ឯកឧត្តម ជាវ តា​យ ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​ដល់​ខ្នង​ផ្ទះ

គ្រោះធម្មជាតិ​ដោយ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩​នេះ បានធ្វើ​ឲ្យ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​យ៉ាង​ហើ​ច ២៣២​ខ្នង នៅ​ស្រុក​អង្គរជ័យ និង​ស្រុក​ឈូក រង​ការខូចខាត។ ក្នុងនោះ​រលំ​ទាំងស្រុង​ចំនួន​៨​ខ្នង, ផ្ទះ​ធ្លាក់​ពីលើ​ជើង​តាង​​​ចំនួន​១៨​ខ្នង , និង​របើក​ដំបូលផ្ទះ ចំនួន​២០៦​ខ្នង​។ ក្នុង​ហេតុការណ៍​នោះដែរ​បង្ក​ឲ្យ​មាន​របួសស្នាម​ដល់​ពលរដ្ឋ​ប្រាំ​រូប បី​រូប​នៅ​សម្រាក​មន្ទីរពេទ្យ​បង្កែក​ស្រុក​អង្គរជ័យ​នៅឡើយ​។

​ដោយ​ការយកចិត្តទុកដាក់​ខ្ពស់​អំពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​ស្របតាម​គោលការណ៍​របស់​កាកបាទ​ក្រហម​កម្ពុជា​ផង​នោះ “​ទីណា​ពលរដ្ឋ​រង​ទុក្ខ​ទីនោះ​មាន​កាកបាទក្រហម​” ក្រោយពី​បានដឹង​ដំណឹង​គួរ​ឲ្យ​សោកស្តាយ​នេះ​ច្បាស់​លាស់​​ភ្លាម នៅ​ព្រឹក​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៩ ​ឯកឧត្តម ជាវ តា​យ អភិបាល​ខេត្តកំពត និង​ជា​ប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពត បាន​ដឹកនាំ​សមាជិក សមាជិកា គណៈកម្មាធិការ​សាខា ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន​រា​នី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​សារ​ខ្យល់​កន្ត្រាក់​ដល់​ខ្នង​ផ្ទះ ។

​នៅក្នុង​ចំណោម​គ្រួសារ​រង់​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ២៣២​គ្រួសារ​ស្មើ ២៣២​ខ្នង​ផ្ទះ នៅ​ស្រុក​អង្គរជ័យ និង ស្រុក​ឈូក ឯកឧត្តម ជាវ តា​យ បាន​ឧបត្ថម្ភ​ថវិកា​សរុប​ចំនួន ៣៧.៦០០.០០០​រៀល ទៅតាម​កម្រិត​នៃ​ការ​ខូច​ខាត់​ផ្សេងៗ​គ្នា​(​រលំ​ទាំងស្រុង​,​ផ្ទះ​ធ្លាក់​ពីលើ​ជើងតាង​,​និង​របើក​ដំបូល​)​។

ដោយឡែក​ប្រជាពលរដ្ឋ​រងរបួស​ដោ​យ​សារ​ខ្យល់​កន្ត្រាក់​ចំនួន​៣​នាក់ ដែល​កំពុងស្នាក់នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អង្គរជ័យ ឯកឧត្តម បាន​ឧបត្ថម្ភ​ថវិកា​សរុប​ចំនួន ១.៧៥០.០០០​រៀល ក្រៅពីនេះ​ក៏បាន​ឧបត្ថម្ភ​ថវិកា ដល់​យុវជន​កាក​បាទ​ក្រហម​​ចំនួន​១៦​នាក់ , កងកម្លាំង​ប្រជា​ការពារ​ចំនួន ៣២​នាក់ , និង​ក្រុមប្រឹក្សាឃុំ​ចំនួន​៦​នា​ក់ស សរុប​ថវិកា​ចំនួន ១,០៨០,០០០​រៀល ដល់​យុវជន​កាកបាទក្រហម​ចំនួន​១៦​នាក់ , កងកម្លាំង​ប្រជា​ការពារ​ចំនួន ៣២​នាក់ , និង​ដល់​ក្រុម​ប្រឹក្សា​ឃុំ​ចំនួន​៦​នាក់​។​

​នៅក្នុង​ដំណើរ​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ជូន​ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​នោះ ឯកឧត្តម​ ជាវ តា​យ បាន​សំដែង​នូវ​ការសោកស្តាយចំពោះ​ការ​ខាត់​បង់​ផ្ទះសំបែង និង​ការ​រង់​របួស និង​បាន​បញ្ជាក់ថា​៖ ការនាំ​អំណោយ​យកមក​ចែកជូន​បងប្អូន​ប្រជាពលរដ្ឋ​នៅពេលនេះ​គឺ​បាន​ស្ដែង​អោយឃើញ​អំពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក៏​ដូច​ថ្នាក់ដឹកនាំ​របស់​ខេត្ត ដែល​តែងតែបាន​ខិតខំ​កៀរគរ​ជំនួយ ផ្សេងៗ​ទាំង​ស្មារតី សម្ភារៈ ថវិកា ពី​សប្បុ​រស​ជនជាតិ អន្តរជាតិ​នានា​ដើម្បី ជួយ​សម្រួល​ដោះស្រាយ​ការលំបាក​ខ្វះខាត​របស់​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ស្របទៅនឹង​អា​នុ​សាសន៍​ផ្ដាំផ្ញើ​របស់​សម្ដេច​តេ​ជោ ​ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល និង​សម្ដេច គតិបណ្ឌិត​ ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា​ថា មិនត្រូវ​ទុកចោល​ប្រជាពលរដ្ឋ​រងគ្រោះ​ណា​ម្នាក់ រស់នៅ​ដោយ​គ្មាន​អាជ្ញាធរ​បាន​ជួយ​ដោះស្រាយ​ឡើយ ។

​ឯកឧត្ដម ជាវ តា​យ អភិបាលខេត្ត ក៏​បញ្ជាក់ដែរថា​៖ បើទោះបី អំណោយ​ពេលនេះ​មិនបាន​ឆ្លើយតប​តម្រូវការ​នៃ​ទំហំ​ខ្វះខាត​របស់​បងប្អូន តែ​ក៏​អាចជួយ​ដោះស្រាយ​សំរាល​ការលំបាក​របស់​បងប្អូន​បាន​មួយរយៈ​ផងដែរ​។ ​ឯកឧត្តម ជាវ តា​យ បាន​ផ្តាំផ្ញើ​ដល់​ពលរដ្ឋ​រងគ្រោះ សូមកុំ​អស់សង្ឃឹម ប្រឹងប្រែង​ធ្វើការ ប្រកប​ដំណាំ​ដាំ​ដុះ​បន្ថែមទៀត និង​ពិសេស​ត្រូវ​ថែទាំ​សុខភាព និង​រក្សា​អនាម័យ ផឹក​ស្អាត ហូប​ស្អាត រស់នៅ​ស្អាត​៕
​អត្ថ​ប​ទៈ លោក​សាយ​យាវ​