អនាម័យក្នុងការរស់នៅ គឺជាកត្តាសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពសង្គម និងសេដ្ឋកិច្ច។ ប៉ុន្តែនៅតាមទីជនបទបច្ចុប្បន្ន ពលរដ្ឋរស់នៅដោយខ្វះអនាម័យ។ ការរស់នៅខ្វះអនាម័យ ទម្លាប់បន្ទោបង់ពាសវាលពាសកាល បង្កអោយមានជំងឺជាច្រើនប្រភេទ ជាពិសេសគឺរាករូស។ ជាពិសេសប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្នុងឃុំល្អាង ស្រុកដងទង់ ខេត្តកំពត នៅតែមិនមានបង្គន់អនាម័យសម្រាប់ប្រើប្រាស់នៅឡើយទេ។
លោក ស៊ី កៀន ប្រធានក្រុមប្រឹក្សាឃុំល្អាង ស្រុកដងទង់ មានប្រសាសន៍ឲ្យដឹងថា ផ្នែកបង្គន់អនាម័យ គឺមានអង្គការជួយ ផ្តោតសំខាន់ទៅលើប្រជាពលរដ្ឋណាដែលមានប័ណ្ណសមធម៌តែប៉ុណ្ណោះ តែមិនទាន់បានគ្រប់ចំនួនទេ។ លោកបន្តថាការផ្តល់ជូនដល់ពលរដ្ឋនេះគឹមានកំណត់ អាស្រ័យលើពលរដ្ឋដែលមានប័ណ្ណ សមធម៌៖ «ចឹងខ្ញុំសូមសជ្រាបជូនថា ផ្នែកបង្គន់អនាម័យមានអង្គការគេជួយ ចឹងគេជួយផ្តោតទៅលើអ្នកដែល ដែលមានប័ណ្ណសមធម៌ ជំហ៊ានទីមួយ ចឹងយើងឃើញថា ចំពោះអ្នកក្រីក្រយើងបានផ្តល់ជូនគាត់តែមិនទាន់បាន១០០%ទេ ព្រោះការផ្តល់ជូនមកនឹងវាមានកម្រិតបាទ ចឹងគេកំណត់ភូមិនេះប៉ុន្មាន ភូមិនោះប៉ុន្មានតាមប្រជាពលរដ្ឋតិចឬច្រើន អ្នកដែលមានប័ណ្ណសមធម៌នឹងហាស»។
ការលើកឡើងខាងលើនេះដោយមានប្រជាពលរដ្ឋ រស់នៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ បានរៀបរាប់ថា អ្នកស្រីផ្ទាល់មិនដែលធ្លាប់ទទួលបានបង្គន់អនាម័យពីអាជ្ញាធរនោះទេ តែបើអ្នកផ្សេងធ្លាប់ឃើញទទួលបាន។ អ្នកស្រីបន្តថា សព្វថ្ងៃនេះមានការលំបាកនៅពេលយប់ឡើងបារម្ភ កូនចៅ រត់ទៅបន្ទោរបង់នៅក្នុងព្រៃ ខ្លាចជួប បញ្ហាផ្សេងៗ តែបើបានអាជ្ញាធរឃុំ មានការផ្តល់ជូនអ្នកស្រីសប្បាយចិត្ត៖ «អត់បានបង្គន់ហងបានតែម្តុំពួកខាងកើតនោះគេជួយអ្នកក្រីក្រម៉ានឆ្នាំ ហើយថ្មីៗអត់ហង វ៉ាកដែររឿងបត់ដៃបត់ជើងយប់ព្រលប់កូនយប់ វ៉ាកក្លាចពស់ក្អែបអីនឹង ហីវាលទ្ធភាពរកលុយមិនបាន បើបានអង្គការជួយមួយះរហើយ»។
អត្ថបទៈ លោក គ្រិល ស៊ា