លោក​មេឃុំ​កណ្តោល​ស្រុក​ទឹកឈូ​ខេត្តកំពត​មាន​ផែន​ការចុះ​ផ្សព្វផ្សាយ​ពី​ការរក្សា​ទឹក​ទុក​នៅ​រដូវក្តៅ​ដល់​ប្រជាពលរដ្ឋ

លោក​ ខៀវ កន មេឃុំ​កណ្តោល ស្រុក​ទឹកឈូ បាន​លើក ផែន​ការចុះ​ផ្សព្វផ្សាយ​ពី​របៀប​នៃ ការរក្សា​ទឹក​ទុក បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋនៅក្នុង​ឃុំខ្លួន​ពាក់ព័ន្ធ​ទៅនឹង​ការព្រួយបារម្ភ​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​។​ ​កាលពី​ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៩​កន្លងទៅ​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ឃុំ​កណ្តោល ស្រុក​ទឹកឈូ​បានលើកឡើង​នូវ​បញ្ហា​កង្វះ​ទឹក​ថា​កាលពី​ឆ្នាំ​កន្លងទៅ​គឺ​ឃុំ របស់​ពួកគាត់​ធ្លាប់​ខ្វះ ទឹក​ប្រើប្រាស់​ហើយ​សម្រាប់​ឆ្នាំនេះ​គឺមាន​អាកាសធាតុ​ក្តៅ និង​មិនមាន​ភ្លៀង​កក់ខែ​ទៀត​នោះ គឺ​ធ្វើ​ឲ្យ​អណ្តូង ស្រះ​ទឹក​ មួយចំនួន​បាន​រីង​ហួត​ជា​បណ្តើរៗ​ពួកគាត់​បានលើកឡើង ចង់​ឲ្យ​អាជ្ញាធរ​ចូលរួម​ផ្សព្វផ្សាយពី​វិធាន​ការរក្សា​ទឹក​ទុកដើម្បី បង្ការ​កុំ​ឲ្យ​ពួក​មានការ​ប្រើប្រាស់​ទឹក​ខុស​គោលដៅ ។​

​អ្នកស្រី នី​ម ជា​កសិករ​រស់នៅក្នុង​ឃុំ​កណ្តោល​បាន​លើកឡើងថា សព្វថ្ងៃនេះ​នៅក្នុង​ឃុំ ប្រជាពលរដ្ឋមាន​ចំនួន​តិច​គ្រួសារ​ទេ ដែល​កំពុង​ប្រឈម​ទៅនឹង​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់​នោះ ប៉ុន្តែបើ​អាកាសធាតុ​នៅតែ​បន្ត​ក្តៅ ហើយ​មិនមាន​ភ្លៀង​បន្តទៀត​នោះ​គឺ​ច្បាស់​ណាស់​ថា ប្រជា ពលរដ្ឋ​ភាគច្រើន​នឹង​ជួបប្រទះ​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់ ។​
ដូច​ថា​ចុះទៅ​តាម​ផ្ទះ​ប្រជាជន​ចឹ​ង​ទៅ​ណាស់​!​ជួយ​ប្រាប់ៗ​ទៅ​ថា​រាំង​យូរ​អីចឹង​ទៅ​!…​ហី​យើង​ឲ្យ​សន្សំ សំចៃ​ទឹក​ទៅ​កុំ​បូម​ចោល​……​បើ​មិន​ចឹ​ង​មិនដឹង​ទេ ត្រូវការ​ចាប់​ត្រី​ចាប់​អីចឹង​វា​មាន​ល្អក់​ទឹក ទឹក​ត្រូវមាន​ប្រចាំ​ហ្មង​រឿង​ទឹក ឥឡូវ​នៅ​ភូមិ​ខ្ញុំ​មិនទាន់​ដាច់ទឹក​ទេ នៅមាន​ទឹក​អណ្តូង​អត់​ទាន់​រីង បើ​ថា​ម្តុំ​ដល់​តែ​ចូលឆ្នាំ​អី​នោះ​ដាច់​ហើយ​ដល់​ហ្នឹង​!

