ឯកឧត្តម ជាវ តា​យ ណែនាំ​អោយ​អនុគណៈកម្មការ​រៀបចំ​បុណ្យ​សមុទ្រ​ជំរុញ​យកចិត្តទុកដាក់​គម្រោង​ផែនការ​សកម្មភាព​ការងារ អោយបាន​ឆាប់​ព្រោះ​ពេលវេលា​កាន់តែ​ខ្លី​

​មានប្រសាសន៍ នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​រៀបចំ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៨​ជុំ​ទី​២​ដែល​ខេត្តកំពត ត្រូវធ្វើ​ម្ចាស់ផ្ទះ​សម្រាប់​នៅ​ឆ្នាំ ២០១៩ នេះ​។ នា​សាលប្រជុំ​សាលាខេត្ត​កាលពី​រសៀល​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៩ ឯកឧត្ដម ​ជាវ តា​យ​ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​ក្រើនរំលឹក​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព និង​អាជ្ញាធរ ក្រុង ស្រុក ពាក់ព័ន្ធ នៃ​គណៈកម្មការ​និង​អនុគណៈកម្មការ​ទាំង​៦ ដោយ​លើក​បញ្ជាក់ថា ពី​ធី​បុណ្យ សមុទ្រ ដែល​ខេត្តកំពត ត្រូវ​ទទួល​រៀបចំ​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង ឆ្នាំ​២០១៩​នេះ គឺ មាន​ពេលវេលា​កាន់តែ​កៀក​កិត​មកដល់​ហើយ​។

ដូច្នេះ ដើម្បីអោយ​ការងារ​របស់​អនុគណៈកម្មការ​នីមួយៗ ទទួលបាន​លទ្ធផល​ផ្លែផ្កា ពិសេស​គ្រប់ មន្ទីរ អង្គភាព ឬ​អាជ្ញាធរ​ក្រុង ស្រុក ពាក់ព័ន្ធ ត្រូវតែ​ជំរុញ​យកចិត្តទុកដាក់​លើក​គម្រោង​ផែនការ​សកម្មភាព​ការងារ អោយបាន​ឆាប់​ព្រោះ​ពេលវេលា​កាន់តែ​ខ្លី​។ ឯកឧត្ដមអភិបាលខេត្តបន្ត​លើកបញ្ជាក់ថា ដើម្បីអោយ​មាន​ភាពជា​ម្ចាស់ការ​ក្នុង​ស្មារតី​ទទួលខុស​ខ្ពស់​ក្នុងតួនាទី​ភារកិច្ច​ចាត់តាំង​នៅក្នុង​យន្តការ​ នៃ​អនុគណៈកម្មការ​នីមួយៗ ក៏​សូមអោយ​អនុ គណៈកម្មការ​នី​មួយៗ​ត្រូវតែ រស់រាន់​ប្រញាប់​លើក​គម្រោង​ផែនការ​ជា​របាយការណ៍​អោយបាន​ជាក់លាក់​ដើម្បី​ដាក់ជូន​ឯកឧត្តម​ពិនិត្យ​សម្រេច​និង​ដាក់​ពិនិត្យ​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ថ្នាក់​ខេត្ត​លើក​ទី​៣​នៅក្នុង​ខែតុលា ក៏ដូចជា​សម្រាប់​រាយការណ៍ ជូន​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង​ពិនិត្យ និង​សម្រេច​នៅពេល​ខាងមុខនេះ​ផងដែរ​។

ក្នុងឱកាស​នោះដែរ​ពាក់ព័ន្ធ​សោភ័ណភាព អានា​ម័​យ​បរិស្ថានក្នុង​ក្រុង​កំពត ឯកឧត្ដម​អភិបាលខេត្ត​ក៏បាន​លើក​បញ្ជាក់ដែរថា មកដល់​ពេល​ដោយ​តាម​ការពិនិត្យ​សកម្មភាព​នៃ​ការអនុវត្ត​នៅក្នុង​ក្រុង​កំពត តាម​ការសង្កេត​ឃើញ​នៅ​មិន​ទាន់​មាន​លក្ខណៈ​ល្អប្រសើរ​នៅឡើយ​ទេ គឺ​ការអនុវត្ត​នៅមាន​ភាពយឺតយ៉ាវ​។ ដូច្នេះ ក៏​សូមអោយ​គ្រប់ មន្ទីរ អង្គភាព ត្រូវតែ​ចូលរួម​អនុវត្ត​អោយបាន​ព្រមៗ​គ្នា​សស្រាក់សស្រាំ​ពី​ពេលនេះ​តទៅ​ពិសេស​រដ្ឋបាល​ក្រុងកំពត ត្រូវតែ​យក​ចិត្តទុកដាក់​ទាំង​សកម្មភាព​ជាក់ស្ដែង​និង​ការ​បំផុស​ដល់​ស្មារតី​ប្រជាពលរដ្ឋ​អោយមាន​ការចូល​រួមទាំង​អស់​គ្នា បើ​ពុំ​ដូច្នេះ​ទេ គឺ​យើង​មិនអាច​អនុវត្តបាន​ទាន់ពេលវេលា​នៃ​ព្រឹ​ត្ត​ការណ៍​បុណ្យ​សមុទ្រ​ឈានចូល​មកដល់​ចុងឆ្នាំ​២០១៩ ខាង​មុខ​នេះ​ទេ​។

