ប្រទេស​អូស្ត្រាលី​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជា ៦៦​លាន​ដុល្លា សម្រាប់​អភិវឌ្ឍន៍​ក្នុង​ឆ្នាំ​២០១៩

ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​លើកឡើងថា ២០១៩​នេះ​រដ្ឋាភិបាល​អូស្ត្រាលី​បានផ្តល់​ជំនួយឥតសំណង​ចំនួន​៦៦​លាន​ដុល្លា​អូស្ត្រាលី សម្រាប់​ការអភិវឌ្ឍ​នៅ​ប្រទេស​កម្ពុជា ប៉ុន្តែ​មានការ​ថយចុះ​បន្តិច បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។ ការលើកឡើង​បែបនេះ​ធ្វើឡើង​ក្នុង​កម្មវិធី​សន្ទនា​មតិ​របស់​វិទ្យុជាតិ​៩​មករា​ខេត្តកំពត កាលពី​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៩​នេះ​។​

​លោកជំទាវ អេ​ន​ជី​ឡា ខូ​ខូ​រ៉ែ​ន ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា កាលពី​ឆ្នាំ​២០១៨ ប្រទេស​អូស្ត្រាលី​បានផ្តល់​ជំនួយ​ដល់​កម្ពុជា​ប្រមាណ ​៧៩​ដុល្លា​អូស្ត្រាលី​។​ ដោយឡែក​ឆ្នាំ​២០១៩​នេះ ការផ្តល់​ជំនួយ​មាន​ចំនួន ៦៦​លាន​ដុល្លា​អូស្ត្រាលី ដែល​ផ្តោត​សំខាន់​លើ​វិស័យ​មួយចំនួន​ដូចជា កសិកម្ម សុខាភិបាល យេនឌ័រ ហេ​ដ្ឋា​រចនាសម្ព័ន ការដោះមីន សន្តិសុខ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​។​ លោកជំទាវ​បន្ថែមថា ការផ្តល់​ជំនួយ​នេះ​មាន​គោលបំណង​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។​

​ដោយឡែក​ជំនួយ​ដែល​ត្រូវ​បានបញ្ចប់ ជាពិសេស​ជំ​នួន​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ លោកជំទាវ​ឯកអគ្គរាជទូត បាន​បញ្ជាក់ថា ប្រទេស​អូស្ត្រាលី​កំពុង​សិក្សា និង​ធ្វើការ​ពិចារណា ដើម្បីអោយ​ជំនួយ​នេះ​បន្ត​ឡើងវិញ​។​
ខ្ញុំ​សូមបញ្ជាក់ថា​យើង​នៅតែ​បន្ត​ជួយ​កម្ពុជា​ឆ្នាំមុន​ឆ្នាំ ២០១៨​គឺ​យើង​បាន​ជួយ​ប្រទេស​កម្ពុជា​ប្រហែល ៧៩​លាន​ដុល្លារ​អូស្ត្រាលី​ហើយ​ចំនួន​នេះ​មានការ​ថយចុះ​បន្តិច ពី​៧៩ មក ៦៦​លាន​ដុល្លារ​អូស្ត្រាលី​សម្រាប់​ឆ្នាំ ២០១៩​។​ហើយ​ខ្ញុំ​សូម​ជម្រាប​ផងដែរ​ថា​ជំនួយ​អូស្ត្រាលី​មក​កម្ពុជា​គឺ ១០០%​គឺ​ជំនួយឥតសំណង​យើង​មិន​ផ្ដល់​ជា​ប្រាក់កម្ចី​ទេ​គឺ​យើង​ជួយ​ជា​ជំនួយឥតសំណង​តែម្តង​១០០%​។​
​អត្ថ​ប​ទៈ​ លោក​ តារា​