​ចំណែកឯ​អ្នកស្រី ​ជុន ​ក៏បាន​លើកឡើង​ស្រដៀង​ទៅ នឹង​អ្នកស្រី​នី​ម​ដែរថា ​សព្វថ្ងៃនេះ អណ្តូង​ទឹក​ ស្រះ​ទឹក នៅក្នុង​ឃុំ​អ្នកស្រី​មួយចំនួន​បាន​រីង​​ហួតហែង​ខ្លះៗ​ហើយ​ដែរ ដោយសារតែប្រជាពលរដ្ឋ​មួយចំនួន​បាន​បូមទឹក​ចាប់​ត្រី នឹង​អ្នក​ខ្លះទៀត​មិនបាន​ដឹង​ពី​បញ្ហា​ប្រឈម​នៅ​ថ្ងៃ​ខាង មុខ​ចំពោះ​បញ្ហា​កង្វះទឹក​នេះ​នោះឡើយ។ អ្នកស្រី​ចង់​ឲ្យ​អាជ្ញាធរ​ចុះ​ផ្សព្វផ្សាយ និង​ត្រូវមាន​វិធានការដល់​ប្រជាពលរដ្ឋដែលមាន​អណ្តូងទឹក ស្រះ​​ទឹក​ចូលរួម​រក្សា​ទឹក​ទុក ។​
ខែ​នេះ​រីង​អស់ហើយ អា​គេ​កាយ​អណ្តូង​គេ​មាន​របស់គេ​នោះ​ហើយ យើង​អត់​បាន​កាយ​ហ្នឹង គេ​ពិបាក​ដែរ​ហ្នឹង​! អត់​ទឹក​អត់​អីហ្នឹង​ព្រួយ​បារម្ភ​ដែរ តែ​អស់ហ្នឹង​មិនដឹង​ទៅរក​ឯណា​ទៀត​ចឹ​ង​ហេស​! អណ្តូង​យើង​តា​ល្មមៗ​វា​រីង​អស់​ចឹ​ង ហាស៎​ក្តៅ​ទៀត​ហ្នឹង​ហាស៎ មាន​វិធី​អី​ការ​ពារ​​ស្តុក​ទឹក​ទុក​ឲ្យ​បាន ច្រើន យើង​អាច​ប្រើ​បានយូរ​ចឹ​ង​ខែ​ចឹ​ង​អី​ទៅ​!….​យើង​ត្រូវ​ប្រិត​ព្រៀង​អីចឹង​ទៅ អត់​ទឹក​យើង​ពិបាក​ណាស់ កុំ​ខ្ចះ​ខ្ចាយ អាណា​ចាំបាច់ ចាំ​យើង​ប្រើ​ទៅ ចេះ​សន្សំសំចៃ​ចឹ​ង​ទៅណា​ស៎​!

​ពាក់ព័ន្ធ​ទៅនឹង​ការលើកឡើង​នេះ លោក ខៀវ កន មេឃុំ​កណ្តោល​ស្រុក​ទឹកឈូ បានប្រាប់ឲ្យ​ដឹងថា កាលពី​ឆ្នាំ​២០១៥ នៅក្នុង​ឃុំ​របស់​លោក​ធ្លាប់​ជួបប្រទះ​ទៅនឹង​បញ្ហា​កង្វះ​ទឹក​ប្រើប្រាស់ លោកថាសម្រាប់​បច្ចុប្បន្ននេះ​នៅក្នុង​ឃុំ​របស់លោក នៅ​មិនទាន់​ជួបប្រទះ​បញ្ហា​ប្រឈម​នេះ​នៅឡើយទេ។ ចំពោះ​សំណូមពរ​ពី​ប្រជាពលរដ្ឋ​ដែល​ចង់​ឲ្យ​អាជ្ញាធរ​ចុះ​ផ្សព្វផ្សាយ​ពី​វិធាន​ការរក្សា​ទឹក​ទុក​នោះ លោក​ថា​នឹង​សហការ​ជា​មួយ​​ភូមិ​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ។​
​គាត់​ស្តាប់​ទូរទស្សន៍ រ៉ាត់​យ៉ូ​អី​គាត់​ដឹង​ដែរ​ហ្នឹង គាត់​ដឹងថា​ឆ្នាំ​ហ្នឹង​វា​រាំង​រយៈពេល​វែង​តិច ចឹ​ង​រឿង​ទឹក​រឿង​អីហ្នឹង​គាត់​ផ្គត់ផ្គង់​មិន​បូម មិន​អី​ផ្តេសផ្តាស​ហេ​! ទុក​ប្រើប្រាស់។ ចាំ​ខ្ញុំ​ផ្សព្វផ្សាយ​តាម​មេ ភូមិ ឲ្យ​មេភូមិ​ផ្សព្វផ្សាយ​បន្ត ។​
​កម្ពុជា​នឹង​ទទួលរង​ឥទ្ធិពល​បាតុភូត អែល នី​ណូ ដែល​នឹងធ្វើ​ឲ្យ​កម្ពុជា​រឹតតែ​ក្ដៅ​ថែមទៀត​នៅ​រដូវប្រាំង​នេះ ជាពិសេស​នៅក្នុង​ខែមេសា និង​ខែឧសភា​ខាងមុខ ដែល​ត្រូវបាន​ព្យាករ​ថា នឹង​កម្ដៅ​នឹង​ឡើង​ទៅដល់​ចន្លោះ​ពី ៤០ ទៅ ៤២​អង្សា​សេ​។ រដ្ឋាភិបាល​កម្ពុជា​កាល​ពីថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០១៩ បានចេញ​សារាចរ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​ទឹក​សម្រាប់​ប្រើប្រាស់ នា​រដូវប្រាំង រដ្ឋាភិបាល​ក៏បាន អំពាវនាវ​កសិករ​មិន​ឲ្យ​ធ្វើ​ស្រូវប្រាំង​លើក​ទី​ពីរ​ផងដែរ​៕
​អត្ថ​ប​ទៈ PDI Kampot​