បុណ្យ “​រុក្ខទិវា ” ជាការ​ឆ្លុះបញ្ចាំង​អោយឃើញ​ជាក់ស្ដែង​នូវ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ​ហ៊ុន សែន

ឯកឧត្ដម ជាវ តា​យ អភិបាល នៃ​គណៈ​អភិបាល​ខេត្តកំពត​បញ្ជា​ក់ថា បុណ្យ “​រុក្ខទិវា ” គឺជា​ការឆ្លុះបញ្ចាំង​អោយឃើញ​ជាក់ស្ដែង​នូវ​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​នឹង​កំពុង តែ​ខិតខំ អនុវត្ត យ៉ាងសកម្ម នូវ​គោលនយោបាយ​ដាំ​ព្រៃឈើ​ឡើងវិញ ក្នុង​ក្របខ័ណ្ឌ ទូទាំងប្រទេស ។


​ការ​ថ្លែង​ដូចនេះ​នៅក្នុង​ពិធី​អបអរ​បុណ្យ «​រុក្ខទិវា​» ៩​កក្កដា ឆ្នាំ​២០១៩ ដែល​រដ្ឋបាល​ខេត្តកំពត​រៀបចំឡើង​នៅក្នុង​ពហុ​កីឡដ្ឋាន​ខេត្ត​នា​ព្រឹក ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៩ និង​មានការ​ចូលរួម​ពី​ឯ​ឧ​ត្ត​ម​ ជឹ​ង ផល្លា ប្រធាន​ក្រុម ប្រឹក្សា​ខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ មន្ដ្រី រាជការ កងកម្លាំង ប្រដាប់អាវុធ ប្រជាពលរដ្ឋ និង​សិស្ស និស្សិត យ៉ាងច្រើន​កុះករ ។​


ឯកឧត្ដម ជាវ តា​យ អភិបាលខេត្ត បាន​បន្ត​មានប្រសាសន៍​ទៀតថាៈ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ តែង​បាន​យកចិត្តទុកដាក់​អនុវត្ត​យ៉ាងសកម្ម​លើ​វិស័យ​ព្រៃឈើ ដោយ​ផ្សារភ្ជាប់​ការងារ​ដាំ​ឈើ​និង​ការថែរក្សា​ការពារ អភិរក្ស​ធនធានធម្មជាតិ​ដែលជា​ទ្រព្យសម្បត្តិ​ព្រៃឈើ​របស់​ជាតិ​និង​ការប្រើប្រាស់​ព្រៃឈើ​ប្រកបដោយ​វិចារណញ្ញាណ​។

ទន្ទឹមនឹងនោះ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បានដាក់​ចេញ​នូវ​កម្មវិធី​នយោបាយ​ព្រៃឈើ​ជាតិ ដោយបាន​អនុវត្ត​កំណែទម្រង់​វិស័យ​ព្រៃឈើ និង​បានកំណត់​យក​បញ្ហា​ព្រៃឈើ​ជា​អាទិភាព​ដើម្បី​ស្ដារ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយបាន​កាន់តែ​រីកចម្រើន​។ ឯកឧត្ដម ជាវ តា​យ ក៏បាន​ចាត់ទុក​ព្រឹត្តិការណ៍បុណ្យ​រុក្ខទិវា ៩​កក្កដា​ពេលនេះ គឺជា​ការ​បំផុសស្មារតី​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ដោយឡែក​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពត អោយ​ភ្ញាក់​រលឹក និង​ចូលរួម​ក្នុង​កិច្ចការពារ និង​បង្កើន​ព្រៃឈើ​ដ៏​មានតម្លៃ​របស់ខ្លួន​ដែល​ពីនេះ​តទៅ​ត្រូវ​កំណត់ដោយ​ទស្សនៈ​ថ្មី​និង​ការទទួលខុសត្រូវ​លើ​ជោគវាសនា​អនាគត​របស់​ប្រទេសជាតិ​សម្រាប់​យើង​ជំនាន់​នេះ​ក៏ដូចជា​កូនចៅ​របស់​យើង​ជំនាន់​​ក្រោយៗ​ទៀត​។


​ឯកឧត្តម​អភិបាលខេត្ត​បាន​អំពាវនាវ​ស្នើ​ដល់ ប្រជាពលរដ្ឋ មន្ត្រីរាជការ​កងកម្លាំង​ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ត្រូវ​ចូលរួម​ជួយ​ដាំ​ដុះ​ឈើ​គ្រប់​ទីកន្លែង​តាម​ដែល​អាចធ្វើ​ទៅបាន ជាពិសេស​នៅតាម សាលារៀន ទាំងអស់​នៅក្នុង​ខេត្ត​ដើម្បី​ចូលរួម​ប្រលងប្រណាំង ក្នុង​កម្មវិធី​ប្រទេស​អាស៊ាន​ស្តីពី​សាលារៀន​ស្អាត និង​បរិស្ថាន​ល្អ​។

ក្នុងឱកាស​នោះ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពត លោក ចាន់ រិ​ទ្ធិ ក៏បាន​ឲ្យ​ដឹងថា រុក្ខទិវា​ឆ្នាំ​២០១៩ នេះ សម្រាប់​ខេត្តកំពត​បាន​ដាំ​ប្រភេទ​ឈើ​ផ្សេងៗ​រួមមាន​ដើមឈើ​ឆ័​ត្រ​ទេស ដើមឈើ​ធ្នង់ និង​កូនឈើ គ្រញូង នាងនួន ធ្នង់ គគីរ ឈើទាល​និង​ដើម រំដួល នៅតាម​ដងផ្លូវ​នានា​ក្នុង​ក្រុង​កំពត​សរុប​ចំនួន​៦១០​ដើម​ក្នុង​គោលបំណង​បង្កើន នូវ​សោភ័ណភាព​ក្នុង​ក្រុង​អោយ​មើលទៅ​ល្អ​ស្អាត គឺ “​ផ្លូវ​១​ខ្សែ ដាំ​ដើមឈើ ឬ​ដើម​ផ្កា​តែមួយ​ប្រភេទ ឬមួយ​មុខ​”​។ ចំណែក​កូនឈើ​ប្រណិត​មួយចំនួនទៀត ចែកចាយ​ជូន​អង្គភាព​រដ្ឋ សាលារៀន វត្ត​អារាម​និង ប្រជាពលរដ្ឋ​សរុប​ចំនួន​៤០០​ដើម ដែលមានៈ កូន​គគីរ ឈើទាល គ្រញូង ធ្នង់ នាងនួន សរុប​ទាំងអស់​មាន កូនឈើ​ចំនួន ១០១០​ដើម​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​