ធុង​ចំរោះ​ទឹកស្អាត​ចំនួន​១៥០​ត្រូវបាន​នាំយកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ត្រពាំង​សង្កែ​ស្រុក​ទឹកឈូ​ខេត្តកំពត​

ធុង​ចំរោះ​ទឹកស្អាត​ចំនួន​១៥០​ធុង​ដែលជា​ជំនួយ​របស់​សប្បុរសជន​ពី​ប្រទេស​សាំង​ហ្គា​ពួរ ផ្ដល់​តាមរយៈ​សមាគម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​ខេត្តកំពត។ នៅ​ព្រឹក​ថ្ងៃទី​២៩ ​ខែធ្នូ​ ឆ្នាំ២០១៩​ ធុង​ចម្រោះ​ទឹកស្អាត​ទាំងនេះ​ត្រូវបាន​នាំយកទៅ​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​១៥០​គ្រួសារ​ក្នុង​ឃុំ​ត្រពាំង​សង្កែ​ស្រុក​ទឹកឈូ​ខេត្តកំពត​។

ពិធី​នេះ មាន​វត្តមាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម ​ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត លោកជំទាវ យ៉យ នី​តា អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី ឯកឧត្តម​ ភូ លិ អភិបាលរង​ខេត្ត​តំណាង​ឯកឧត្តម ​ជាវ តា​យ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត រួម​និង​ថ្នាក់ដឹកនាំ មន្ត្រី​អាជ្ញាធរ​ដែនដី​ផងដែរ​។​ ក្នុងឱកាស​នោះ​ឯកឧត្តម ភូ លិ អភិបាលរង​ខេត្ត បាន​ថ្លែងអំណរគុណ​កោតសរសើរ ចំពោះ​កាយវិការ​សប្បុរសធម៌​ដ៏​ប្រពៃ​របស់​ម្ចាស់ជំនួយ​រួម​នឹង​សមាគម​សម្ព័ន្ធ​យុវជន​មូស្លីម​កម្ពុជា​ខេត្តកំពត ដែល​បាន​សហការគ្នា​នាំយក​នូវ​ធុង​ចម្រោះ​ទឹកស្អាត​មក​ចែកជូន​ប្រជាពលរដ្ឋ​នាពេលនេះ ដោយបាន​ចាត់ទុក​សក​ម្ម​ភាព​ទាំងនេះ​គឺជា​ការរួមចំណែក​ជាមួយ​រដ្ឋាភិបាល​ក៏ដូចជា​អាជ្ញាធរខេត្ត ដែល​តែងតែ​យកចិត្តទុកដាក់​នូវ​សុខមាលភាព​និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ។​

លោកជំទាវ យ៉យ នី​តា អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី និង​ឯកឧត្តម​ ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត ក៏បាន​មានមតិ​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ក្នុងឱកាស​នោះដែរ ដោយបាន​លើកឡើង​បញ្ជាក់ថា បច្ចុប្បន្ន​ប្រទេសជាតិ​យើង​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ម្លប់​នៃ​សុខសន្តិភាព​ពេញលេញ​លើផ្ទៃ​ប្រទេស ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្ដេច​តេ​ជោ ​ហ៊ុន សែន ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​។ ដោយ​ផ្ដើមចេញពី​សមិទ្ធ​ផល​​នៃ​​សុខសន្តិភាព​នេះហើយ ដែលជា​មូលដ្ឋានគ្រឹះ​ក្នុង​ដំណើរ​កិច្ចអភិវឌ្ឍន៍​ប្រទេសជាតិ​ហើយ​ក្នុងនោះ​រាជរដ្ឋាភិបាល​បានដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ជា​អាទិភាព​សំខាន់ៗ​ក្នុងចំណោម​យុទ្ធសាស្ត្រ​អាទិភាព​ផ្សេងៗ ក្នុងនោះ មាន​ពាក់ព័ន្ធ​លើ​វិស័យ​អនាម័យ​និង​សុខមាលភាព​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ជនបទ​ផងដែរ ដែល​ត្រូវបាន​រាជរដ្ឋាភិបាល ផ្ដោត​ការយកចិត្តទុកដាក់​ជាសំខាន់​។

លោកជំទាវ​ យ៉យ នី​តា និង​ឯកឧត្តម ​ម៉ាត់ សេត ​ក៏បាន​ចាត់ទុក​ការ​នាំនូវ​សម្ភារៈ​ធុង​ចំរោះ​ទឹកស្អាត​ដែលជា​ជំនួយ​ឧបត្ថម្ភ​របស់​សប្បុរស​ជន​នៃ​ប្រទេស​សាំង​ហ្គា​ពួរ នាពេលនេះ​គឺជា​កាយវិការ​ប្រពៃ​ក្នុង​កិច្ចការ​សង្គម​ដើម្បី​រួមចំណែក​ជា​មួយ​​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្ដេច​តេ​ជោ​ហ៊ុនសែន​ជា​ប្រមុខ​ដឹកនាំ តែងតែបាន​យកចិត្តទុកដាក់​ខ្ពស់​នូវ​សុខភាព​អនាម័យ​ជនបទ នៅក្នុង​គោលដៅ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​សុខុមាលភាព​និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រ​ជា​ពល​រដ្ឋ​ក្នុង​មូលដ្ឋាន​។​

សូមបញ្ជាក់ថា ការចែក​អំណោយ​ធុង​ចំរោះ​ទឹកស្អាត​ដែលជា​អំណោយ​សប្បុរសធម៌​រប​ស់​ប្រទេស​សាំង​ហ្គា​ពួរ​នាពេលនេះ​គឺជា​លើក​ទី​៨ហើយ ដែលមាន​ធុង​សារុប​ចំនួន​ ១២០០​ធុង មានតម្លៃ​ស្មើនឹង​ ៣៦.០០០​ដុល្លារ បាន​ចែកជូន​ប្រ​ជា​ពល​រដ្ឋ​សរុប​ចំនួន​ ១២០០​គ្រួសារ ​ក្នុង​ឃុំ​មួយចំនួន​នៃ​ស្រុក​ទឹកឈូ​ខេត្តកំពត​និង​ឃុំ​មួយចំនួនទៀត​ក្នុង​ខេត្ត​កែប​ផងដែរ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​