នៅសាលាខេត្តកំពតកាលពីរសៀលថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី២០ ដោយមានវត្តមានសមាជិកចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវលោក-លោកស្រី ជាអភិបាលរងខេត្ត មេបញ្ជាការកងឯកភាពឈរជើងក្នុងភូមិសាស្ត្រខេត្ត អភិបាលក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត និងចំណុះសាលាខេត្តកំពតសរុបចំនួន ៧៩នាក់។
ក្នុងកិច្ចប្រជុំ បានផ្ដោតលើរបៀបវារៈសំខាន់ៗ រួមមាន
-ពិនិត្យពិភាក្សាលើសេចក្ដីព្រាងរកំណត់ហេតុគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លើកទី១៩ ខែតុលាឆ្នាំ ២០១៩។
-ពិនិត្យពិភាក្សា លើសេចក្ដីព្រាងរបាយការណ៍គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប្រចាំខែវិច្ឆិកាឆ្នាំ២០១៩។
-សេចក្ដីរាយការណ៍ អំពីលទ្ធផលនៃវឌ្ឍនភាព រួមនិងបញ្ហាប្រឈមនានារបស់អភិបាលក្រុងស្រុកនិងការចូលរួមមតិរបស់សមាជិក សមាជិកាអង្គប្រជុំ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បានសម្ដែងការ លើកទឹកចិត្តដល់បណ្ដាគ្រប់មន្ទីរ អង្គភាព អាជ្ញាធរដែនដី សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងដំណើរកិច្ចវិវឌ្ឍន៍ខេត្តក៏ដូចការបំរើសេវាជូនប្រជាពលរដ្ឋបានយ៉ាងសកម្ម។ឯកឧត្តមអភិបាលខេត្តបានធ្វើការកត់សំគាល់ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃលទ្ធផលការងារអនុវត្តរបស់រដ្ឋបាលខេត្តកំពត ទាំងការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ រួមនឹងការងារដឹកនាំគ្រប់គ្រងលើជំនាញផ្សេងៗ មានលក្ខណៈល្អប្រសើរ នៅក្នុងភូមិសាស្ត្រខេត្តកំពត។
ពិសេសសកម្មភាពការងារចូលរួមអនុវត្ត ពីសំណាក់បណ្ដាជំនាញពាក់ព័ន្ធនិងអាជ្ញាធរក្រុង ស្រុកក្នុង ខេត្តនៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី៨ជុំទី២ ដែលរដ្ឋបាលខេត្តកំពតទទួលធ្វើជាម្ចាស់ផ្ទះនៅក្នុងខែធ្នូឆ្នាំ២០១៩នេះទទួលបានលទ្ធផលល្អប្រសើរប្រកបដោយភាពរលូននឹងទទួលបានជោគជ័យ ក្នុងនោះមានការចូលរួមកំសាន្តសប្បាយ ពីភ្ញៀវទេសចរជាតិ-អន្តរជាតិមានប្រមាណ៩០ ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃនៃពិធីបុណ្យសមុទ្រនេះ។
ឯកឧត្តមអភិបាលខេត្តក៏បានលើកបញ្ជាក់ទៀតថា ដោយផ្ដើមចេញតាមរយៈនៃលទ្ធផលការងារទាំងនេះគឺជាមូលដ្ឋានគ្រឹះ ក្នុងការផ្ដល់ភាពកក់ក្ដៅ និងជំនឿទុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋនៅទូទាំងប្រទេស និយាយជារួម និងនិយាយដោយឡែកសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពត មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោហ៊ុន សែនជាប្រមុខដឹកនាំដ៏ឆ្នើម ក្នុងការធ្វើឱ្យសេដ្ឋកិច្ចប្រទេសជាតិនិងជីវភាពប្រជាពលរដ្ឋកាន់តែរីកចំរើនប្រសើរទ្បើង។
ជាមួយនឹងឱកាសដែលកិច្ចប្រជុំបានលើកឡើង ពីបញ្ហាប្រឈមនានាដែលមន្ទីរអង្គភាពជំនាញនិងអាជ្ញាធរដែនដីសមត្ថកិច្ចពាក់ព័ន្ធ បានអនុវត្តជួបប្រទះកន្លងមក។ ឯកឧត្តម ជាវ តាយ អភិបាលខេត្តក៏បានក្រើនរំលឹកផ្ដាំផ្ញើឲ្យមានការខិតខំយកចិត្តទុកដាក់ ដោះស្រាយ នឹងអនុវត្តអោយបានប្រសើរទាំងអស់គ្នាថែនទៀត ដោយរួមសហការគ្នា អនុវត្តនូវកម្លាំងសរុបវិធានការសរុប មធ្យោបាយសរុប ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋក៏ដូចជាការ គ្រប់គ្រងនិងដោះស្រាយសភាពការណ៍ក្នុងខេត្ត ពិសេសជំរុញ ពង្រឹងសកម្មភាព ក្នុងការចូលរួមទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន ដោយបន្តយកចិត្តទុកដាក់ត្រួតពិនិត្យ និងប្រមូលទិន្នន័យ លើសកម្មភាពអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ទាំងអង្គភាព និងបុគ្គលត្រៀមលក្ខណៈ ក្នុងការវាយតម្លៃលទ្ធផលប្រឡងប្រណាំងតាមលក្ខខណ្ឌវិនិច្ឆ័យរបស់ក្រសួងមហាផ្ទៃ៕
អត្ថបទៈ លោក សាយ យាវ