គ្រឿងញឿននៅតែចោទជាបញ្ហាសម្រាប់អាណាព្យាបាលដែលមានកូនកំពុងសិក្សានៅកម្រិតមធ្យមរហូតដល់ឧត្ដមសិក្សា។ ជាក់ស្ដែងអាណាព្យាបាលសិស្សមួយចំនួនរស់នៅក្នុងខេត្តកំពតបានលើកឡើងដោយក្ដីព្រួយបារម្ភ ហើយទាមទារអោយលោកគ្រូ អ្នកគ្រូ អ្នកពាក់ព័ន្ធទាំងអស់ចូលរួមទប់ស្កាត់គ្រឿងញៀនកុំអោយកើតមាននៅក្នុងសាលា។
លោក សេត ជាអាណាព្យាបាលសិស្សមួយរូបបានលើកឡើងថា លោកមិនធ្លាប់បានតាមដានការសិក្សារបស់កូននោះទេ ដោយសារតែលោកគិតថាកូនស្រីមិនដូចកូនប្រុស ម្យ៉ាងវិញទៀតលោកក៏មានការមមាញឹកក្នុងការរកស៊ីផងនោះ លោកគ្មានពេលវេលាសាកសួរព័ត៌មានពីការរៀនសូត្រ របស់កូនជាមួយលោកគ្រូ អ្នកគ្រូដែរ។
អាងតាកូនស្រីមិនចេះដើររញ៉េរញ៉ៃផង បើកូនប្រុសខ្លាចវាដើរញ៉េរញ៉ៃ វាបាកដែរយើងនៅផ្ទះកូនទៅរៀន អត់ដែលទៅទេរវល់ការងារ។
ឆ្លើយតបការលើកឡោះងខាងលើលោកវរៈសេនីយ៍ឯក ទូច ឌន នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពត មានប្រសាសន៍ក្នុងកម្មវិធី “សន្ទនាមតិ” ថា ការទប់ស្កាត់គ្រឿងញៀននៅតាមសាលាកត្តាសំខាន់ គឺត្រូវមានការចូលរួមតាមដានសកម្មភាពពីអាណាព្យាបាល និងលោកគ្រូ អ្នកគ្រូនៅក្នុងសាលា ក្នុងករណីមានសង្ស័យថាពួកគេមានប្រើប្រាស់ ឬចែកចាយគ្រឿងញៀននោះងាយស្រួលក្នុងការអន្តរាគមន៍អោយបានទាន់ពេលវេលា។
សំខាន់គឺអាណាព្យាបាលត្រូវតែរួមចំណែកយកចិត្តទុកដាក់មួយចំនែក បើនិយាយអោយចំទៅច្បាស់លាស់ជាងសមត្ថកិច្ច គឺថាត្រូវការលំអិតពីសកម្មភាពប្លែករបស់កូន ទី២ទៀតពាក់ព័ន្ធលោកគ្រូ អ្នកគ្រូនៅតាមសាលាគឺអាចដឹងថាកម្រិតសិស្សមុខស្រស់ ឬមិនស្រស់ ងាយស្រួលកត់សម្គាល់បំផុតអ្នកណាប្រើប្រាស់គ្រឿងញៀន អ្នកណាមិនប្រើប្រាស់គ្រឿងញៀនលោកគ្រូ អ្នកគ្រូគាត់អាចដឹង ពេលដែលឃើញហេតុការណ៍បែបហ្នឹងអាចផ្ដល់ព័ត៌មាន ឬរកវិធានការណ៍ជាមួយអាជ្ញាធរបាន ដើម្បីរកវិធានការណ៍ដោះជាមុន៕
អត្ថបទៈ កញ្ញា ឡាយ ចន្ទ្រា