ខេត្តកំពត​ខាងមុខនេះ​៕

​អត្ថ​ប​ទៈ មន្ទីរ​ព័ត៌មាន​ខេត្តកំពត​

Post a Comment

0 Comments