​រដ្ឋ បាល​ខេត្តកំពត​ជំរុញ​ការផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៣​គ្រួសារ ​ដែលមាន​ការដោះដូ​រ​ដី​ទីតាំង​វាយ​កូន​ហ្គោល​របស់​ក្រុមហ៊ុន សុខាអូតែល ​នៅ​ឃុំ​បឹង​ទូក ​ស្រុក​ទឹកឈូ​

ផ្អែក​តាម​សំណើ​របស់​ប្រជាពលរដ្ឋ ចំនួន​១៣ គ្រួសារ សុំ​ឲ្យ​អាជ្ញាធរ​ខេត្តកំពត​ជួយ​អន្តរាគមន៍​ព​ន្លឿ​ន​ការដោះស្រាយ ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ដែលមាន​ការដោះដូរ​ដី​នៅ​ទីតាំង​វាយ​កូន​ហ្គោល​របស់​ក្រុមហ៊ុន​សុខាអូតែល ស្ថិត​នៅ​ក្នុង ឃុំ​កោះ​តូច​ស្រុក​ទឹកឈូ​ និង​យោងតាម​ខ្លឹមសារ​អនុក្រឹត្យ​លេខ​១៦៧ អនក្រ​.​បក​ចុះថ្ងៃ​ទី​១០ ខែតុលា ឆ្នាំ២០១៧របស់​រាជរដ្ឋាភិបាល ដើម្បី​ធ្វើ​ប្រទានកម្មក្នុងការ​វាស់វែង​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​កាន់កាប់​ដីធ្លី​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​ចំនួន​​១៣​គ្រួសារ​ខាងលើនេះ​ ដែលមាន​ទំហំ​ដី​ជាង ៤០​ហិកតា ស្ថិតនៅ​ភូមិ​ទទឹងថ្ងៃ ឃុំ​បឹង​ទូក​ស្រុក​ទឹកឈូ​។​

នៅក្នុង​កិច្ចប្រជុំ​មួយ ស្ដីពី​ការដោះស្រាយ​ក្នុងការ​វាស់វែង​ដី ដោះដូរ​ទីតាំង​វាយ​កូន​ហ្គោល របស់ក្រុមហ៊ុនសុខាអូ​តែ​ល តាម​ខ្លឹមសារ​អនុក្រឹត្យ​លេខ​១៦៧​អនក្រ​.​បក​ ដែលមាន​ការចូលរួម ពី​ឯកឧត្តម​ សូត យា អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន និង​អភិបាលរង​ខេត្ត​ទទួលបន្ទុក ព្រមទាំង​មន្ត្រី​នៃ​មន្ទីរជំនាញ អា​អាជ្ញាធរ​ឃុំ​និង​ស្រុក រួម​និង​តំណាង​ក្រុមហ៊ុនសុខាអូតែល ដែលជា​អ្នកពាក់ព័ន្ធ​ចូលរួម​ដោះស្រាយ កន្លងមក ។

នៅ​សាលាខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែមករា​ឆ្នាំ​២០២០ ឯកឧត្តម​ ជាវ តា​យ ​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពត បាន​លើក​បញ្ជាក់​ឲ្យ​ដឹងថា បញ្ហា​ការដោះស្រាយ​ផ្ដល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ចំនួន​១៣ គ្រួសារ ដែលមាន​ទំហំ​ដី​ស្មើនឹង​ទំហំ​ដី​ ៤១,៥៣​ហិកតា ស្ថិត នៅ​ភូមិទទឹងថ្ងៃ ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ​ នេះ​គឺមានការ​អូ​បន្លាយ​នៃ​ការដោះស្រាយ​ពុំមាន​លទ្ធផល ផ្លែផ្កា​ជូន​ប្រជាពលរដ្ឋ​ជាច្រើន​ឆ្នាំ​មកហើយ ពោលគឺ​តាំងពី​ឆ្នាំ ២០១៦​មកម្ល៉េះ​។ ដូច្នេះ​ដើម្បី​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព​ស្របទៅនឹង​អ្វី​ដែលជា​គោលនយោបាយ​ក៏ដូចជា​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​របស់​រាជរដ្ឋាភិបាល ក្នុងការ​កាត់បន្ថយ​ការវិវាទ​ដីធ្លី ក៏ដូចជា​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ។

ឯកឧត្តម​អភិបាលខេត្ត​បាន​ណែនាំ ជំរុញ​ដល់​មន្ត្រី​នៃ​មន្ទីរជំនាញ​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ​តំណាង​ក្រុមហ៊ុន ត្រូវធ្វើ​យ៉ាងណា​រួមសហការ​គ្នា​ជំរុញ​ព​ន្លឿ​ន​ការ ដោះស្រាយ​នូវ​សំណើ​របស់​ប្រជាពលរដ្ឋ​ទាំង​ចំនួន ១៣​គ្រួសារ​នេះ ឲ្យ​បាន បញ្ចប់​លឿន​រហ័ស​ដោយ​មិនត្រូវ​ទុកឱ្យ​ប្រជាពលរដ្ឋ​រងចាំ ពីមួយ​ខែ​ទៅ​មួយខែ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​ឡើយ​។ ព្រោះ​ប្រជាពលរដ្ឋ​ត្រូវការ​ដី ដើម្បី​ធ្វើការ​អភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគាត់ ដូច្នេះ​សូមឱ្យ​មន្ត្រី​និង​អាជ្ញាធរ មូលដ្ឋាន​រួម​និង​តំណាង​ក្រុមហ៊ុន ត្រូវធ្វើ​យ៉ាងណា រួមសហការ​គ្នា​ជំរុញ ព​ន្លឿ​ន​ការដោះស្រាយ នូវ​បញ្ហា​ការងារ​នេះ​រួមគ្នា​អោយបាន​បញ្ចប់​ឆាប់រហ័ស ដោយ​ឈរលើ​ស្មារតី ឆន្ទៈ​ទទួលខុសត្រូវ​ខ្ពស់​និង​ប្រកបដោយ​តម្លាភាព ផ្នែក​ទៅតាម​នីតិវិធី​ច្បាប់​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​