រដ្ឋបាល​ខេត្តកំពត​បា​ន​ចាប់​ផ្ដើមកសាង​ខ្លោងទ្វារ​ថ្មី​នៅ​ពហុ​កីឡដ្ឋាន​ខេត្តហើយ​

ខ្លោងទ្វារ​ថ្មី​ពហុ​កីឡដ្ឋាន​ខេត្ត​ដែលជា​គម្រោង​របស់​រដ្ឋ​បាល​ខេត្តកំពត​ត្រូវបាន​ចាប់ផ្ដើម​កសាងឡើង​ហើយ កាលពី​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩ ក្រោម​វត្តមាន​ចូលរួម​ពី​ឯកឧត្តម ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​និង​ឯកឧត្ដម ជឹ​ង ផល្លា​ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​តាមបែប​ប្រពៃណី​ព្រះពុទ្ធសាសនា ដោយ​មានការ​និមន្ត​ព្រះសង្ឃ​និង​មានការ​ចូលរួម​ផងដែរ​ពី​ថ្នាក់ដឹកនាំ​ខេត្ត​និង​មន្ទីរ អង្គភាព មន្ដ្រីរាជការ​ជុំវិញ​ខេត្ត សិស្ស​និស្សិត​និង​ប្រជាពលរដ្ឋ​លោកយាយ លោកតា ប្រកប​ដោយ​​ក្ដី​អំណរ​សាទរ​។​

មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ​ឯកឧត្តម ​ជាវ តា​យ អភិបាលខេត្ត​បានអោយដឹងថា​៖​តាម​គម្រោង​សាងសង់ខ្លោងទ្វារ​ថ្មី​ពហុ​កីឡដ្ឋាន​ខេត្ត​នេះ មាន​រយៈពេល​សាងសង់​យ៉ាងយូរ​៣​ខែ ជា​គម្រោង​របស់​រដ្ឋបាល​ខេត្ត​កំពត​​ដោយមាន​ក្រុម​ទទួល​ការងារ​សាងសង់​ពី​សាលា​រចនា​មានបទពិសោធន៍​ធ្លាប់​ទទួល​សាងសង់​នូវ​អាគារ​សំខាន់ៗ​របស់​រដ្ឋបាលខេត្ត​ផងដែរ​។

ឯកឧត្ដម​អភិបាលខេត្ត​បាន​បន្ត​អោយដឹងទៀតថា​៖ គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្តកំពត ​ក៏ដូចជា​នៅក្នុង​ទូទាំងប្រទេស ​គឺជា​គម្រោង​គោលដៅ​បម្រើអោយ​ប្រយោជន៍​ប្រជាពលរដ្ឋ​ក៏​ដូច​សាធារណៈជន​ទូទៅ ហើយ​ដោយឡែក​គម្រោង​​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ដែល​រដ្ឋបាល​ខេត្តកំពត​បាន​ នឹង​កំពង់​ជំរុញ​អនុវត្ត​សាងសង់​ចាប់ពីពេលនេះ​តទៅ​ក៏​ដើម្បី​រួមចំណែក​បម្រើអោយ​ដល់​នូវ​ព្រឹត្តិការណ៍​បុណ្យ​សមុទ្រ​ជុំ​ទី​២​ លើក​ទី​៨​ ចុងឆ្នាំ​២០១៩​ ដែល​ខេត្តកំពត​ធ្វើជា​ម្ចាស់​ផ្ទះ​​ក្រោម​វត្តមាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់​ខ្ពង់​សម្ដេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

ដូច្នេះឯកឧត្ដម ​ជាវ តា​យ​ អភិបាលខេត្ត​ក៏បាន​សំណូមពរ​ស្នើអោយ​អា​ជ្ញ​ធរ​មូលដ្ឋាន មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត និង​ប្រជាពលរដ្ឋ ចូលរួម​សហការ​ជាមួយ​រដ្ឋបាលខេត្ត​ដើម្បី​ជំ​រុញអោយ​ការងារ​សាសង់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នា​នា​​របស់​រដ្ឋបាលខេត្ត​សម្រេចបាន​នូវ​លទ្ធផល​ជោគជ័យ​និង​ឆាប់រហ័ស​ផងដែរ​។​ជាមួយ​ឱកាស​នោះ​ឯកឧត្តម​ជាវ តា​យ​អភិបាលខេត្ត​ក៏បាន​ជូន​ថវិកា​មួយចំនួន​ដល់​លោកយាយ លោកតា ចាស់ៗ​ផងដែរ​។​

-​សូមបញ្ជាក់ថា​៖ គម្រោង​សាងសង់​ខ្លោងទ្វារ​ថ្មី​ពហុ​កីឡដ្ឋាន​ខេត្ត​នេះ​គឺជា​ការ អនុវត្តតាម​រចនាបទ​ប្លង់​ចេញ​ដោយ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់​និង​សុរិយោដី​ខេត្តកំពត មាន​ច្រក​ផ្លូវចេញចូល​ភ្លោះ​មាន​ទំហំ​៤៨​ម៉ែត្រ កម្ពស់​១១​ម៉ែត្រ​អ្នកទទួល​ការងារ​សាងសង់​ដោយ​ក្រុមការងារ​ពីសា​លា​រចនា​នៃ​រាជធានី​ភ្នំពេញ​៕
​អត្ថ​ប​ទៈ លោក សាយ យាវ​