អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ថា​សុខ​ភ​មង្គល​ខ្លួនឯង​មិនអាច​អោយ​អ្នក​ដ៏​ទៃ​សម្រេច​បានទេ​

សកម្មជន​សិទ្ធ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​បានលើកឡើង​នៅ​សប្តាហ៍​នេះ​ថា សុភមង្គល​មនុស្ស​ម្នាក់ៗ​មិន​អាចអោយ​អ្នកដទៃ​មក​សម្រេច​ជំនួស​បានទេ ព្រោះ​ការបង្ខំ​ខ្លួនឯង​ដើម្បី​ធ្វើតាម​អ្នកដទៃ​គឺ​មិន​អាចមាន​សេចក្តីសុខ​ឡើយ​។​ កញ្ញា​ ឈឿន រចនា សកម្មជន​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា បាន​និយាយ​ក្នុង​កម្មវិធី​ស​ន្ទា​មតិ​របស់​វិទ្យុជាតិ​៩​មករា​ខេត្តកំពត​ថា ការបង្ខំ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា អោយធ្វើ​នេះ ឬ​ធ្វើ​នោះ​ទាំង​ចិត្ត​ពួកគាត់​មិន​ចង់ គឺ​មិន​កើតជា​សុភមង្គល​បានឡើយ ប៉ុន្តែ​វា​គ្រាន់តែ​ជា​សុភមង្គល​របស់​អ្នកដទៃ​តែប៉ុណ្ណោះ​។ កញ្ញា​បាន​ឧទាហរណ៍​ថា បើ​មនុស្ស​ម្នាក់​ចង់បាន​ប្រពន្ធ ប៉ុន្តែ​គេ​បង្ខំ​អោយ​យកប្តី តើ​សុភមង្គល​អាច​កើតឡើង​យ៉ាងដូចម្តេច​?

បើសិនជា​យើង​ធ្វើតាម​គេ អោយទៅ​ប្តី​យកប្រពន្ធ​តាម​គេ ទាំង​ដែល​ចិត្ត​យើង​អត់​ចង់យក​ប្តី ដូច​ខ្ញុំ​ចង់យក​ប្រពន្ធ តើ​ខ្ញុំ​មាន​សុភមង្គល​ពី​ណា​? សុភមង្គល​ហ្នឹង​ជា​សុភមង្គល​ពុក​ម្តាយ​ខ្ញុំ បងប្អូន​ខ្ញុំ សង្គម សាច់ញាតិ​ជិតខាង​របស់ខ្ញុំ ប៉ុន្តែ​មិនមែនជា​សុភមង្គល​របស់ខ្ញុំ ហើយ​អាចជា​សុ​មង្គល​ប្តី​របស់ខ្ញុំ​ដែល​ខ្ញុំ​រៀបការ​ជាមួយ​ហ្នឹង ប៉ុន្តែ​មិនមែនជា​សុភមង្គល​របស់ខ្ញុំ ទោះបីជា​ខ្ញុំ​សម្តែង​ទង្វើរ​ធ្វើជា​ប្រពន្ធ​ល្អ តែ​ខាងក្នុង​របស់ខ្ញុំ​គឺ​មិនមែន​ទេ​។​ទោះ​ខ្ញុំ​មានកូន​បន្ត​ពូជ​ពង​បាន ប៉ុន្តែ​វា​មិនមែនជា​អ្វីដែល​ខ្ញុំ​ចង់​បានទេ​៕​
​អត្ថ​ប​ទៈ លោក តារា​