មន្ត្រី​អប់រំ​ក្រើនរំលឹក​ដល់​បេក្ខជន កុំ​ភ្លេច​យក​របស់​សំខាន់​មួយពេល​មក​ប្រឡង​បាក់​ឌុប​

មន្ត្រី​អប់រំ​ខេត្តកំពត​បាន​ក្រើនរំលឹក​ដល់​បេក្ខជន​ទាំងអស់​ដែល​ត្រៀមប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប នា​ថ្ងៃទី ១៩ ខែសីហា​ឆ្នាំ ២០១៩​នេះ កុំ​ភ្លេច​យក​កាត​ប្រឡង​ទៅជា​មួយ ព្រោះ​វា​មាន​សារៈ​សំខាន់​សម្រាប់​ការប្រឡង​របស់​បេក្ខជន​ម្នាក់ៗ​។​
​លោក គឹម សុខា ប្រធានការិយាល័យ​មធ្យ​ម​នៃ​មន្ទីរអប់រំយុវជន និង​កីឡា​ខេត្តកំពត​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៦ ខែសីហា​នេះ​ថា នៅក្នុង​សេចក្តីណែនាំ​របស់​ក្រសួង​គឺ​មិន​អនុញ្ញាត​ឲ្យ​បេក្ខជន​ដែល​គ្មាន​កាត​ចូល​ប្រឡង​ឡើយ មានន័យថា​អ្នក​មិនមាន​កាត មិនអាច​ចូល​ប្រឡង​បាន​នោះទេ​។ ប៉ុន្តែ​ជា​រៀងរាល់ឆ្នាំ​បេក្ខជន​មួយចំនួន បាន​ត្រៀម​អ្វីៗ​រួចរាល់​ហើយ តែ​បែរជា​ភ្លេច​យក​កាត​មកជា​មួយ​ទៅវិញ​។​ដូច្នេះ​បេក្ខជន​ត្រូវ​ប្រាកដថា​បានដាក់​កាត​ប្រឡង​មកជា​មួយ មុននឹង​ចេញដំណើរ​ទៅ​ប្រឡង​។​

ជា​រៀងរាល់ឆ្នាំ​យើង​តែងតែ​សង្កេតឃើញថា​បេក្ខជន​ភ្លេច​កាត អាហ្នឹង​ជា​ចំណុច​មួយ​សំខាន់​ណាស់​។​សេចក្តីណែនាំ​បាន​ឲ្យ​ដឹងថា​បេក្ខជន​គ្មាន​កាត​គឺ​មិនអាច​ចូល​ប្រឡង​បាន​។​ចឹ​ង​ធ្វើ​ម៉េច​កាត​របស់​យើង​ដែល​​សាលា​ចេញ​អោយ​កុំ​ភ្លេច​យកមក​តាម​ខ្លួន​។​កាលណា​ភ្លេចរបស់​នឹង គឺ​មិនអាច​ចូល​ប្រឡង​បានទេ បេក្ខជន​ដែលមាន​សិទ្ធិ​ប្រឡង​បាន​ត្រូវតែមាន​កាត​របស់ខ្លួន​ដែល​គេ​ហៅថា​អត្តសញ្ញាណប័ណ្ណ​ដែល​​សាលា​ចេញ​អោយ ហើយ​រៀបចំ​ប៊ិច បន្ទាត់ ទៅតាម​មុខវិជ្ជា​ដែល​យើង​ត្រូវ​សរសេរ ហើយ​យើង​ត្រូវ​ស្លៀកពាក់​សម្លៀកបំពាក់​សិស្ស បើសិន​ខុសពី​ហ្នឹង​មណ្ឌល​ក៏​មិន​អនុញ្ញាត​ឲ្យ​ចូល​ប្រឡង​ដែរ​។​
​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប នា​ថ្ងៃទី ១៩ ខែសីហា​ឆ្នាំ ២០១៩​នេះ ខេត្តកំពត​មាន​បេក្ខជន​សរុប​ចំនួន​ជាង​៥​ពាន់​នាក់ ដោយ​មណ្ឌល​ប្រឡង​ចំនួន​ ១០​មណ្ឌល ក្នុងនោះថ្នាក់​វិទ្យា​សាស្ត្រ​​ចំនួន​៤​មណ្ឌល ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ចំនួន​៦​មណ្ឌល​៕
​អត្ថ​ប​ទៈ លោក តារា​