ឯកឧត្ដម ជាវ តា​យ អភិបាលខេត្ត​ក៏បាន​ទទូច​សំណូមពរ​ថែមទៀត ដល់​គ្រប់​អនុគណៈកម្មការ​ទាំងអស់​គឺ​ចាប់ពីពេលនេះ​តទៅ​ត្រូវតែ​ខិតខំ​ជំរុញ​យកចិត្ត ទុកដាក់​ជាការ​ចាំបាច់​ដែល​រដ្ឋបាលខេត្ត​បានប្រគល់​ជូន​នូវ​តួនាទី​ភារកិច្ច​នីមួយៗ​របស់ខ្លួន​ទើប​ការងារ​បានសម្រេច​ដោយ​មិនមាន​ការព្រួយបារម្ភ​នៅពេល​កៀក​កិត​មកដល់​។ ចំពោះ​ពាក់ព័ន្ធ​ការការពារ​សន្តិសុខសុវត្ថិភាព សណ្ដាប់ធ្នាប់ ក្នុង​ពិធីបុណ្យនេះដែរ ​រឹតតែ​ជា​ការងារ​ចាំបាច់​ត្រូវធ្វើ​យ៉ាង​ដាក់​គោលដៅ​សំខាន់ៗ​អោយបាន​ល្អ ដោយ​ព្រឹត្តិការណ៍​ដ៏​មាន​សំខាន់​នៅ​ខេត្តកំពត​បាន​ធ្វើជា​ម្ចាស់ផ្ទះ​ឆ្នាំ​ន​ធ គឺ​ធ្វើយ៉ាងណា​អោយ​ការប្រព្រឹត្តទៅ​នៃ​ពិធីបុណ្យ​សមុទ្រ​មួយ​នេះ​រក្សាបាន​នូវ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ ប្រកបដោយ​ភាពរលូន​និង​ទទួលបាន​លទ្ធផល​ជោគជ័យ ​សំដៅ​អោយមាន​ភាព​កាន់តែ​ល្អ​និង​ការគាំទ្រ​ចាប់អារម្មណ៍​ទាក់ទាញ​កាន់តែ​ប្រសើរឡើង​ជាង​បណ្តា​ខេត្ត​ផ្សេងទៀត​ឬ​ឆ្នាំ​កន្លងទៅ​ពី​សំណាក់​ប្រជាពលរដ្ឋ​ក៏​ដូច​ប្រិយ៍មិត្ត​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ​ដែល​បានមក​ចូល​រួម​កម្សាន្ត ស្របតាម​គម្រោង​ផែនការ​របស់​ថ្នាក់ជាតិ​។

-​សូមបញ្ជាក់ថា​៖ ពិធីបុណ្យ​សមុទ្រលើក​ទី​៨​ ជុំ​ទី​២ ដែល​ខេត្តកំពត ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះរៀបចំ​ពិធី​ឆ្នាំ​២០១៩​នេះ គឺត្រូវបាន​រាជរដ្ឋាភិបាល​សម្រេច​អនុញ្ញាតអោយ​ធ្វើឡើង នៅ​ថ្ងៃទី​២០-២១-២២​ខែធ្នូ ២០១៩ ។
​ហើយ កិច្ចប្រជុំ​នាឱកាស​នេះដែរ ក៏បាន​ផ្ដោតលើ​ការចូលរួម​មតិយោបល់​ពិនិត្យ​និង​ពិភាក្សា​គម្រោង​ផែនការ​លំអិត​របស់​អនុគណៈកម្មការ​ទាំង​៦​គឺ​៖

១-​អនុគណៈកម្មការ​ពិ ព័រ​ណ៍ សិល្បៈ និង​សកម្មភាព​កីឡា​ផ្សេងៗ​។
២-​អនុគណៈកម្មការ​រៀប​ចំ​មហោស្រព ម្ហូបអាហារ ភេសជ្ជៈ និង​អនាម័យ​បរិស្ថាន​។
៣-​អនុគណៈកម្មការ​រៀប​ចំ​ទីតាំង​ប្រារព្ធ​ពិធី​និង​ហេ​ដ្ឋា​រេច​នា​សម្ព័ន្ធ​។
៤- អនុគណៈកម្មការ​សន្តិ​សុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ សាធារណៈ និង​សង្គ្រោះ បន្ទាន់ ។
៥- អនុគណៈកម្មការ​ខ្លឹមសារ​ពិធី ការ​និង​កិច្ច ប្រជុំ ពាក់ព័ន្ធ នានា​។
៦- អនុគណៈកម្មការ​ផ្គត់ផ្គង់​។
​ក្នុងនោះអនុគណៈកម្មការ​ទាំង​៦​​ បាន​រាយការណ៍​លំអិត​ពី​គម្រោង​ផែនការ​ដែល​ត្រៀម​ក្នុង​ដំណើរការ​នៃ​ការប្រព្រឹត្ត​ក្នុង ពិធីបុណ្យ​សមុទ្រនៅ​ខេត្តកំពតខាងមុខនេះ ​ក្នុង​គោលដៅ​រួមគ្នា​ដើម្បី​ធ្វើអោយ​ការប្រព្រឹត្តទៅ​មាន​ភាពរលូន ​និង​ទទួល​លទ្ធផល​ជោគជ័យ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​